ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីដែនដី ហាម​យកទីតាំង​ស្រែអំបិល​កំពតជាង៣៧០០​ហិកតាធ្វើជា​សំណង់​លំនៅដ្ឋាន
05, May 2022 , 2:59 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា​ មិនអនុញ្ញាតលំនៅដ្ឋានគ្រប់រូបភាព នៅលើផ្ទៃដីស្រែអំបិលដែលមានជិត៤ពាន់ហិកតា នៅក្នុងខេត្តកំពតឡើយ។ លោក បានបញ្ជាក់ថា ដីស្រែអំបិលទាំងនេះ គឺត្រូវតែរក្សាទុកដើម្បីផលិតអំបិលធម្មជាតិ សម្រាប់ផ្គត់ផ្គង់ តម្រូវការទីផ្សារក្នុង និងក្រៅប្រទេស។​

 
«ស្រែអំបិលកំពត ៣ ៧២៦ហិកតា។ តួលេខនេះ ត្រូវតែរក្សាទុក»។ លោក ជា សុផារ៉ា ថ្លែងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅ នៅខេត្តកំពតរបស់ក្រុមហ៊ុនវិនិយោគមួយ នាព្រឹកថ្ងៃទី៥ឧសភា ដោយលោកទាមទារឱ្យលោកម៉ៅ ធនិន អភិបាលខេត្តកំពត គ្រប់គ្រងផ្ទៃដីស្រែអំបិលទាំងនោះឱ្យបានល្អត្រឹមត្រូវ និងមិនអនុញ្ញាតឱ្យមានកែប្រែដីទាំងនោះ ទៅជាប្រភេទដីផ្សេងឡើយ។ 
 


ឧបនាយករដ្ឋមន្ត្រី ​​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រូបនេះ មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំសុំឱ្យឯកឧត្តមអភិបាលខេត្ត រៀបចំ គ្រប់គ្រងដីស្រែអំបិលទាំង៣ ៧២៦ហិកតា ឱ្យបានល្អ  និងមិនអនុញ្ញាតឱ្យធ្វើសំណង់លំនៅដ្ឋានឡើយ»។ 
 
បើតាមលោក ជា សុផារ៉ា អំបិលខេត្តកំពត​ ត្រូវបានចាត់ទុកជាទំនិញពិសេសរបស់កម្ពុជា ដោយអំបិលខេត្តកំពតនេះ មានសារធាតុអ៊ីយ៉ូតច្រើន ដែលជួយទប់ស្កាត់ជំងឺពកក របស់ប្រជាពលរដ្ឋ និងមានគុណភាព ជាងអំបិលដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសផ្សេងៗ។​ ជាមួយគ្នានេះ លោកជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវលើកទឹកចិត្តដល់កសិករ ឱ្យបង្កើនការផលិតអំបិលនេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។​ 
 
លោក ប៊ុន ណារិន ប្រធានបច្ចេកទេសនៃការផលិតអំបិល មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេល៤ខែ​ ឆ្នាំ២០២២មកនេះ កសិករផលិតអំបិល បានត្រឹមជិត២ម៉ឺនតោនប៉ុណ្ណោះ ព្រោះតែបញ្ហាអាកាសធាតុ ជាពិសេសភ្លៀងធា្លក់ច្រើន នាអំឡុងខែកុម្ភៈ និងខែមីនា ដែលជារដូវសំខាន់នៃការប្រមូលអំបិល។ បើតាមលោក ណារិន កន្លងមកអំបិលកម្ពុជា ក៏ត្រូវបាននាំចេញទៅទីផ្សារប្រទេសមួយចំនួន ក្នុងតំបន់អឺរ៉ុប ក្នុងបរិមាណ១ ទៅ២តោនផងដែរ ដូចជាប្រទេសបារាំង​​ និងឆែក ជាដើម។ 
 
ក្រៅពីខេត្តកំពត កម្ពុជាក៏មានស្រែអំបិលនៅខេត្តកែប ប្រមាណ ១ ០០០ហិកតាផងដែរ។ តាមរយៈ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ ឆ្នាំ​២០២០-២០៣៥ ដីស្រែអំបិលកំពត និងកែបនេះ កម្ពុជានឹងត្រូវបង្កើតសារមន្ទីរ «ស្រែអំបិល» ដើម្បីទាក់ទាញអ្នកទេសចរ។ សម្រាប់​ក្រសួងទេសចរណ៍ ​ការ​ដាក់​ផែនការ​គាំទ្រ​ផែ្ន​កក​សិ​ទេសចរណ៍ ​នៅ​តំបន់​ស្រែអំបិល​ទាំងនេះ  គឺអាច​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច តាមរយៈ​​ការផលិត និង​ជំរុញ​ការលក់​អំបិល​នៅនឹងកន្លែង ក្នុងការ​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ ពី​ភ្ញៀវទេសចរផងដែរ​។
 



​សូមបញ្ជាក់ថា កម្ពុ​ជាមាន​តម្រូវការ​អំបិល​សម្រាប់​ប្រើប្រាស់​ប្រមាណ ​១០​ម៉ឺន​តោន ក្នុង​មួយឆ្នាំៗ​។ កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ កម្ពុជាប្រមូលផលអំបិលជាង១០ ម៉ឺនតោនក្នុងមួយឆ្នាំៗ។ បរិមាណផលអំបិលនេះ ក៏បានធ្លាក់ចុះ នៅក្នុងរយៈពេល៣ឆ្នាំជាប់គ្នាវិញ គឺពី២០១៧, ២០១៨ និងឆ្នាំ ២០១៩ ដែលកម្ពុជាត្រូវបញ្ជាទិញអំបិល ពីប្រទេសឥណ្ឌា ចិន និងថៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក​។ សម្រាប់ឆ្នាំ២០២០ កម្ពុជាផលិតអំបិល បាន៨៤ ០០០ តោន និងឆ្នាំ២០២១ ផលិតបានត្រឹមរង្វង់ ៦៧ ០០០តោនប៉ុណ្ណោះ។
 
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា  ក្នុងករណីអាកាសធាតុអំណោយផលល្អ ដីស្រែមួយហិកតា អាចផលិតអំបិលបានជាមធ្យម២០តោន ក្នុងរយៈពេលមួយឆ្នាំ៕ 
 
 

Tag:
 ស្រែអំបិល
  កំពត
  លោក ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com