អន្តរជាតិ
ចិនថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្បែរ​កោះ​តៃវ៉ាន់
09, May 2022 , 10:29 pm        
រូបភាព
រូបភាព៖ Kyodo
រូបភាព៖ Kyodo
កងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី​៩ ខែឧសភា បានលើកឡើងថា យោធាចិន បានធ្វើសមយុទ្ធមួយផ្សេងទៀតនៅជិតកោះតៃវ៉ាន់កាលពីសប្តាហ៍មុន។ សមយុទ្ធនេះធ្វើឡើងដើម្បី ពង្រឹងប្រតិបត្តិការប្រយុទ្ធរួមគ្នារបស់កងទ័ពចិន បន្ទាប់ពីកោះតៃវ៉ាន់បានរាយការណ៍ការបង្កើនសកម្មភាពយោធារបស់ចិន។

 
ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់តែងត្អូញត្អែរអំពីសកម្មភាពយោធាចិន ដែលភាគច្រើនបានធ្វើសមយុទ្ធនៅក្បែរភាគខាងត្បូង និងនិរតីនៃតំបន់ការពារដែនអាកាសតៃវ៉ាន់ (ADIZ)។ 
 
ជាថ្មីម្តងទៀត នៅចុងសប្តាហ៍មុន ចិនបានចូលដែនអាកាសតៃវ៉ាន់។ កងទ័ពអាកាសរបស់កោះតៃវ៉ាន់នៅថ្ងៃទី៦ ខែឧសភា បានបញ្ជូនយន្តហោះចម្បាំង ដើម្បីទៅបណ្ដេញ និងព្រមានយន្តហោះចិនចំនួន ១៨ គ្រឿងដែលបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ លើសពីនេះ តៃវ៉ាន់ក៏បានបញ្ជាក់ថា នៅថ្ងៃទី៧ និងទី៨ ខែឧសភា ចិនបានបញ្ជូនយន្តហោះមកបន្ថែម ទោះបីជាមានយន្តហោះតិចជាងមុនក្តី។
 
តាមសេចក្តីថ្លែងការណ៍មួយរបស់បញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើត ការធ្វើសមយុទ្ធយោធានៅថ្ងៃទី​៦ ដល់ទី៨ខែឧសភា នៅភាគខាងកើត និងភាគនិរតីនៃកោះតៃវ៉ាន់នេះ ដើម្បីសាកល្បងបន្ថែមទៀត និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរួមគ្នា និងអាវុធជាច្រើន។ យ៉ាងណាមិញ​ សេចក្តីថ្លែងការណ៍ដដែលមិនបានបញ្ជាក់ព័ត៌មាន​លម្អិត​ពីការធ្វើសមយុទ្ធឡើយ។ 
 
កន្លងមក ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះប្រឆាំងនាវាមុជទឹកនៅតំបន់ការពារដែនអាកាសនេះ។ គួរបញ្ជាក់ថាគ្មានការបាញ់ប្រហារណាមួយត្រូវបានកើតឡើយ បើទោះបីជាមានការហោះចូលដែនអាកាសតៃវ៉ាន់ ៣ ថ្ងៃជាប់គ្នា។ យន្តហោះរបស់ចិនមិនបានហោះហើរនៅក្នុងលំហអាកាសរបស់តៃវ៉ាន់នោះទេ ប៉ុន្តែបានចូលលុកលុយនៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ (ADIZ)។
 
តៃវ៉ាន់បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដោយប្រយ័ត្នខ្លាចចិនធ្វើសកម្មភាពស្រដៀងគ្នានេះ ទោះបីជារដ្ឋាភិបាលនៅទីក្រុងតៃប៉ិ មិនបានរាយការណ៍ពីសញ្ញាណាមួយដែលថានឹងកើតឡើងក៏ដោយ៕ 
 

Tag:
 ចិន
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com