អន្តរជាតិ
ក្នុងថ្ងៃទិវាជ័យជម្នះ លោកពូទីនថាកងកម្លាំងរុស្ស៊ីបានប្រយុទ្ធ ដើម្បីការពារមាតុភូមិ
10, May 2022 , 9:38 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ​ ពូទីន នៅថ្ងៃជ័យជម្នះទី៩ ខែឧសភា បានរំលឹកខួបដល់ទាហាន សូវៀតដែលបានយកឈ្នះសង្គ្រាមជាមួយណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ហើយបានសង្កត់ធ្ងន់​ពីកងកម្លាំងរុស្ស៊ីដែលបានការពារមាតុភូមិពីការគំរាមកំហែងខាងក្រៅ។ យ៉ាងណាមិញ លោកពូទីន មិនបានលើកឡើងពីការប្រកាសប្រមូលកម្លាំងយោធា ឬការប្រកាសជ័យជម្នះលើសង្គ្រាមលើអ៊ុយក្រែននោះឡើយ។

 
ថ្ងៃទី៩ ខែឧសភា ត្រូវបានគេស្គាល់ថាជាទិវាជ័យជម្នះសម្រាប់ស្ស៊ី ហើយថ្ងៃនេះរំលឹក ដល់ពេលដែលទាហានសូវៀតបានយកឈ្នះសង្គ្រាមជាមួយណាស៊ីអាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរផង។ ជាធម្មតា លោកពូទីនតែងតែយកថ្ងៃនេះ ដើម្បីថ្លែងពី ស្នាដៃល្អៗដើម្បីបង្កើនការជឿទុកចិត្ត និងការគាំទ្រលើរដ្ឋាភិបាលរបស់លោក។ 
 
អ្នកនយោបាយលោកខាងលិច និងអ្នកឃ្លាំមើលរុស្ស៊ីមួយចំនួនបានប៉ាន់ស្មានថា លោក ពូទីនអាចនឹងរៀបចំការប្រកាសដ៏សំខាន់មួយនៅថ្ងៃទី៩ខែឧសភាជាមួយនឹងការប្រកាសសង្រ្គាម ឬការប្រកាសប្រមូលកម្លាំងយោធាបន្ថែមទៀត។ ក៏ប៉ុន្តែអ្នកនាំពាក្យវិមាន ក្រេមឡាំងលោក Dmitry Peskov ក៏បានច្រានចោលការសំអាងនេះថា ជារឿងដែលមិន អាចទៅរួច។
 
ដូចនឹងអ្វីដែលអ្នកនាំពាក្យរុស្ស៊ីបានលើកឡើង អំឡុងការថ្លែងសុន្ទរកថានៅទីលានក្រហម នៃទីក្រុងមូស្គូ ក្នុងការប្រារព្ធទិវាជ័យជំនះលើកទី៧៧ ប្រធានាធិបតីរុស្ស៊ី លោកពូទីន មិនបានលើកឡើងដូចអ្វីដែលលោកខាងលិច និងអ្នកឃ្លាំមើលរុស្សីបានរំពឹងទុកនោះទេ។ ផ្ទុយទៅវិញ លោកបានលើកឡើងស្រដៀងនឹងសព្វដងថា កងទាហានរុស្ស៊ីកំពុងតែប្រយុទ្ធ ដើម្បីការពារមាតុភូមិ និងសន្តិសុខរុស្ស៊ី។
 
«អ្ន​ក(កងកម្លាំងរុស្ស៊ី)កំពុងប្រយុទ្ធ ដើម្បីមាតុភូមិ និងអនាគតរបស់ប្រទេសហើយ កុំឱ្យនរណាម្នាក់ភ្លេចមេរៀនពីសង្គ្រាមលោកលើកទីពីរ ដែលពួកយើងមិនទុកឱ្យ ពួកណាហ្ស៊ីមានវត្តមានលើពិភពលោកនេះទៀត»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះហើយ ដោយបន្តថា ទាហានរុស្ស៊ីកំពុងតែប្រយុទ្ធដើម្បីការពារប្រទេសដូចអ្វីដែលអ្នកជំនាន់មុនៗបានធ្វើផងដែរ។ 
 
ជាថ្មីម្ដងទៀតមេដឹកនាំរុស្ស៊ីរូបនេះក៏បានថ្កោលទោសសម្ព័ន្ធយោធាណាតូថាបានគំរាម កំហែងដល់សន្តិសុខព្រំដែនបស់ខ្លួន ហើយបានព្យាយាមធ្វើឱ្យរុស្ស៊ីចុះខ្សោយ និងបែកបាក់គ្នា។ ចំពោះការប្រយុទ្ធនៅតំបន់ដុនបាសដែលស្ថិតនៅភាពខាងកើតអុយក្រែន លោក ពូទីនបានបញ្ជាក់ដូចធ្លាប់បានប្រកាសថាជាការរំដោះតំបន់មួយនេះចេញពីការគ្រប់​គ្រង របស់ក្រុងកៀវ។ ការលើកឡើងទាំងនេះត្រូវបានមើលឃើញថាជាការព្យាយាមបង្ហាញពី ភាពត្រឹមត្រូវរបស់រុស្ស៊ីក្នុងការលុកលុយអ៊ុយក្រែន។
 
យ៉ាងណាមិញ លោកពូទីនក៏បានបញ្ជាក់ពីការស្លាប់របស់ទាហាន និងមន្ត្រីអំឡុងពេល ប្រយុទ្ធផងដែរ ហើយក៏បានសន្យាថានឹងជួយជ្រោមជ្រែងដល់ក្រុមគ្រួសាររបស់ទាហាន ដែលបានលះបង់ជីវិត។
 
ក្នុងពេលថ្លែងសុន្ទរកថានោះ លោកពូទីនមិនបានលើកឡើងចំៗពីអ៊ុយក្រែន ហើយក៏មិនបានលើកឡើងពីការបង្ហូរឈាមនៅតំបន់ Mariupol ដែលបានបណ្ដាលឱ្យ ជនស៊ីវិលជាច្រើននាក់បានស្លាប់នោះទេ។ ចំណែករយៈពេលដែលសង្គ្រាម ក៏មិនត្រូវបានលើកឡើងដែរ។
 
បន្ទាប់ពីសុន្ទរកថារបស់លោកពូទីនបានបញ្ចប់ ក្បួនដង្ហែយោធាដ៏ធំ បានបង្ហាញវត្តមានរបស់ខ្លួនឡើងនៅជុំវិញទីលានក្រហម ក្នុងនោះមានដូចជា រថក្រោះ Armata និង T-90M Proryv ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងព្រមទាំងមីស៊ីលផ្លោងអន្តរទ្វីប។ ទាហានប្រមាណ ១,១ ម៉ឺននាក់បានចូលរួមក្នុងក្បួនដង្ហែយោធាមួយ នេះ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com