ជាតិ
សេដ្ឋកិច្ច
«ពន្លាជាតិកម្ពុជា» ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ ២០២០
04, May 2022 , 10:59 pm        
រូបភាព
ពានរង្វាន់ប្រាក់ពិភពលោក ក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ ២០២០ ដែលកម្ពុជាទទួលបាន។ រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
ពានរង្វាន់ប្រាក់ពិភពលោក ក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ ២០២០ ដែលកម្ពុជាទទួលបាន។ រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជាបានទទួលពានរង្វាន់ប្រាក់ពិភពលោក ០១  គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន ៤៥ ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៤ខែឧសភា ។


ពិព័រណ៍ពិភពលោក២០២០ ឌូបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ា មានរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។ ក្រោមប្រធានបទ ការតភ្ជាប់គំនិតដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future)​ ពន្លាជាតិកម្ពុជាត្រូវបានគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE ផ្តល់ពានរង្វាន់ប្រាក់ពិភពលោក ០១ គ្រឿងក្នុងការចូលរួមពិព័រណ៍ពិភពលោក២០២០ ឌូបៃ។ 
 
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីនិតិវិធី និងការវាយតម្លៃយ៉ាងសុក្រឹតរបស់គណៈកម្មការក្នុងការផ្តល់ពានរង្វាន់នេះ ដោយផ្អែកលើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃលើទិដ្ឋភាពរួម មួយចំនួនដូចជា ៖ ចំនួនស្ថាបត្យកម្ម ទស្សនីយភាព ការរចនាពន្លាជាតិ ជាមួយនិងការបកស្រាយប្រធានបទ។
 
បើតាមរដ្ឋមន្ត្រីរូបនេះ កម្ពុជានឹងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ និងល្បីល្បាញជាសកល តាមរយៈការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ជាពិសេសការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌូបៃ ដែលទទួលបានពានរង្វាន់នេះតែម្តង ។
 
នេះជាលើកទី២ហើយ ដែលកម្ពុជាមានកិត្តិយសបានទទួលពានរង្វាន់ប្រាក់ នៃការចូលរួមពិព័រណ៍ពិភពលោក ដោយលើកដំបូងទទួលបាន ពីការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ។ 
 
សូមជម្រាបជូនថា កម្ពុជាធ្លាប់មានបទពិសោធន៍ក្នុងការចូលរួមពិព័រណ៍ពិភពលោក ចំនួន ៤ លើករួចមកហើយ ក្នុងនោះនៅឆ្នាំ ២០០៥ ពិព័រណ៍ពិភពលោកធ្វើនៅទីក្រុងអាយជី ប្រទេសជប៉ុន។ ចំណែកពិព័រណ៍ពិភពលោក ២០១០ ធ្វើនៅទីក្រុងសៀងហៃ ប្រទេសចិន ហើយពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី ។ ចុងក្រោយគឺពិព័រណ៍ពិភពលោក ២០២០ ឌូបៃ នៅសហភាពអារ៉ាប់រួម។ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives” ៕
 

Tag:
 ពន្លាជាតិកម្ពុជា​ ឌូប៉ៃ ពិព័រណ៍ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com