ជាតិ
សង្គមជាតិ
រដ្ឋ យកដីតំបន់ភ្នំតាម៉ៅ៨០០ហិកតា ទៅដូរយកដីជាង១០០០ហិកតា នៅតំបន់ផ្សេង
06, May 2022 , 4:40 pm        
រូបភាព
ទិដ្ឋភាពតំបន់ភ្នំតាម៉ៅ (រូបពីវីដេអូរបស់អង្គការ Wildlife Care)
ទិដ្ឋភាពតំបន់ភ្នំតាម៉ៅ (រូបពីវីដេអូរបស់អង្គការ Wildlife Care)
ដោយ៖ ទេពញាណ 
 
រដ្ឋាភិបាល បានកាត់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី ១ ១២២ហិកតា។ នេះបើតាមសេចក្ដីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចេញដោយលោក ខូយ ឃុនហ៊ួរ ជារដ្ឋលេខាធិការ ជួសឲ្យលោក ប៊ិន ឈិន ជារដ្ឋមន្រ្តី។

 

សជណនោះ ដែលចេញតាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ត្រូវបានផ្ញើជូនទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ ផ្អែកលើសជណ ដី២ទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល។ 
 
ទីតាំងទី១ មានទំហំ៣០០ហិកតា។ តំបន់ដី៣០០ហិកតានេះ គឺជាទីតាំងស្ថានីយ៍ចិញ្ចឹមគោពូជភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ អ្វីដែលរដ្ឋាភិបាល បានមកវិញពីការកាត់តំបន់ដី៣០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល គឺតំបន់ដី៤០០ហិកតា ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ ឃ្លាំងចំណីសត្វ ឃ្លាំងសម្ភារ កន្លែងសម្លាប់មេរោគ គ្រឿងសង្ហារិម ប៉ុស្តិ៍យាម រថយន្ត​ Van ១គ្រឿង រថយន្ត​ Pick Up ៥គ្រឿង ត្រាក់ទ័រ៤គ្រឿង និងទោចក្រយានយន្ត៥០គ្រឿង ។ល។
 
ទីតាំងទី២ មានទំហំ៥០០ហិកតា។ តំបន់ដី៥០០ហិកតានេះ គឺជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ។ ការប្រគល់តំបន់ដី៥០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ធ្វើឲ្យរដ្ឋាភិបាល ទទួលបានមកវិញនូវតំបន់ដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា (៤៧២,៨០៩ហិកតា) ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ 
 
ចំពោះតំបន់ដី២៥០ហិកតា ក្នុងខេត្តសៀមរាប នឹងត្រូវប្រើប្រាស់សម្រាប់បង្កើតសួនសត្វ Safari Angkor ហើយក្នុងសួតសត្វ Safari AngKor នឹងត្រូវបានបង្កើតអគារផ្សេងៗ ដូចជា អគាររដ្ឋបាល និងអគារព្យាបាលសត្វព្រៃ ជាអាទិ៍។ ចំណែក តំបន់ដីជាង៤៧២ហិកតា នៅខេត្តមណ្ឌលគិរី នឹងត្រូវទុកសម្រាប់បង្កើតសួនភូតគាមមណ្ឌលគិរី។ 
 
សជណពីទីស្តីការគណៈរដ្ឋមន្រ្តីខាងលើ ពុំបានបញ្ជាក់ថា តំបន់ដីសរុប ១ ១២២ហិកតា ដែលរដ្ឋាភិបាលទទួលបាននោះ គឺជាតំបន់ដីរបស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល នោះទេ។ 
 
គេហទំព័រ demo.cambodia.gov.kh សរសេរថា ភ្នំតាម៉ៅ មានផ្ទៃដីសរុប ១ ២០០ហិកតា ហើយជារមណីយដ្ឋានចម្រុះ ដែលមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា៕ 
 

Tag:
 ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com