អត្ថបទពាណិជ្ជកម្ម
ធនាគារ ហុង លីអុង ខេមបូឌា ចុះ MoU ជាមួយសមាគមសហគ្រាសធុនតូច និងមធ្យមនៃ ប្រទេសម៉ាឡេស៊ី
02, May 2022 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី ('HLBCAM' ឬ 'Bank') បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រាសធុនតូច និងមធ្យម នៃប្រទេសម៉ាឡេស៊ី ដើម្បីជួយពន្លឿនកំណើនសហគ្រាសធុនតូច និងមធ្យម តាមរយៈការចែករំលែកចំណេះដឹង និងជំនាញ ក៏ដូចជាផ្តល់ការប្រឹក្សាយល់បល់ និងឱកាសក្នុងការបង្កើតប្រព័ន្ធអាជីវកម្ម។ MoU  មានគោលបំណង ចូលរួមចំណែក ក្នុងការទ្រទ្រង់ភាពរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា។
 
ការចុះហត្ថលេខានេះ ក៏មានគោលបំណង សម្រួលដល់អាជីវកម្ម ក្នុងការបង្កើនសក្តានុពលនៃការវិនិយោគ របស់សហគ្រាសធុនតូច និងមធ្យម រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីផងដែរ។
 
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ត្រូវបានធ្វើឡើង រវាងលោក Terrence Teoh នាយកគ្រប់គ្រង និងជាអគ្គនាយកប្រតិបត្តិនៃ ធនាគារ ហុង លីអុង ខេមបូឌា និងលោក Ding Hong Sing ប្រធានជាន់ខ្ពស់ នៃសមាគមសហគ្រាសធុនតូច និងមធ្យម នៃប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួម ជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ Eldeen Husaini ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និង លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងពិធីនេះផងដែរ។


 
ក្នុងនាមជាធនាគារ ដែលត្រូវបានទទួលស្គាល់ឲ្យកាន់តួនាទីយ៉ាងសំខាន់ ក្នុងការជួយពន្លឿនកំណើនសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា លោក Teoh បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ HLBCAM ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រឹងអាជីវកម្ម សមាជិក SME ទាំងអស់ ឲ្យកាន់តែប្រសើរឡើង បន្ទាប់ពីសេដ្ឋកិច្ចដែលទើបតែងើបឡើងវិញ ពីជំងឺរាតត្បាត ហើយនឹងជួយកសាងឡើងវិញ ឱ្យកាន់តែរឹងមាំ និង កាន់តែមាននិរន្តរភាព តាមរយៈឱកាសពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ។ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានចំនួនគណនីអាជីវកម្ម ៩៨ភាគរយ ជួយរួមចំណែកដល់ទៅ ៧៣ភាគរយ សម្រាប់ការផ្ដល់ឱកាសការងារ និង ៥៨ភាគរយ វិនិយោគលើផលិតផលក្នុងស្រុកសរុប (GDP)។
 
លោក Teoh បានមានប្រសាសន៍ថា៖ “ដោយមានសហគ្រាសធុនតូច និងមធ្យម ជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា យើងចែករំលែកនូវគោលដៅ ដូចគ្នានឹងកម្ពុជា ដើម្បីជួយជំរុញស្មារតីសហគ្រាស និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។ តាមរយៈអនុស្សរណៈនេះ ខ្ញុំជឿថាសមត្ថភាពរួមគ្នារបស់យើង និងការយល់ដឹងស៊ីជម្រៅនៃទីផ្សារទាំងពីរ ដើម្បីជួយសមាជិក SME នៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី អាចស្វែងរកឱកាស ក្នុងការបង្កើតប្រព័ន្ធអាជីវកម្មទៅវិញទៅមក។ យើងក៏អាចជួយពួកគាត់ ឱ្យភ្ជាប់ទំនាក់ទំនងអាជីវកម្មយ៉ាងមានប្រសិទ្ធភាព និងជួយដោះស្រាយទាំងផ្នែកហិរញ្ញវត្ថុ ហើយជាពិសេស ផ្តល់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ អាជីវកម្មបែបឌីជីថលទំនើប ដើម្បីជំរុញដំណើរការអាជីវកម្ម ឲ្យកាន់តែមានភាពងាយស្រួល និងនិរន្តរភាពកាន់តែទូលំទូលាយ”។


