អត្ថបទពាណិជ្ជកម្ម
សន្ទុះនៃការប្រតិបត្តិការឌីជីថល របស់ធនាគារអេស៊ីលីដា កើនដល់ប្រមាណ ៩៤ភាគរយ
02, May 2022 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ធនាគារអាស៊ីលីដា កំពុងដាក់ចេញផែនការ ជំរុញអតិថិជនរបស់ខ្លួន ឱ្យធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថល កាន់តែច្រើនបន្ថែមទៀត ខណៈកាលពីឆ្នាំ២០២១ កន្លងមកចំនួនប្រតិបត្តិការតាមប្រព័ន្ធឌីជីថលរបស់ខ្លួន កើនដល់ប្រមាណ៩៤ភាគរយ។ នេះបើតាម លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី។
 
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំនាយក-នាយិកាសាខា នៅទីរួមខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក ចាន់នី បានឱ្យដឹងថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែមានភាពពេញនិយម ដោយក្នុងនោះចំនួនប្រតិបត្តិការ តាមប្រព័ន្ធឌីជីថល បានកើនឡើងជាលំដាប់។ នៅក្នុងស្ថានភាពដ៏លំបាក កាលពីឆ្នាំ២០២០-២០២១ ដែលមានការបិទខ្ទប់ និងក្តីបារម្ភពីការឆ្លងជំងឺកូវីដ-១៩ កំណើនអតិថិជនដែលចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា បានហក់ឡើងយ៉ាងលឿន។ លោកបន្តថា ជាក់ស្តែងគិតត្រឹមខែមីនា ឆ្នាំ២០២២ ចំនួនអ្នកដែលមានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថល របស់អេស៊ីលីដា មានចំនួនជាង ២,៣លាន ក្នុងនោះចំនួនដែលប្រើប្រាស់សកម្ម គឺមានជាមធ្យមជាង ១លានប្រតិបត្តិការក្នុង១ថ្ងៃៗ។


 
លោក អ៊ិន ចាន់នី ថ្លែងថា៖«កាលពីខែមករា កន្លងមកខ្ញុំធ្លាប់និយាយថា ចំនួននៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា តាមរយៈប្រព័ន្ធឌីជីថល គឺមានប្រមាណ ៩៤ភាគរយ។ ក្នុងឆ្នាំ២០២២ នេះយើងកំពុងជំរុញចំនួននេះឱ្យកើនដល់ប្រហែល ៩៧ភាគរយនៃប្រតិបត្តិការទាំងអស់»។
 
លោក អ៊ិន ចាន់នី បញ្ជាក់បន្ថែមថា៖«ធនាគារអេស៊ីលីដា ពិតជាចង់ឱ្យអតិថិជនទាំងជាង ៣លាននាក់របស់ខ្លួនចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងអស់(ប្រើប្រាស់ App) ដែលបច្ចុប្បន្ននៅសល់ប្រមាណ ៧០ម៉ឹននាក់ទៀតប៉ុណ្ណោះមិនទាន់ប្រើប្រាស់»។
 
ប្រតិបត្តិការធ្វើ ឡើងតាមប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២១ មានចំនួនសរុប ៥,៧ លានប្រតិបត្តិការ ដែលចំនួននេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៅវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា។
 
របាយការណ៍នេះ ឱ្យដឹងទៀតថា ក្នុងចំណោមប្រតិបត្តិការ ៥,៧លានប្រតិបត្តិការនេះ មាន ១,២លាន ប្រតិបត្តិការជាប្រាក់រៀល និង ៤,៥លានប្រតិបត្តិការជាប្រាក់ដុល្លារ។
ក្នុងឆ្នាំ២០២១ ប្រតិបត្តិការតាមប្រព័ន្ធបាគង មានទំហំសាច់ប្រាក់ប្រតិបត្តិការ ជាប្រាក់រៀល ១,៧ ពាន់ពាន់លានរៀល និងប្រាក់ដុល្លារ ១,៩ ពាន់លានដុល្លារ។ 
 
បើយោងតាម លោក អ៊ិន ចាន់នី  នៅពេលដែលការធ្វើប្រតិបត្តិការ តាមប្រព័ន្ធឌីជីថលកាន់តែច្រើន ការប្រើប្រាស់ធនធានមុស្ស ក៏អាចនឹងមិនកើនឡើងទៀតផងដែរ។ 
 
ទាក់ទងនឹងប្រតិបត្តិការក្នុងឆ្នាំ២០២២ នេះ លោក អ៊ិន ចាន់នី បានប្រាប់ថា ធនាគារអេស៊ីលីដា បានបង្ហាញពីសញ្ញារីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេលជិត ៤ខែមកនេះ ឥណទានរបស់ធនាគារអេស៊ីលីដា បានកើនឡើងជិតទៅ ៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំណែកប្រាក់បញ្ញើសន្សំ ក៏កើនឡើងប្រហាក់ប្រហែលនឹងគ្នានេះដែរ៕




 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com