ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុនចំនួន៦ បង្កើតរោងចក្រនៅកម្ពុជា ជាមួយទុនសរុបជាង១៥២លានដុល្លារ
06, May 2022 , 3:14 pm        
រូបភាព
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)។
ដោយ ៖ ធន់ សេងហុង 
 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនបត្រដល់ក្រុមហ៊ុនថ្មីចំនួន៦ទៀត ក្នុងការបង្កើតរោងចក្រនានានៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះមានទុនវិនិយោគ ប្រមាណ១៥២,៦លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋ ប្រមាណ៣ ០០០កន្លែង។ នេះបើតាមការចុះផ្សាយរបស់CDC។

 
ក្រុមហ៊ុនចំនួន៦ទៀត ត្រូវបាន CDC អនុម័តឱ្យបង្កើតរោងចក្រនៅកម្ពុជា។ បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន RONG JIN C C CERAMIC CO., LTD គ្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ក្នុងទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រោងចក្រនេះ អាចបង្កើតការងារជូនបានចំនួន ៣០៤កន្លែង។ 
 
CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន ELITE SOLAR (CAMBODIA) CO., LTD. បង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា នៅអង្គស្នួលខេត្តកណ្តាលដែរ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៤៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។ ខណៈ គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅម្តុំជ្រោយចង្វារ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ក៏ត្រូវបាន CDC អនុម័តដែរ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាម៉េរិក ហើយអាចបង្កើតការងារបានចំនួន ១៦១កន្លែង។ 
 
ចំណែកឯ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះអេឡិចត្រូនិករបស់ ក្រុមហ៊ុន SHENG KA SHIN ELECTRONIC REBORN RESOURCE CO., LTD នៅត្រាំកក់ ខេត្តតាកែវ អាចបង្កើតការងារបានចំនួន ៥០៥កន្លែង ដែលមានទុនវិនិយោគ ៩,៦លានដុល្លារ។ ទន្ទឹមគ្នានេះ CDC ក៏បានអនុម័តផងដែរ ឱ្យក្រុមហ៊ុន LHTL DECORATION (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតនិងផ្គុំដំឡើងខ្សែអំពូលភ្លើងតុបតែង និងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ស្ថិតនៅថ្ពង ខេត្តកំពង់ស្ពឺ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៦កន្លែង។ 
 
ក្រៅពីក្រុមហ៊ុនទាំង៥ខាងលើនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន JBT TECHNOLOGY CO., LTDបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ នៅម្តុំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុនមួយនេះ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ ហើយអាចបង្កើតការងារជូនពលរដ្ឋបានរហូតដល់ ១១៧៣កន្លែង៕
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com