កីឡាជាតិ
ជាតិ
ស៊ីហ្គេមវៀតណាម​៖ កីឡាករកម្ពុជាមានកម្រិតប្រហែលគ្នា, ឯ លឹម ពិសុទ្ធ បានសម្រេចបំណងខ្លួន
03, May 2022 , 4:50 pm        
រូបភាព
ក្រុម ជម្រើសជាតិកម្ពុជា និងថ្នាក់ដឹកនាំ ក្នុងកិច្ចសំណេះសំណាល់ប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមនៅវៀតណាម។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុម ជម្រើសជាតិកម្ពុជា និងថ្នាក់ដឹកនាំ ក្នុងកិច្ចសំណេះសំណាល់ប្រតិភូកីឡា ត្រៀមទៅស៊ីហ្គេមនៅវៀតណាម។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ២០រូប ត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-២៣ ឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់ហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣ ឧសភា។


កីឡាករកម្ពុជា ៦រូប ត្រូវបានជម្រុះចេញ តាមរយៈការហ្វឹកហាត់ត្រៀមទៅប្រកួតនៅវៀតណាមនេះ។ លោក ឈូក ពិសិដ្ឋ អ្នកដឹកនាំជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ការហ្វឹកហាត់ចម្រាញ់យក២០រូបនេះ គឺគ្រូបង្វឹកជម្រើសជាតិ បានពិនិត្យយ៉ាងម៉ត់ចត់ លើសមត្ថភាព និងទេពកោសល្យ របស់កីឡាករនីមួយៗ។
 
លោក ឈូក ពិសិដ្ឋ បានប្រាប់សារព័ត៌មានថ្មីៗថា៖«កីឡាករកម្ពុជាទាំង២៦រូប សុទ្ធតែមានកម្រិតនៃការលេងប្រហាក់ប្រហែលគ្នា។ តែកីឡាករខ្លះ មានរបួស និងបញ្ហាបន្ដិចបន្ដួច ដែលជាហេតុធ្វើឲ្យគេ មិនស្ថិតក្នុងបញ្ជីកីឡាករបញ្ជូនទៅវៀតណាម»។ 
 
កីឡាករ៦រូប ដែលបានធ្លាក់ពីបញ្ជី២០រូប ត្រូវទៅប្រកួតនៅវៀតណាម រួមមាន៖ ភឹម តៅសីង, ចាន់ សារ៉ាពេជ្យ, ស រតនា, វឿន វ៉ា, នុន ណាត និង ឈឿន វិស៊ីនុ។
  

(កណ្ដាល) លឹម ពិសុទ្ធ ខ្សែប្រយុទ្ធក្លិបភ្នំពេញក្រោន នៅក្នុងពេលហ្វឹកហាត់ជម្រើសជាតិ។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ដោយឡែក កីឡាករ លឹម ពិសុទ្ធ សប្បាយចិត្ត ដែលមានឈ្មោះជាប់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតស៊ីហ្គេមនៅវៀតណាម ក្រោយពីកីឡាកររូបនេះ បានខកចិត្តម្ដងរួមមកហើយ នាការប្រកួត AFF U23 Championship 2022 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាអំឡុងខែកុម្ភៈ ។ មូលហេតុដែលនាំឲ្យ លឹម ពិសុទ្ធ ខកខានជាប់AFF U23 ដោយសាររូបគេមានបញ្ហារបួស អំឡុងពេលហ្វឹកហាត់ ត្រៀមប្រកួត។
 
លឹម ពិសុទ្ធ បានប្រាប់មកកាន់សារពត៌មានថ្មីៗថា៖«ខ្ញុំ មានការសប្បាយចិត្តណាស់ ដោយបានជាប់ក្នុងបញ្ជីជម្រើសជាតិ ប្រកួតស៊ីហ្គេមនៅវៀតណាម។ ខ្ញុំ និងកីឡាករផ្សេងទៀត នឹងប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព»។
 
សមាសភាពកីឡាករ២០រូបនោះមាន៖ កីឡាករមកពីក្លិបបឹងកេត៥រូប ហ៊ុល គីមហ៊ុយ, សៀង ចន្ធា, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, និង វ៉ាំង ដាវីន។ កីឡាករ មកពីក្លិបវិសាខា ៣រូប វីរៈ ដារ៉ា, សារ ទី និង គី រីណា។ កីឡាករមកពីក្លិបណាហ្គាវើលដ៍ ២រូប ជា សុខម៉េង និង ផាត សុខា។ ភ្នំពេញក្រោន៣រូប មាន ជួន ចាន់ចាវ, លឹម ពិសុទ្ធ និង យ៉ើ សាហ្វី។ ព្រះខ័នរាជ ស្វាយរៀង៣រូប មាន មិន រតនៈ, អ៊ាន ពិសី និង ជូ ស៊ីនទី។ ក្រៅពីនេះ មាន អ៊ឹម សំអូន ក្លិបគិរីវង់សុខសែនជ័យ, ម៉ៅ​ ពិសិដ្ឋ អង្គរថាយហ្គឺរ, ស៊ិន សុវណ្ណមករា ព្រៃវែង និង ញាន សុស៊ីដាន កងយោធពលខេមរភូមិន្ទ។ ជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅប្រទេសវៀតណាម នៅថ្ងៃទី៤ ខែឧសភា ៕
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
  ឈូក ពិសិដ្ឋ
  លឹម ពិសុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com