អន្តរជាតិ
កាណាដា នឹងជួយអ៊ុយក្រែនរកវិធីនាំចេញគ្រាប់ធញ្ញជាតិដែលជាប់គាំងដោយសារសង្រ្គាម
09, May 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ។ រូបភាព៖ AFP
ដោយ:
កាណាដា នឹងជួយអ៊ុយក្រែនស្វែងរកជម្រើសនាំចេញគ្រាប់ធញ្ញជាតិ ដើម្បីរក្សាសន្តិសុខស្បៀងអាហារពិភពលោក ខណៈការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបានរាំងខ្ទប់ការនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន។ នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ បានប្រកាសបែបនេះនៅថ្ងៃទី៨​​ ខែឧសភា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែននៅក្រុងកៀវ។

 
តាមទិន្នន័យរបស់អង្គការកសិកម្ម និងអាហារ (FAO) នៃអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន គ្រាប់ធញ្ញជាតិជាង ២៥លានតោន ត្រូវបានជាប់គាំងនៅអ៊ុយក្រែន ពីព្រោះការវាយប្រហារពីសំណាក់រុស្ស៊ី បានបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរាំងស្ទះនៅកំពង់ផែនៅសមុទ្រខ្មៅ និងក្រុងMariupol។ វិបត្តិដែលកំពុងកើតឡើងនៅអ៊ុយក្រែនអស់រយៈពេលជាង ១០សប្តាហ៍មកនេះ បានបណ្តាលឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងយ៉ាងខ្លាំង ស្របពេលអ៊ុយក្រែនជាប្រទេសនាំចេញពោតដ៏ធំជាងគេទី៤ និងស្រូវសាលីទី៦នៅលើពិភពលោក។
 
ជាមួយក្តីបារម្ភនឹងបញ្ហាផ្គត់ផ្គង់ស្បៀងអាហារទាំងនេះ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាស្ទីន ទ្រូដូ បានលើកឡើងថា កាណាដាដឹងថាប្រជាជនជុំវិញពិភពលោក នឹងស្រេកឃ្លាន ដោយសារតែទង្វើរបស់រុស្ស៊ី។ បន្ថែមពីនេះ កាណាដាក៏កំពុងស្វះស្វែងរកដោះស្រាយបញ្ហាដែរ។
 
«វាមានគ្រាប់ធញ្ញជាតិនៅអ៊ុយក្រែន កំពុងរង់ចាំការដឹកជញ្ជូន។ យើងត្រូវតែធ្វើឱ្យប្រាកដថា រុស្ស៊ីមិនរារាំងគ្រាប់ធញ្ញជាតិដែលត្រូវការនាំចេញទៅពិភពលោកទេ»។ នាយករដ្ឋមន្រ្តីកាណាដា បានថ្លែងបែបនេះ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៨ ខែឧសភា។ បើតាមលោកទ្រូដូ ការដឹកជញ្ជូនតាមកំពង់ផែទន្លេ Danube ដែលជាទន្លេវែងជាងគេទីពីរនៅអឺរ៉ុបអាចជាផ្នែកមួយដើម្បីជួយការនាំចេញ។ ប៉ុន្តែ លោកមិនបានផ្តល់សេចក្តីលម្អិតអ្វីទេ ដោយបន្ថែមថា ជម្រើសជាច្រើនទៀតកំពុងត្រូវបានពិចារណា។ 
 
ទន្ទឹមនេះ កាណាដាបានផ្តល់ប្រាក់ចំនួន ២៥លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោកដែលជាកិច្ចប្រឹងប្រែងរក្សាសន្តិសុខស្បៀងអាហារពិភពលោក ព្រមទាំងនឹងដកចេញពន្ធពាណិជ្ជកម្មលើការនាំចូលទាំងអស់របស់អ៊ុយក្រែនទៅកាន់កាណាដានៅឆ្នាំក្រោយផង។ 
 
គួររំលឹកថា មេដឹកនាំកាណាដា រួមជាមួយឧបនាយករដ្ឋមន្រ្តីកាណាដា Chrystia Freeland និងរដ្ឋមន្រ្តីការបរទេស Melanie Joly នៅថ្ងៃទី៨ ខែឧសភា បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងកៀវដោយមិនបានប្រកាសមុន។ បន្ទាប់ពីជំនួបជាមួយមេដឹកនាំអ៊ុយក្រែន អំឡុងសន្និសីទព័ត៌មានលោកទ្រូដូ បានប្រកាសផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើបុគ្គលរុស្ស៊ី ៤០ នាក់ និងអង្គភាពរុស្ស៊ីចំនួន ៥ ក៏ដូចជាអភិជនក្នុងវិស័យការពារជាតិរុស្ស៊ី។ លើសពីនេះ កាណាដានៅថ្ងៃដដែលក៏បានបើកស្ថានទូតនៅក្រុងកៀវឡើងវិញផងដែរ ក្រោយត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារស្ថានភាពសន្តិសុខ៕ 
 

Tag:
 កាណាដា
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com