កីឡាអន្តរជាតិ
អន្តរជាតិ
Everton គេចផុតតំបន់កាត់ចោល ឯ Man Utd ប្រឈមអស់កៅអី Europa League ថែមទៀត
09, May 2022 , 11:47 am        
រូបភាព
Everton ឡើងទៅតំបន់សុវត្ថិភាពវិញក្រោយយកឈ្នះ Leicester City ២-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣៤ នៅថ្ងៃទី៨ ខែឧសភា។ Manchester United ដែលអស់ឱកាសប្រជែងកៅអី Champions League ទៅហើយ ប្រឈមមិនបានលេង Europa League ថែមទៀត បន្ទាប់ពី West Ham United ឈ្នះ Norwich City ៤-០។


២គ្រាប់ដែលធ្វើបានដោយ Vitaliy Mykolenko និង Mason Holgate បានជួយក្រុម Everton ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Frank Lampard គេចផុតពីតំបន់ត្រូវកាត់ចោលទៅលីគទី២ Championship។
 
ឆ្លងកាត់ការប្រកួត៣៤លើក Everton រកបាន៣៥ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី១៦បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស។ Everton ដែលសល់មួយប្រកួតក្នុងដៃ នាំមុខ Burnley នៅលេខរៀងទី១៧ និង Leeds United ១៨ (តំបន់ត្រូវកាត់ចេញ) ដែលប្រកួត៣៥លើក ចំនួន១ពិន្ទុដូចគ្នា។
 
គិតមកដល់ពេលនេះ ក្រុមដែលត្រូវប្រជែងគ្នាខ្លាំង ដើម្បីរក្សាកៅអីលេងនៅលីគកំពូលអង់គ្លេសរដូវកាលក្រោយ មាន Southampton, Everton, Burnley និង Leeds United។

Southampton ដែលឈរលេខរៀងទី១៥ មាន៤០ពិន្ទុ តែប្រកួត៣៦លើករួចហើយ។ ក្រុមដែលត្រូវកាត់ចោលទៅលីគទី២ដោយស្វ័យប្រវត្តិមាន Watford និង Norwich City។
 
ដោយឡែកក្រុមដុនដាប Man Utd វិញ បន្ទាប់ពីចាញ់ Brighton & Hove Albion ទាំងអាម៉ាស់ក្នុងលទ្ធផល ៤-០ កាលពីចុងសប្តាហ៍បានធ្វើឱ្យពួកគេអស់ឱកាសប្រជែងកៅអី Champions League រដូវកាលក្រោយ។ អស់កៅអីក្របខណ្ឌកំពូលអឺរ៉ុប ក្រុមបិសាចក្រហម ប្រឈមមិនបានលេង Europa League ថែមទៀត។
 
Man Utd សព្វថ្ងៃឈរនៅចំណាត់ថ្នាក់ទី៦ ដោយមាន៥៨ពិន្ទុពីការប្រកួត៣៧លើក ដោយនាំមុខ West Ham ចំនួន៣ពិន្ទុ។ យ៉ាងណាក៏ដោយ West Ham នៅសល់មួយប្រកួតក្នុងដៃហើយមានសំណល់គ្រាប់បាល់ល្អជាង Man Utd។ ដូច្នេះប្រសិនបើ២ប្រកួតចុងក្រោយរបស់ក្រុមលោក David Moyes ឈ្នះទាំងពីរប្រកួត នោះ Man Utd នឹងធ្លាក់ទៅលេខ៧ដោយស្វ័យប្រវត្តិបើទោះពួកគេឈ្នះនៅមួយប្រកួតចុងក្រោយក្តី។
 
នៅក្របខណ្ឌលីគកំពូលអង់គ្លេស ក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទីលេខ១ដល់លេខ៤បានកៅអី Champions League ស្វ័យប្រវត្តិ។ ក្រុមលេខ៥ និងលេខ៦បានកៅអី Europa League ខណៈលេខ៧បានកៅអីវគ្គជម្រុះពានកម្រិតទី៣អឺរ៉ុបដែលទើបបង្កើតថ្មី Europa Conference League។
 
សម្រាប់ក្រុមដែលប្រជែងតំណែង Top4 មាន Chelsea, Arsenal និង Tottenham Hotspur។ Chelsea ឈរលេខ៣បណ្តោះអាសន្នមាន៦៧ពិន្ទុ នាំមុខក្រុមលេខ៤ Arsenal ចំនួន១ពិន្ទុ និងក្រុមលេខ៥ Spurs ចំនួន៥ពិន្ទុ។ ក្រុមទាំង៣នេះប្រកួតបាន៣៥លើកដូចគ្នា។
 
ចំណែកក្រុមកំពុងប្រជែងជើងឯក Premier League រវាងម្ចាស់ការពារជើងឯក Man City និង Liverpool នៅប្រដេញគ្នានៅឡើយ។ យ៉ាងណាក្តី ជ័យជម្នះ ៥-០ លើក្នុង Newcastle United នៅជំនួបសប្តាហ៍ទី៣៥ បានជួយក្រុមលោក Pep Gardiola រក្សាកំពូលតារាងជាមួយពិន្ទុសរុប៨៦ពិន្ទុ នាំមុខគូប្រជែង Liverpool ដែលប្រកួតស្មើ Spurs ចំនួន៣ពិន្ទុ ខណៈការប្រកួតនៅសល់៣លើកចុងក្រោយ នឹងបញ្ចប់រដូវកាលនេះ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com