ជាតិ
សេដ្ឋកិច្ច
ផែទឹកជ្រៅនៅកំពតតម្លៃ១៥០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ
05, May 2022 , 6:59 pm        
រូបភាព
ការដ្ឋាននៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត តម្លៃ១៥០០លានដុល្លារ។ រូបថត៖ MPWT
ការដ្ឋាននៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត តម្លៃ១៥០០លានដុល្លារ។ រូបថត៖ MPWT
ដោយ ៖ ធន់ សេងហុង 
 
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត តម្លៃ១៥០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង នាថ្ងៃទី៥ឧសភា។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ដែលនឹងបង្កើតផែទឹកជ្រៅ១៥ម៉ែត្រ អាចឱ្យនាវាចំណុះ១០ម៉ឺនតោនចូលចតបាន។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កំពង់ផែកម្រិតអន្តរជាតិនេះ​មានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូលបានប្រមាណ៣០ម៉ឺនTwenty-food Equivalent  Unit(TEU) ក្នុងឆ្នាំ២០២៥ ហើយកើនដល់៦០ម៉ឺនTEUនៅឆ្នាំ២០៣០ ។

 
កំពង់ផែកម្រិតអន្តរជាតិ ត្រូវបានបើកការដ្ឋានសាងសង់នៅលើផ្ទៃដី​រហូត៦០០ហិកតា នៃសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែទឹកទឹកជ្រៅនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។ លោក ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅនាព្រឹកថ្ងៃទី៥ឧសភា ថា កំពង់ផែនេះមានឈ្មោះថា​«មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ដែលវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត» ក្នុងទំហំទឹកប្រាក់ ១ ៥០០លានដុល្លារ។


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន។រូបថត៖ MPWT

បើតាមលោកស៊ុន ចាន់ថុល គម្រោងវិនិយោគផែទឹកជ្រៅនេះ នឹងអនុវត្តជា៣ដំណាក់កាល ដោយដំណាក់កាលមួយគ្រោងប្រើទុនប្រមាណ២០០លានដុល្លារក្នុងចំណោមទុនវិនិយោគសរុប១ ៥០០ដុល្លារ។ លោកបានរៀបរាប់ថា ដំណាក់ទីមួយនេះ ក្រុមហ៊ុននឹងបង្កើតទីលានកុងតឺន័រ តំបន់ពាណិជ្ជកម្មពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ទនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វ័យយ័តភ្នំពេញក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ។
 
លោកស៊ុន ចាន់ថុល បន្តនិយាយដូច្នេះ៖ «កំពង់ផែមួយនេះនឹងជួយយើងឱ្យចំណេញពេល និងកាត់បន្ថយការចំណាយ។ ប្រសិនបើមានការដឹកជញ្ជូនតាមផ្លូវទឹកច្រើន នោះនឹងកាត់បន្ថយការកកស្ទះនៅលើផ្លូវគោក និងផ្លូវដែក។ ប្រសិនបើមានការតភ្ជាប់តាមទន្លេបានសាក់បាន បត់ចូលតាមកែប នោះយើងចំណេញ៨០គីឡូម៉ែត្រ បើធៀបនឹងឆ្លងកាត់តាមទន្លេមេគង្គទៅប្រទេសវៀតណាម» ។ 
 
រដ្ឋមន្ត្រីសាធារណការរូបនេះ បានបញ្ជាក់ថា ផែទឹកជ្រៅ១៥ម៉ែត្រនេះ នឹងអាចឱ្យនាវាចំណុះ១០ម៉ឺនតោន អាចចូលចតបាន។ កំពង់ផែពហុបំណងនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ៣០ម៉ឺនTEUនៅឆ្នាំ២០២៥ ហើយកើនដល់៦០ម៉ឺនTEU នៅឆ្នាំ២០៣០។
 
ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានលើកឡើងថាគម្រោង មជ្ឈមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងកំពត នឹងជួយបំពេញបន្ថែមលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បើទោះបីកម្ពុជា មានកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាកំពង់ផែឯកជនមួយចំនួនទៀត ក៏ដោយ។


លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។រូបថត៖ MPWT 

លោក ជា សុផារ៉ា រំពឹងថា៖​« គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ នឹងលើកកម្ពស់សេវាភស្តុភារកម្ម និងកំពង់ផែរបស់កម្ពុជាឱ្យកាន់តែសម្បូរបែប ព្រមទាំងអាចប្រកួតប្រជែងជាមួយនឹងកំពង់ផែប្រទេសជិតខាងបាន ផងដែរ»។ បើតាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីរូបនេះ គម្រោងវិនិយោគនេះជាផ្នែកមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគម្រោងពហុបំណងដែលស្ថិតក្នុងវិស័យឧស្សាហកម្មកម្ពុជា​២០១៥-២០២៥​។   
 
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក៏ផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលដល់ពលរដ្ឋប្រមាណ១ម៉ឺនកន្លែង ក្រោយដាក់ឱ្យដំណើរការនាពេលខាងមុខ។ នេះជាការបន្ថែមរបស់លោក ជា សុផារ៉ា៕ 
 

Tag:
 កំពង់ផែពហុបំណងកំពត
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com