កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ទម្លាក់ Villarreal ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League
04, May 2022 , 7:12 am        
រូបភាព

Liverpool កក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២ តាមរយៈការវាយបកយកឈ្នះ Villarreal ក្នុងលទ្ធផល ៣-២ នៅជំនួបវគ្គ១២ផ្តាច់ព្រ័ត្រជើងទី២។ សរុបប្រកួតទាំងពីរជើងក្រុមអង់គ្លេសឈ្នះក្រុមអេស្ប៉ាញ ៥-២។



ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Estadio de la Ceramica នារាត្រីថ្ងៃទី៣ ខែឧសភាក្រុមម្ចាស់ផ្ទះ Villarreal បានបើកការវាយសម្រុកលើក្រុមភ្ញៀវ Liverpool រហូតរកបាន២គ្រាប់នាំមុខមុននៅវគ្គទី១ ដែលធ្វើបានដោយកីឡាករ Boulaye Dia និង Francis Coquelin នៅនាទីទី៣ និង៤១។

ចូលដល់វគ្គទី២ ក្រុមលោក Juergen Klopp បានរៀបចំរបៀបលេងជាថ្មីយ៉ាងមានប្រសិទ្ធភាព ដោយរកបានគ្រាប់បាល់តាមឈ្នះ៣គ្រាប់វិញ។ ទាំង៣គ្រាប់ធ្វើបានដោយ Fabinho នៅនាទី៦២ Luis Diaz នាទី៦៧ និង Sadio Mane នាទី៧៤។ ចប់ការប្រកួត Liverpool ឈ្នះ Villarreal ៣-២។ ដោយជើងទី១ Liverpool ឈ្នះ ២-០ ដូច្នេះសរុបទាំងពីរជើងហង្សក្រហមឈ្នះ ៥-២។

Liverpool កក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៩ ខែឧសភា ដោយត្រូវរង់ចាំការជួបគ្នាជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Real Madrid ជាមួយ Manchester City។

ក្រោមការដឹកនាំរបស់លោក Klopp ក្រុម Liverpool មានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រពានក្របខណ្ឌអឺរ៉ុប៣លើកទាំងលើកនេះ ក្នុងនោះឈ្នះជើងឯក១លើកនៅរដូវកាល ២០១៨-១៩ និងរងជើងឯកម្តងនៅរដូវកាល ២០១៧-១៨៕


© រក្សាសិទ្ធិដោយ thmeythmey.com