ជាតិ
លោក ហ៊ុន ណេង បងប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលមរណភាព ក្នុងអាយុ៧២ឆ្នាំ លោក ហ៊ុន ណេង បងប្រុស សម្តេច ហ៊ុន សែន
× លោក ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព ក្នុងអាយុ៧២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍BTV ដោយបញ្ជាក់ថា លោកទទួលមរណភាពដោយសារជំងឺបេះដូង។
សារព័ត៌មានថ្មីៗ(ThmeyThmey) បានទាក់ទងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា សុទ្ធតែអះអាងដូចគ្នាថា លោក មិនទាន់ទទួលបានព័ត៌មាននេះទេ ដោយកំពុងតាមដានលើករណីនេះ។
តែបើយោងតាមដំណឹងមរណភាពដែលចែករំលែកដោយទូរទស្សន៍ BTV លោក ហ៊ុន ណេង បានទទួលមរណភាពកាលពីវេលាម៉ោង ៦ និង២៥នាទី ល្ងាចថ្ងៃទី៥ ខែឧសភា ដោយសារជំងឺគាំងបេះដូង។
សពរបស់លោក តម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែឧសភា។
ដោយឡែកលោក ហ៊ុន ម៉ានី និងអ្នកស្រី ហ៊ុន ម៉ាណា ដែលជាកូនប្រុសស្រីរបស់សម្ដេច ហ៊ុន សែន និងត្រូវជាក្មួយរបស់លោក ហ៊ុន ណេង ក៏បានប្តូរ Profile គណនីហ្វេសប៊ុករបស់ខ្លួន ដោយដាក់រូបពណ៌ខ្មៅ ដែលទំនងជាបង្ហាញពីអារម្មណ៍ក្រៀមក្រំ និងកាន់ទុក្ខផងដែរ នាយប់ថ្ងៃទី៥ ឧសភា នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com