កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Verstappen រកបានជ័យជម្នះទី៣នៅអាម៉េរិក តែតាមពីក្រោយ Leclerc ១៩ពិន្ទុ
09, May 2022 , 7:29 pm        
រូបភាព
ម្ចាស់ការពារតំណែងជើងឯក Mark Verstappen ឈ្នះការប្រណាំងរថយន្តលំដាប់ពិភពលោក Formula One ក្នុងកម្មវិធី Miami Grand Prix ដែលធ្វើនៅទីលានប្រណាំងក្នុងទឹកដី សហរដ្ឋអាម៉េរិក ថ្ងៃទី៨ ខែឧសភា។ នេះជាជ័យជម្នះលើកទី៣របស់ Verstappen ក្នុងចំណោមការប្រណាំង៥លើករដូវកាលឆ្នាំ២០២២។


Verstappen ដែលបើកបរឱ្យក្រុម Red Bull ប្រជែងឈ្នះ Charles Leclerc របស់ Ferrari ដើម្បីទៅដល់ទីមុនគេ ដោយប្រើថេរវេលា១ម៉ោង ៣៤នាទី និង២៤វិនាទី។ Carlos Sainz មិត្តរួមក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
ក្នុងចំណោមការប្រណាំង៥លើកដំបូងនៅរដូវកាលថ្មីនេះ Verstappen ដែលជាម្ចាស់ការពារតំណែងជើងឯក F1 រកបានពិន្ទុពេញ៣លើក ខណៈ Leclerc ឈ្នះពីរលើក។
 
ដោយឡែក ម្ចាស់ជើងឯក៧សម័យ Lewis Hamilton នៅមិនទាន់រកឃើញជ័យជម្នះនៅឡើយទេ ស្របពេលការប្រណាំងនៅទីលានទី៥នេះ រូបគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦។ ឆ្លងកាត់ការប្រណាំង៥លើក អ្នកប្រណាំងអង់គ្លេសដែលបើកបរឱ្យក្រុម Mercedes ធ្វើបានល្អបំផុតនៅជំនួបបើកឆាកដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
សរុបពិន្ទុក្រោយការប្រណាំង៥លើក កីឡាករសញ្ជាតិមូណាកូ Leclerc ឈរកំពូលតារាងមាន១០៤ពិន្ទុ តាមពីក្រោយដោយអ្នកប្រណាំងហូឡង់ Verstappen រកបាន ៨៥ពិន្ទុ។ Sergio Perez ដែលបើកឱ្យ Red Bull ឈរលេខ៣មាន៦៦ពិន្ទុ នាំមុខ George Russell របស់ Mercedes នៅលេខ៤ចំនួន៧ពិន្ទុ។ Hamilton នៅលេខ៦ ទើបរកបាន៣៦ពិន្ទុប៉ុណ្ណោះ។
 
ដោយឡែក សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ Ferrari នៅតែនាំមុខគេក្នុងតារាង F1 ជាមួយពិន្ទុសរុប១៥៧ពិន្ទុ ខណៈ Red Bull ដេញពីក្រោយចំនួន៦ពិន្ទុ។ Mercedes ម្ចាស់ការពារជើងឯកគ្រឿងម៉ាស៊ីនល្អបំផុត នៅលេខ៣ រកបាន៩៥ពិន្ទុ។
 
ការប្រណាំងបន្ទាប់នៅទីលានទី៦ នឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញ ក្នុងកម្មវិធី PIRELLI GRAN PREMIO DE ESPANA នាថ្ងៃទី២២ ខែសឧសភា៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com