ជាតិ
សេដ្ឋកិច្ច
ក្រសួងការងារ និងអង្គការ Helen Keller សាកល្បងរៀបចំទារកដ្ឋានតាមរោងចក្រ ដើម្បីលើកកម្ពស់សុខភាពកុមារ
06, May 2022 , 8:59 am        
រូបភាព
រូបភាពយកពី មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក
រូបភាពយកពី មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ក្រសួងការងារ-អង្គការ Helen Keller បានសហការគ្នាសាកល្បងលើកកម្ពស់សុខភាព ផ្ដល់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ តាមរោងចក្រ ១៨កន្លែងនៅក្នុងខេត្តចំនួន ៤។ ក្នុងនោះមានរាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ និងខេត្តកំពត។

 
លោក ហួ គ្រឿន នាយករងអង្គការ Helen Keller បានពិភាក្សាការងារគម្រោងនេះ នៅតាមរោងចក្រសហគ្រាស តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក ដោយសម្រេចយកគោលដៅក្នុងខេត្តចំនួន៤។ សម្រាប់ខេត្តទាំង៤នោះ មានតែខេត្តកំពតមួយទេ ដែលអង្គការ និងស្ថាប័នពាក់ព័ន្ធ ទើបតែសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២២។
 
ក្រសួងការងារ និងអង្គការ Helen Keller គ្រោងរៀបចំទារកដ្ឋានតាមរោងចក្រនេះ ដើម្បីជួយសម្រួលដល់កម្មករ-កម្មការិនី និងស្ត្រីដែលបំពេញការងារនៅកម្ពុជា ដោយឱ្យពួកគេអាចយកកូនទៅកន្លែងធ្វើការបាន ដែលរៀបចំតាមស្តង់ដា និងមានផាសុខភាពនៅបន្ទប់បំបៅកូន។ ជាពិសេសសម្រាប់ស្រ្តី ដែលមិនអាចយកកូនទៅរោងចក្របាន ហើយអាចឱ្យពួកគេប្រើបន្ទប់ និងឧបករណ៍បូមទឹកដោះ រួចដាក់ក្នុងទូរទឹកកក សម្រាប់ពេលពួកគេចេញទៅផ្ទះ អាចយកទៅឱ្យកូនបៅបានដូចគ្នា។ នេះជាការលើកឡើងរបស់លោក គ្រឿន។


 រូបភាពយកពី មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក

បើតាមលោក ហួ គ្រឿន គម្រោងនេះ ក៏មានការបណ្ដុះបណ្ដាលទៅដល់អ្នកគ្រប់គ្រង និយោជិត និងនិយោជកទាំងអស់ ដើម្បីឱ្យពួកគេយល់ដឹងពីសារៈសំខាន់នៃអាហាររូបបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ។ ជាពិសេសក្នុងបរិបទកន្លែងធ្វើការ ដែលត្រូវមានទាំងរបបអាហារ សុខភាព និងអនាម័យដល់កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។ 
 
លោក ហួ គ្រឿន បញ្ជាក់ថា៖ « រោងចក្រសហគ្រាសណា មានស្រ្តីធ្វើការចាប់ពី ១០០នាក់ គឺត្រូវឱ្យមានទារកដ្ឋាន ដែលមានបន្ទប់បំបៅដោះកូនមួយ។ អ្វីដែលយើងជួយនេះ ព្រោះមើលឃើញថា មានប្រយោជន៍ច្រើន។ គម្រោងនេះជាការសាកល្បង និងជាលើកដំបូងនៅកម្ពុជា»។
 
គម្រោងនេះ មិនមែនផ្តោតតែលើរោងចក្រទេ ពោលគឺវាអាចគ្រប់ដណ្ដប់ទៅដល់ស្ថាប័ន និងអង្គភាពផ្សេងទៀត នាពេលអនាគត។ ប៉ុន្តែអាស្រ័យចាំមើលលទ្ធផលជាក់ស្ដែងនៃការអនុវត្តជំហានដំបូងនេះសិន ។ នេះជាការលើកឡើងរបស់នាយករងអង្គការ Helen Keller ដែលបានបន្ថែមថា៖« តើទំហំនៃការធ្វើការសាកល្បងនេះ មានកម្រិតជោគជ័យបានត្រឹមណា?»។ 
 
មន្រ្តីអង្គការ Helen Keller រូបនេះ បានពិភាក្សាពីចំណុចសំខាន់ទាំងនេះ ជាមួយរដ្ឋាភិបាល ដូចជាក្រសួងសុខាភិបាល  មជ្ឈមណ្ឌលជាតិគាំពារមាតាទារក, ក្រសួងកិច្ចការនារី, ក្រសួងបរិស្ថាន, ក្រសួងផ្សេងៗទៀត ព្រមទាំងធានាគាឯកជន និងអង្គការ NGO ផងដែរ។
 
លោកបន្តថា៖« យើងរើសយករោងចក្រមុនគេ ព្រោះនៅទីនោះ ស្រ្តីមិនតិចជាង ១០០០នាក់ទេ ដែលគាត់ធ្វើការរោងចក្រ។ យ៉ាងហោចណាស់ ៨០ភាគរយ សុទ្ធតែរោងចក្រ»។ 
 


 រូបភាពយកពី មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក

គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាសនេះ មានសុពលភាពរយៈពេល ១៥ខែ​ ដែលគាំទ្រថវិកាដោយ​​គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។​ គម្រោងលើកដំបូងនេះ ផ្ដោតលើរោងចក្រចំនួន ១៨កន្លែង ដែលមានអ្នកធ្វើការសរុប ២១,១៦៦នាក់។ នេះបើតាមលោក ហួ គ្រឿន។
 
​ជាមួយគ្នានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះអង្គការ Helen Keller ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធ អនាម័យ អាហាររូបត្ថម្ភកុមារ នៅតាមរោងចក្រសហគ្រាស។ លោកចាត់ទុកគម្រោងនេះ ជាការរួមចំណែកយ៉ាងសំខាន់ ស្របតាមគោលនយោបាយក្រសួង ដែលកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
 
« ជាក្តីរំពឹងទុកគម្រោងនេះ មិនត្រឹមតែជួយដល់លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀត»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ ដែលអរគុណរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោងGIZ ដែលបានផ្តល់ការគំាទ្រយ៉ាងសកម្មក្នុងការចូលរួមអនុវត្តនូវគម្រោងនេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com