ជាតិ
សេដ្ឋកិច្ច
៤ខែដើមឆ្នាំ កម្ពុជារកចំណូលបានជាង១,៣លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ
02, May 2022 , 10:59 pm        
រូបភាព
ភ្ញៀវទេសចរដែលគយគន់ព្រះអាទិត្យលិចនៅភ្នំបាខែង
ភ្ញៀវទេសចរដែលគយគន់ព្រះអាទិត្យលិចនៅភ្នំបាខែង
ដោយ: ថ្មីៗ
កម្ពុជា ទទួលបានចំណូលជាង ១,៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២។ ចំនួននេះ កើនឡើងជាង ៦៦២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

 
គ្រឹះស្ថានអង្គរបញ្ជាក់ថា ក្នុងរយៈពេល ៤ខែមកនេះ មានទេសចរសរុប ៣៣ ២០៥នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលចំនួននេះកើនជាង ៦៣៣ភាគរយ ធៀបនឹងរយៈពេលក្នុងឆ្នាំ២០២១ គ្រាដែលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។ 
 
ដោយឡែក ក្នុងខែមេសាកន្លងទៅនេះ មានចំនួនទេសចរ​ ចំនួន ១៣ ៣៦៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមានចំនួន ៥៣៧ ០៤០ដុល្លារ។
 
ក្រៅពីនេះតំបន់អង្គរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរបាន​ចំនួន ៣ ៤៣៥ដុល្លារដែរ ដល់ទេសចរអន្តរជាតិចំនួន ២២៩នាក់ ក្នុងខែមេសាកន្លងទៅ។ ទន្ទឹមនឹងនេះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមេសា មានចំនួន ១៥ ៩១៩ដុល្លារ ទៅដល់ទេសចរចំនួន ៣ ៨១៧នាក់ផងដែរ។
 
​ក្នុងរយៈពេល ៤ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៦៦ ៤១០ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕

Tag:
 ចំណូល
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com