ជាតិ
លោក ប្រាក់ សុខុន ជំរុញការផ្តល់ជំនួយមនុស្សធម៌ និងវ៉ាក់សាំងកូវីដ-១៩ទៅមីយ៉ាន់ម៉ាឱ្យ ទាន់ពេលវេលា
08, May 2022 , 10:36 am        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះ ធ្វើតាមទម្រង់ផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយផ្ដោតលើប្រធានបទ៣សំខាន់។


 
នៅថ្ងៃទី៦ ឧសភា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះ ជាផ្នែកមួយនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។ 
 
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកស្រី ចយស៍ មស៊ូយ៉ា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌, តំណាងសមាជិកអាស៊ាន និងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកមនុស្សធម៌ ទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដៃគូខាងក្រៅរបស់អាស៊ាន អង្គការអន្តរជាតិពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទ៣សំខាន់ៗ ទាក់ទងនឹងក្របខណ្ឌរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន, ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការ នៃការផ្តល់ជំនួយមនុស្សធម៌ និងក្របខណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
 
តាមរយៈកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន ប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជំរុញឱ្យមានការធ្វើលទ្ធកម្ម ដឹកជញ្ជូន និងចែកចាយសម្ភារជំនួយមនុស្សធម៌ រួមទាំងវ៉ាក់សាំងកូវីដ-១៩ ទៅមីយ៉ាន់ម៉ា ឱ្យបានទាន់ពេលវេលា។  លោក ប្រាក់ សុខុន បន្តថាការផ្ដល់ជំនួយនេះ ត្រូវធ្វើឱ្យមានប្រសិទ្ធភាព និងគ្មានការរើសអើង ដោយចូលទៅដល់ទីកន្លែងសុវត្ថិភាព និងសន្ដិសុខរបស់ភាគីប្រតិបត្តិ។ 

រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
 
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន លើកឡើងថា កម្មវិធីមនុស្សធម៌នៅមីយ៉ាន់ម៉ានេះ ត្រូវធានាឱ្យមានឥទ្ធិពលយូរអង្វែង ក្នុងការដោះស្រាយការព្រួយបារម្ភអំពីបញ្ហាមនុស្សធម៌ ដែលកំពុងជួបប្រទះ។
 
ដោយឡែក ក្រុមការងារមីយ៉ាន់ម៉ា បញ្ជាក់ប្រាប់អង្គប្រជុំថា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធានាថា ជំនួយមនុស្សធម៌ និងវ៉ាក់សាំងដែលផ្ដល់ពីអាស៊ាន និងដៃគូផ្សេងទៀត នឹងបានទៅដល់សហគមន៍នៅមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា ធានាអះអាងដែរថា ជំនួយនេះនឹងបានទៅដល់តំបន់របស់អង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលតំបន់ទាំងនេះក៏មានជំរំជនបាត់បង់ទីលំនៅក្នុងស្រុក និងសហគមន៍រងផលប៉ះពាល់។
 
បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ ក្រុមការងារមីយ៉ាន់ នឹងបន្ដធ្វើការជាមួយមជ្ឈមណ្ឌល AHA នៅរដ្ឋរ៉ាខាញ ដើម្បីអនុវត្ដអនុសាសន៍ការវាយតម្លៃតម្រូវការបឋម និងជំនួយមនុស្សធម៌អាស៊ាន ដំណាក់កាលទីពីរ នៅមីយ៉ាន់ម៉ា៕
 

Tag:
 មនុស្សធម៌
 វ៉ាក់សាំង
  COVID-19
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com