ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ៖ គួរមាន «ផលិតផលអត្តសញ្ញាណ» ប្រចាំតំបន់ទេសចរណ៍នីមួយៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច
02, May 2022 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា កសិកម្មបែបគ្រួសារបានផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ព្រោះដំណាំរបស់ពួកគេគ្មានជាតិគីមី។ ការរក្សាផលិតផលតាមតំបន់ និងការរក្សាអត្តសញ្ញាណ ជាផ្នែកសំខាន់មួយទៀតសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យទៅកម្សាន្តម្ដងហើយម្ដងទៀត។

 
វិស័យទេសចរណ៍កម្ពុជាងើបឡើងបន្តិចម្ដងៗព្រោះភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរកម្សាន្តតាមរមណីយដ្ឋានានាជាបន្តបន្ទាប់។ជាមួយគ្នានោះ ទេសចរអន្តរជាតិ ក៏បានចូលមកកម្ពុជាបណ្ដើរៗដែរ។អ្នករកស៊ីក្នុងវិស័យទេសចរណ៍ រីករាយចំពោះការងើបឡើងនៃវិស័យនេះ ។ ការទាក់ទាញទេសចរឱ្យនៅកម្សាន្តបានយូរនិងចំណាយច្រើន ជាអ្វីដែលអ្នករកស៊ីក្នុងវិស័យនេះគួរយកចិត្តទុកដាក់បន្ថែមទៀត។
 
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា កសិកម្មគ្រួសារផ្សារភ្ជាប់នឹងទេសចរណ៍។ ដូច្នេះ កម្ពុជា ត្រូវរក្សាផលិតផលអត្តសញ្ញាណតាមតំបន់នីមួយសម្រាប់ឱ្យទេសចរទស្សនា ទិញ និងនៅកម្សាន្ត។

លោក ហូ វណ្ឌី ជាប្រធានក្រុមប្រឹក្សាភិបាលសមគមទេសចរណ៍កម្ពុជា ក្នុងកម្មវិធីពិភាក្សាពីវិស័យទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩ នៅរាជបណ្ឌិតសភាកម្ពុជា។
 
លោក ហូ វណ្ឌី ពន្យល់បន្ថែមដូច្នេះ ៖ « ខ្ញុំមិននិយាយពីកសិកម្មខ្នាតធំទេ។តែអ្នកធ្វើកសិកម្មបែបគ្រួសារខ្នាតតូចនិងមធ្យម គួរបំប្លែងខ្លួនឯង ដោយធ្វើយ៉ាងណាទាក់ទាញទេសចរឱ្យចូលទៅកន្លែងគាត់ឱ្យញាំដំណាំគាត់ និងឱ្យទេសចរស្នាក់នៅ។ កសិករ គួរចងក្រងជាសហគមន៍ដើម្បីយកផលិតផលរបស់គាត់ដែលគ្មានជាតិគីមីមកលក់ ដោយមិនបន្លំទើបអាចរក្សានិរន្តរភាពទេសចរ »។
 
ងាកទៅការរក្សាអត្តសញ្ញាណផលិតផលទេសចរណ៍វិញអ្នកជំនាញទេសចរណ៍រូបនេះ មើលឃើញថា នាពេលបច្ចុប្បន្នកន្លែងកម្សាន្តនីមួយៗហាក់លាយលំផលិតផលទេសចរណ៍ពីតំបន់មួយ ទៅតំបន់មួយទៀត។លោកលើកឧទាហរណ៍ពីផ្លែផាសិននៅតំបន់ឦសាននិងតំបន់ផ្សេងមានរសជាតិខុសគ្នា។ប៉ុន្តែអ្នកលក់មួយចំនួនអះអាង ឬកុហកថាកសិផលទាំងនោះមកពីប្រភពតែមួយ។  ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ដោយប្រយោលនិងដោយផ្ទាល់។


កសិករប្រមូលផលបន្លែក្នុងខេត្តកណ្ដាល។ រូបភាព៖ លោក ឈុំ ចន្ថា​

« ជាក់ស្ដែងដូចនៅតំបន់ឆ្នេរយើងត្រូវតុបតែង ឬ រៀបចំយ៉ាងណាឱ្យទាក់ទងនឹងឆ្នេរហើយមានលក់ផលិតផលមួយចំនួនដែលធ្វើពីសម្បកខ្ចៅ សម្បកខ្យង ហើយមានថ្ម មានអីយើងមកឆ្នៃធ្វើខ្សែដៃ ខ្សែជើង ឬជាផ្កាពាក់លើក្បាល។ខេត្តនីមួយៗត្រូវមានអត្តសញ្ញាណផ្ទាល់ខ្លួនទាំងផ្លែឈើ សម្ភារៈនិងជាវត្ថុអនុស្សាវរីយ ដែលជានិមិត្តសញ្ញា »។ លោក ហូ វណ្ឌីផ្ដល់ជាគំនិតដូច្នេះ។
 
ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជារូបនេះអះអាងបន្ថែមថា ក្រៅតែពីអ្នករកស៊ីក្នុងវិស័យទេសចរណ៍ និងប្រជាជនតាមតំបន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក៏មានតួរនាទីសំខាន់ដែរក្នុងការរក្សានិរន្តរភាពទេសចរ នៅរមណីយដ្ឋាន និងខេត្តរបស់ខ្លួន។ លោក ហូ វណ្ឌីស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ បង្កើនការអប់រំនិងអនុវត្តច្បាប់មួយចំនួនដែលចាំបាច់៕
 

Tag:
 ដំណាំអត្តសញ្ញាណ
© រក្សាសិទ្ធិដោយ thmeythmey.com