កីឡាជាតិ
ក្រសួងការងារ នឹងបន្តអនុវត្តទិសដៅការងារ៧ ចំណុច ដើម្បីលើកកម្ពស់វិស័យការងារ
01, May 2022 , 11:19 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តអនុវត្តទិសដៅការងារចំនួន៧ ចំណុច ដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជា និងផ្ដល់នូវលក្ខខណ្ឌការងារល្អប្រសើរ ជាមួយនឹងផលិតភាព។

  

នាពិធីអបអរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣៦  ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការប្រារឰខួបទិវានេះ គឺស្របពេលដែលសភាពការណ៍ប្រទេសជាតិ បានសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែល អាចគ្រប់គ្រងបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិឡើងវិញ  និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីផ្តល់មុខរបរនិងការងារ ប្រាក់ចំណូលជូនកម្មករនិយោជិត។ 
 
រដ្ឋមន្ត្រីក្រសួងការងារ បានបន្តទៀតថា ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបានដាក់ចេញរួចនៅទិសដៅការងារជាច្រើន ដើម្បីលើកកម្ពស់វិស័យការងារ  រួមមាន៖ ១-បន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំទាំង ១០ ចំណុចរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
 
២-បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ បន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ៣- ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។
៤-បង្កើនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទបញ្ជា ស្តីពីការអនុវត្តផែនការការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា និងវិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមនីតិវិធីច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ។
 
៥- បន្តពង្រឹងការងារចុះអធិការកិច្ចអន្តរក្រសួង ស្ថាប័នដោយធ្វើអធិការកិច្ចការងារ និងកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសជាមូលដ្ឋាន ចំនួន ១លើក/ឆ្នាំ ។
៦-បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ សំដៅឆ្លើយតបនឹងតម្រូវការភាគីវិវាទ និងដាក់ឱ្យដំណើរការសាកល្បងការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងពង្រឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាតិ ជាធរមាននិងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។
៧-បន្តប្រែក្លាយរោងចក្រ សហគ្រាស មួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព លក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ លើសពីនេះ ក្រសួងនឹងផ្តល់ជាវិញ្ញាបនបត្របញ្ជាក់ជូនរោងចក្រ សហគ្រាស ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខណវិនិច្ឆ័យ។
 
ស្របគ្នានេះ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បាន និងកំពុងបន្តផ្តល់ការគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ធ្វើឱ្យប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងខេត្តគោលដៅមានប្រសិទ្ធភាពជាងមុន និងធានាថាយុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបមានឱកាសការងារនិងប្រាក់ចំណូលសមរម្យ តាមរយៈការផ្តល់ជំនាញបច្ចេកទេស ជំនាញទន់និងជំនាញសហគ្រិនភាព។ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និងសម្ព័នជាមួយ INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com