កីឡាអន្តរជាតិ
អន្តរជាតិ
Bournemouth ក្រុមទីពីរបន្ទាប់ Fulham បានកៅអីទៅ Premier League វិញ
04, May 2022 , 2:59 pm        
រូបភាព
AFC Bournemouth ទទួលបានកៅអីឡើងទៅកាន់ក្របខណ្ឌ Premier League វិញ បន្ទាប់ពីប្រកួតឈ្នះ Nottingham Forest ១-០ ក្នុងការប្រកួតក្របខណ្ឌ Championship នៅថ្ងៃទី៣ ខែឧសភា។ ទាំង Bournemouth និង Fulham ដែលក្លាយជាជើងឯកលីគកម្រិតទីពីរអង់គ្លេស Championship ហើយនោះមានពិន្ទុនាំមុខដាច់ទោះសល់មួយប្រកួតចុងក្រោយ។


មួយគ្រាប់របស់ Kieffer Moore គ្រប់គ្រាន់ដើម្បីជួយក្រុម Bournemouth ត្រឡប់ទៅលីគកំពូលអង់គ្លេសនៅរដូវកាលក្រោយវិញ។ Bournemouth រកបានពិន្ទុនាំមុខដាច់ក្រុមលេខ៣ Nottingham Forest ចំនួន៦ពិន្ទុ ខណៈការប្រកួតនៅសល់មួយលើកប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ២០២១-២២នេះ។
 
ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Scott Parker ស្ថិតនៅចំណាត់ថ្នាក់ទី២ ដោយរកបាន៨៥ពិន្ទុ ពីការប្រកួត៤៥លើក តាមពីក្រោយក្រុមជើងឯក Fulham ចំនួន៥ពិន្ទុ។
នៅក្របខណ្ឌលីគ Championship ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២ បានកៅអីស្វ័យប្រវត្តិទៅកាន់ក្របខណ្ឌកំពូល។ ដោយឡែកក្រុមលេខ៣ដល់លេខ៦ ត្រូវប្រកួត play-off ដើម្បីដណ្តើមយកមួយកៅអីទៅ Premier League។
 
Nottingham Forest ដែលស្ថិតនៅលេខ៣ រួមជាមួយ Huddersfield Town លេខ៤ បានសិទ្ធិប្រកួតជម្រុះ play-off ខណៈ Sheffield United និង Luton Town ដែលនៅលេខ៤ និងលេខ៥បណ្តោះអាសន្ន ត្រូវធ្វើយ៉ាងរក្សាចំណាត់ថ្នាក់នេះឱ្យបាន ពីការប្រជែងរបស់ Middlesbrough និង Millwall ដែលមានពិន្ទុប្រដេញគ្នាតាមពីក្រោយ។
 
Derby County​, Peterborough United និង Barnsley ត្រូវកាត់ចេញទៅលីគកម្រិតទី៣ League 1៕
 

Tag:
 Premier League
  Championship
© រក្សាសិទ្ធិដោយ thmeythmey.com