ជាតិ
អភិបាលខេត្តសៀមរាប មិនអាចសន្និដ្ឋានពីកំណើនទេសចរអន្តរជាតិឡើយ ព្រោះកង្វះជើងហោះហើរ ​
06, May 2022 , 9:59 pm        
រូបភាព
សៀមរាប៖ ក្រសួងទេសចរណ៍សន្និដ្ឋានថា កម្ពុជាត្រូវការពេល៥ឆ្នាំ ក្នុងការទាញទេសចរអន្តរជាតិឱ្យត្រឡប់មកវិញ ដូចមុនពេលមានវិបត្តិកូវីដ-១៩។ ទោះខេត្តសៀមរាបមានកំណើនភ្ញៀវទេសចរច្រើន នាពេលចូលឆ្នាំខ្មែរក្តី ប៉ុន្តែអភិបាលខេត្តមួយនេះ មិនអាចសន្និដ្ឋានពីកំណើនទេសចរអន្តរជាតិនាពេលអនាគតឡើយ។ នោះក៏ព្រោះតែការកង្វះជើងហោះហើរ ជាបញ្ហាចម្បងសម្រាប់ពេលបច្ចុប្បន្ន។

 
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៥លាននាក់ ដែលបានចេញដើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំខ្មែរ បង្ហាញសញ្ញាវិជ្ជមាន នៃវិស័យទេសចរណ៍របស់កម្ពុជា ក្រោយការបើកឡើងវិញ។​ ទន្ទឹមនឹងនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានសន្និដ្ឋានថា វិស័យទេសចរណ៍នៅកម្ពុជា នឹងងើបឡើងវិញក្នុងរយៈពេល៥ឆ្នាំក្រោយ ពិសេសកំណើនទេសចរបរទេស។
 
ទោះជាយ៉ាងណា លោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនអាចសន្និដ្ឋានពីកំណើន​ទេសចរនៅថ្ងៃអនាគតឡើយ ខណៈសៀមរាប កំពុងខ្វះជើងហោះហើរនាពេលបច្ចុប្បន្ន។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ខាងក្រោមដូចតទៅ៖
 


កង្វះជើងហោះហើរ ជាបញ្ហាចម្បង។ ម្យ៉ាងទៀតកំណើនភ្ញៀវទេសចរ ក៏មានតែអំឡុងពេលពិធីបុណ្យជាតិធំៗ ទើបធ្វើឱ្យអភិបាលរូបនេះ ពិបាកវាយតម្លៃពីកំណើនភ្ញៀវទេសចរនាពេលអនាគត។ លោក សីហា ពន្យល់ថា ដ្បិតចូលឆ្នាំខ្មែរនេះ សៀមរាប មានកំណើនទេសចរ ប៉ុន្តែភាគច្រើនជាទេសចរក្នុងស្រុក។ ចំពោះភ្ញៀវបរទេស នៅមានកម្រិត ព្រោះជើងហោះហើរបើកដំណើរការបានតិចបំផុត ហើយប្រទេសជិតខាងក៏មិនទាន់អាចគ្រប់គ្រងជំងឺកូវីដ-១៩ បានប្រសើរនៅឡើយ។
 


លោក សីហា បានលើកឡើងដូច្នេះថា៖«ខ្ញុំសង្ឃឹមថាប្រទេសផ្សេងៗនឹងអាចទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ យើងនឹងអាចទទួលបានកំណើនទេសចរច្រើនជាងនេះ។ ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេច យើងមានលទ្ធភាពអាចទទួលភ្ញៀវទេសចរបាន។ កត្តាសំខាន់គឺប្រទេសដែលនៅជុំវិញ។ ដ្បិតយើងរៀបចំបានល្អ មានចំណុចទាក់ទាញទេសចរក្នុងខេត្តសៀមរាបក៏ដោយ ប៉ុន្តែបើសិនជាយើងនៅខ្វះកត្តាធ្វើដំណើរ ដូចជាជើងយន្តហោះដែលធ្វើដំណើរត្រង់មកសៀមរាបនៅមានតិចនៅឡើយ»។ 

 
អភិបាលរូបនេះ បញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រតិបត្តិការទេសចរណ៍នៅខេត្តសៀមរាប ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានផ្សេងៗ បានដំណើរការត្រឹម៤០ភាគរយប៉ុណ្ណោះ ព្រោះខ្វះភ្ញៀវទេសចរនៅឡើយ។ លោក អះអាងថា នឹងបន្តជំរុញឱ្យមានការបើកឡើងវិញឱ្យបានច្រើន បើសិនជាមានភ្ញៀវទេសចរច្រើនវិលត្រឡប់មកវិញ៕
 





Tag:
 សៀមរាប
 ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com