កីឡាអន្តរជាតិ
អន្តរជាតិ
ការផ្ទេរ Haaland ទៅMan City ខិតជិតជោគជ័យ ខណៈថ្លៃពលកម្មខ្ពស់កប់ពពក
10, May 2022 , 11:13 am        
រូបភាព
កិច្ចចរចារវាង Manchester City និង Borussia Dortmund លើការផ្ទេរខ្សែប្រយុទ្ធ Erling Haaland ខិតជិតជោគជ័យហើយ។ ៧៨លានដុល្លារ អាចជាតម្លៃខ្លួន Haaland ដើម្បីចាកចេញពីអាល្លឺម៉ង់ទៅកាន់ទឹកដីអង់គ្លេស។


បើតាមការផ្សាយរបស់កាសែត dailymail ខ្សែប្រយុទ្ធឆ្នើម Haaland បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City ហើយ ដោយរង់ចាំតែកិច្ចព្រមព្រៀងជាមួយក្លិប Dortmund ប៉ុណ្ណោះ។
 
ខ្សែប្រយុទ្ធសញ្ជាតិន័រវែស វ័យ២១ឆ្នាំនេះ បានក្លាយជាគោលដៅជម្រើសដំបូងរបស់លោក Pep Guardiola សម្រាប់ពង្រឹងតំបន់ប្រយុទ្ធរដូវកាលក្រោយ ខណៈ Man City បានត្រៀមខ្លួនរួចស្រេចនូវកញ្ចប់ប្រាក់៧៨លានដុល្លារ ដើម្បីបង់ឱ្យ Dortmund។
 
អំឡុងពេល Haaland ត្រូវបាន Dortmund អនុញ្ញាតឱ្យសម្រាកទាំងមុនបញ្ចប់រដូវកាល ២០២១-២២ នៅថ្ងៃទី៩ ខែឧសភា dailymail ទទួលបានដំណឹងពីប្រភពមួយថា
រូបគេបានទទួលការពិនិត្យសុខភាពនៅទីក្រុង Brussels រួចហើយ និងយល់ព្រមលើកិច្ចសន្យាផ្ទាល់ខ្លួនជាមួយក្លិបមេឃខៀវ ដោយទទួលបានប្រាក់ពលកម្មចំនួន ៥០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
 
Haaland បានចាកចេញពី Red Bull Salzburg ទៅចូលរួមជាមួយ Dortmund កាលពីឆ្នាំ២០២០។ ក្នុងការបង្ហាញខ្លួន៨៨លើកជាមួយក្រុមអាល្លឺម៉ង់ Haaland អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានដល់ទៅ៨៥គ្រាប់។
 
ជាមួយជំនាញរកគ្រាប់បាល់បែបនេះ គឺសមបំផុតសម្រាប់ក្រុម Man City ដែលសព្វថ្ងៃខ្វះតំបន់ប្រយុទ្ធ ខណៈតំបន់ការពារ និងបម្រើមានទម្រង់ល្អហើយ។ ក្រុមលោក Guardiola បានខកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ តែកំពុងនាំមុខកំពូលតារាង Premier League និងសង្ឃឹមខ្ពស់អាចការពារតំណែងជើងឯកបាន៕
 

Tag:
 Erling Haaland
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com