កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real Madrid វាយបក​យកឈ្នះ Man City ចុងម៉ោង ឡើងប៉ះ Liverpool វគ្គផ្តាច់ព្រ័ត្រ
05, May 2022 , 8:29 am        
រូបភាព
Real Madrid ត្រូវឡើងទៅជួប Liverpool វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្រោយវាយបកយកឈ្នះ Manchester City នៅចុងម៉ោងក្នុងលទ្ធផល ៣-១ នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


ពីរគ្រាប់ចុងម៉ោងរបស់ Rodrygo នៅនាទី៩០ និង៩០+១ ជួយក្រុមម្ចាស់ផ្ទះ Real Madrid តាមឈ្នះក្រុមភ្ញៀវ Man City នៅជំនួបជើងទី២ នៅថ្ងៃទី៤ ខែឧសភា។ ២គ្រាប់ដែលសម្រេចបាន​ ក្រោយការនាំមុខរបស់ក្រុមមេឃខៀវតាមរយៈកីឡាករ Riyad Mahrez នៅនាទី៧៣ បានបន្តដង្ហើមឱ្យក្រុមអធិរាជសស្មើគ្រាប់បាល់ Man City ៥-៥ ដោយគិតលទ្ធផលទាំងពីរជើង។ កាលពីជើងទី១ Man City ឈ្នះ Real Madrid ៤-៣។
 
ក្រុមទាំងពីរត្រូវបន្ថែមម៉ោង១៥នាទីពីរដង ដើម្បីកាត់សេចក្តីឈ្នះចាញ់យកមួយក្រុមទៅវគ្គផ្តាច់ព្រ័ត្រ។ ៥នាទីដំបូងក្នុងម៉ោងបន្ថែមវគ្គទី១ Karim Benzema ទទួលបានបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារ Ruben Dias បង្កើតកំហុសនៅតំបន់គ្រោះថ្នាក់។
 
ខ្សែប្រយុទ្ធបារាំងរូបនេះ ជាអ្នករ៉ាប់រងការស៊ុតបាល់ពិន័យនិងធ្វើបានសម្រេចគ្រាប់នាំមុខឱ្យ Real Madrid វិញ។ ១គ្រាប់នេះនៅបន្តរហូតបញ្ចប់ម៉ោងថែមទាំងពីរលើកដើម្បីនាំក្រុមលោក Carlo Ancelotti ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមលោក Pep Guardiola សល់ត្រឹមខកចិត្ត។ សរុបលទ្ធផលទាំងពីរជើងក្រុមអេស្ប៉ាញឈ្នះក្រុមអង់គ្លេស ៦-៥។
 
Real Madrid ត្រូវប៉ះគ្នាជាមួយ Livrepool ​នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២១-២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៩ ខែឧសភា។ ជួប Real Madrid វគ្គផ្តាច់ព្រ័ត្រក៏ជាបំណងប្រាថ្នារបស់ Mohamed Salah ផងដែរ។
 
Salah ធ្លាប់ការខកចិត្តម្តងរួចមកហើយកាលពីរដូវកាល ២០១៧-១៨ បន្ទាប់ពីហង្សក្រហមចាញ់ក្រុមយក្សអេស្ប៉ាញនេះនៅវគ្គផ្តាច់ព្រ័ត្រ។ ជំនួបនោះកីឡាករអេហ្ស៊ីបរូបនេះមានបញ្ហារបូសត្រូវប្តូរចេញតាំងពីដើមវគ្គទី១ម្លេះ៕
 
 
 
 

Tag:
 UEFA Champions League
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com