 
លោក Ding Hong Sing តំណាងឲ្យសហគមន៍សហគ្រាសធុនតូច និងមធ្យម ប្រចាំប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា អនុស្សរណៈនេះ នឹងបើកឱកាសដ៏មានប្រយោជន៍ជាច្រើន សម្រាប់សហគ្រាសធុនតូច និងមធ្យម របស់ប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់។ “គោលបំណងរួមរបស់យើង គឺចែករំលែកជំនាញ និងចំណេះដឹង ផ្នែកឧស្សាហកម្ម តាមរយៈដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា និងសិក្ខាសាលាជាមួយដៃគូអាជីវកម្មដែលពាក់ព័ន្ធ។ តាមរយៈការរួមកម្លាំងគ្នា យើងអាចជួយសហគ្រាសធុនតូច និងមធ្យម ឱ្យដឹងពីសក្តានុពល និងឱកាសពេញលេញ ក្នុងការទាញយកឱកាសវិនិយោគ ពីវិស័យ SME នៃប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីដែលកំពុងរីកចម្រើន។
 
លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា អនុស្សរណៈនេះ ស្របតាមសេចក្តីត្រូវការបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ការប្រកួតប្រជែង និងការពង្រឹងផលិតភាព ដូចមានចែងក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ 2015-2025 អនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។ 
 
លោក បានមានប្រសាសន៍បន្ថែមទៀតថា៖ “អត្ថប្រយោជន៍ទទួលបានពី អនុស្សរណៈនេះ នឹងជួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពង្រីកប្រព័ន្ធអេកូសហគ្រិន ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយជំរុញឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់វិស័យឧស្សាហកម្ម”។


 
លោក Eldeen Husaini ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានបញ្ជាក់សារជាថ្មី អំពីចំណងមិត្តភាពដ៏រឹងមាំ រយៈពេល ៦៥ ឆ្នាំ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ដោយលើកឡើងពីអនុស្សរណៈនេះ ថាជាការឆ្លុះបញ្ចាំងដ៏ល្អ នៃការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនង ជាពិសេសក្នុងពាណិជ្ជកម្មទ្វេភាគី។
 
លោក បានមានប្រសាសន៍បន្ថែមទៀតថា “ម៉ាឡេស៊ីទន្ទឹងរង់ចាំ អនុស្សរណៈនេះ សម្រាប់ត្រួសត្រាយផ្លូវ លើកិច្ចសហការ និងឱកាសដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់សហគ្រាសធុនតូច និងមធ្យម មកពីប្រទេសទាំងពីរ ដើម្បីពង្រឹងទិដ្ឋភាពសហគ្រាសធុនតូច និងមធ្យម ហើយរួមចំណែកលើកកម្ពស់ ការប្រកួតប្រជែងអាជីវកម្មនៅក្នុងតំបន់”។
 
ធនាគារ ហុង លីអុង (HLBCAM) តែងតែជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា តាំងពីធនាគារ ចាប់ផ្តើមដំណើរការដំបូងនៅប្រទេសកម្ពុជា ដែល HLBCAM បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជួយពន្លឿនកំណើនសហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា ដោយដាក់ឱ្យប្រើប្រាស់នូវកម្មវិធី SME មួយចំនួនដូចជា SMElite Package ដែលមានគោលបំណង ពង្រឹងសក្តានុពលអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា ជាមួយនឹងកញ្ចប់ហិរញ្ញប្បទាន ដែលអាចបត់បែនបាន ដោយផ្តល់ហិរញ្ញប្បទាន រយៈពេលរហូតដល់ ១៥ឆ្នាំ និង១០០ភាគរយ នៃតម្លៃទ្រព្យបញ្ចាំ៕




(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com