ជាតិ
ពីនេះ ពីនោះ
«ក្រៀវ» និង «គ្រៀវ» សរសេរមួយណាក៏បាន តែមានន័យខុសពី «គ្រាវ»
05, Apr 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា រវាងពាក្យ «គ្រៀវ» និង «ក្រៀវ» យើងអាច​សរសេរមួយណា​ក៏បាន ហើយក៏ដូចគ្នា​ផងដែរ​រវាងពាក្យ «កម្រៀវ» និង «គម្រៀវ»។ ប៉ុន្តែសទិសសព្ទ «គ្រាវ» មានន័យ​ផ្សេងពីនេះ។

 
«គ្រៀវ» ឬ «ក្រៀវ» មានន័យថា វះកាត់ត្រង់គល់ទងយកអណ្ឌៈ (ពង) ចេញ : គ្រៀវគោ, គ្រៀវក្របី, គ្រៀវជ្រូក (ចំពោះតែឈ្មោល) ។ វះកាត់យកស្បូនចេញមិនឲ្យមានកូន : គ្រៀវជ្រូក (ញី) ។ វះកាត់យកចេញនូវសាច់ដុំតូចជាប្រភពនៃតម្រេកក្នុងកាម : គ្រៀវមាន់ (ឈ្មោល) ។ 
 
វាយ, ដំ ឬ កាត់សំបកជុំវិញដើម សកយកចេញឲ្យអស់មិនឲ្យរស់តទៅទៀត : គ្រៀវដើមក្រសាំង, គ្រៀវដើមគគីរ ។ ក្ដិច, កាច់ត្រួយ ឬ ខ្នែងថ្នាំ ដើម្បីឲ្យស្លឹកបានរីកធំក្រាស់ល្អ ហើយខ្លាំង មិនល្វីង : គ្រៀវថ្នាំ ។ កាច់កន្ទុយផ្លែម្នាស់ ដែលនៅមិនទាន់ចាស់ដើម្បីឲ្យផ្លែម្នាស់បានថ្លោសល្អ;  ចួនកាល គេកាច់កន្ទុយផ្លែចេញហើយគេរោយក្បុងមានជាតិប្រៃឡមៗ ដាក់ត្រង់កន្លែងដែលកាច់កន្ទុយចេញនោះ ដើម្បីឲ្យផ្លែម្នាស់ថ្លោសផង ឲ្យផ្លែនោះមានរសផ្អែមឈ្ងុយផង : គ្រៀវម្នាស់ ។ 
 
«កម្រៀវ» ឬ «គម្រៀវ» សំដៅ​លើសត្វឬឈើដែលក្រៀវ។ គោកម្រៀវ, មាន់កម្រៀវ ជាដើម ។
 
ដោយឡែកពាក្យ «គ្រាវ» ឯណោះវិញ មានន័យថា បញ្ចេញសំឡេងឮរំពង អំពាវនាវហៅញី (ឆ្មា)។ ឆ្មាគ្រាវ ។ ឆ្មាញីខ្លះក៏គ្រាវហៅឈ្មោលដែរ (មានខ្លះមួយៗ) ។សម្រាប់ថ្នាក់ពាក្យ​ជា​គុណសព្ទ «គ្រាវ» មានន័យថា ដែលមានសូរធំគ្រោតគ្រាត (សំឡេង)ក្មេងឡើងខ្លួនមានសំឡេងគ្រាវ គឺក្មេងប្រុសពេញជំទង់ដែលប្រែសំឡេងមានសូរធំស្អា ខុសពីកាលនៅជាកូនក្មេង :កូនហ្នឹងកាលពីក្មេងវាមានសំឡេងល្អ ច្រៀងពីរោះណាស់ ឥឡូវសំឡេងវាគ្រាវ វាច្រៀងមិនពីរោះដូចពីក្មេងទេ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com