ជាតិ
សហភាពអឺរ៉ុបផ្ដល់នាវាល្បាត៧គ្រឿងដល់កម្ពុជា ដើម្បីទប់ស្កាត់បទល្មើសនេសាទក្នុងដែ​នសមុទ្រ​
05, May 2022 , 11:29 am        
រូបភាព
( រូបភាពពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
( រូបភាពពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
ភ្នំពេញ៖ សហភាពអឺរ៉ុប បានផ្ដល់នាវាល្បាតចំនួន៧គ្រឿង​ ដល់រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរចំនួន៤ នៅខេត្តកោះកុង ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ក្នុងដែនសមុទ្រកម្ពុជា។ 



លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា​ សហភាពអឺរ៉ុប បានផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោង «ជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ » ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ផ្តោត​សំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។
  


រយៈពេល ២ឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុប បានផ្ដល់មធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈគម្រោង CAPFISH-Capture។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏បានផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងថ្មី ២ទៀត ដែលកំពុងអនុវត្តដោយរដ្ឋបាលជលផលគឺគម្រោង CaPFish-Aquaculture និង CAPFISH-Capture គម្រោងទាំង ២នេះចាប់ផ្តើមពីឆ្នាំ ២០១៩ និងត្រូវបញ្ចប់នៅឆ្នាំ ២០២៤។
 
រដ្ឋមន្រ្តីរូបនេះ ក្រើនរំលឹក ដល់មន្រ្តីត្រូវប្រើប្រាស់នាវាល្បាតឱ្យត្រូវគោលដៅ ក្នុងការបង្រ្កាបបទល្មើសនេសាទ និងថែរក្សានាវាឱ្យបានត្រឹមត្រូវ៕
 

Tag:
 នាវាល្បាត
  សហភាពអឺរ៉ុប
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com