ជាតិ
ពីនេះ ពីនោះ
«រាវ» មានអត្ថន័យបីផ្សេងពី​គ្នា
03, Apr 2023 , 7:29 am        
រូបភាព
«រាវ» មានថ្នាក់ពាក្យជា​កិរិយាសព្ទ, គុណសព្ទ និងនាមសព្ទ ហើយមាន​អត្ថន័យ​ខុសពី​គ្នាដាច់ស្រឡះ។ នេះ​បើផ្អែក​តាមវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ជាកិរិយាសព្ទ «រាវ» មានន័យថា ជ្រាវរកដោយដៃ។ រាវចាប់ត្រីក្នុងអង្រុត ។ ស្រាវជ្រាវរក, សង្កេតឈ្លេចឈ្លីរក។ រាវរកឲ្យឃើញសេចក្ដីពិត ។
 
ជាគុណសព្ទ «រាវ» ផ្ទុយពីពាក្យ​ខាប់។ ខ្លាញ់រាវ, បបររាវ របស់រាវ ឬ វត្ថុរាវ អ្វីៗដែលជាទឹក, មិនខាប់ ដូចយ៉ាងប្រេង, សុរាជាដើម ។ ក្មេងឈាមរាវ ក្មេងដែលកំពុងមានកម្លាំងពេញពាល មានចិត្តរហេវរហាវមិនសូវចេះអត់ធ្មត់ ។ ល ។
 
សម្រាប់នាមសព្ទវិញ «រាវ» សំដៅលើប្រដាប់ធ្វើដោយបន្ទោះត្បាញជាក្រឡា ឬដោយក្រងបន្ទះរនាបជាដើម សម្រាប់ផ្កាប់ចានដែលប្រើប្រាស់។ រាវចាន, ចានមួយរាវ។
 
ពាក្យទំនឹមទំនៀម​បុរាណ៖ ចានមួយរាវរណ្ដំតែគ្នាឯង នៅក្នុងលំនៅ ឬក្នុងបន្ទុកមួយចេះតែប្រទូស្តគ្នារឿយៗឥតស្រាក ដូចជាចានក្នុងរាវមួយរណ្ដំគ្នា ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com