អន្តរជាតិ
នាយករដ្ឋមន្រ្តីស្រីលង្កាលាលែងពីតំណែង ស្របពេលប្រទេសកំពុងមានវិបត្តិសេដ្ឋកិច្ច
10, May 2022 , 12:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីស្រីលង្កា លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីស្រីលង្កា លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីស្រីលង្កា លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា ដែលជាបងប្រុសបង្កើតរបស់លោកប្រធានាធិបតីស្រីលង្កា នៅថ្ងៃទី៩ ខែឧសភា បានសម្រេចចុះចេញពីតំណែង បន្ទាប់ពីក្រុមបាតុករ បានទាមទារឱ្យលោកចុះចេញ ជាមួយលោកប្រធានាធិបតី និងស្របពេលស្រីលង្កា កំពុងជួប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង។

 
ស្របពេលស្រីលង្កាមានវិបត្តិសេដ្ឋកិច្ច បាតុករជាច្រើនរយនាក់ បានអំពាវនាវឱ្យគ្រួសារ រ៉ាចាប៉ាក់សា ចុះចេញពីតំណែង ដោយសារតែអសមត្ថភាព និងមិនអាចដោះស្រាយវិបត្តិហិរញ្ញវត្ថុ និងវិបត្តិថាមពល ដែលកំពុងកើតមាន។ បន្ទាប់ពីមានការអំពាវនាវនោះ នាយករដ្ឋមន្រ្តីស្រីលង្កា លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា បានសម្រេចចុះចេញពីតំណែង ដើម្បីឱ្យស្រីលង្កាអាចរៀបចំរដ្ឋាភិបាលចម្រុះ និងបណ្តោះអាសន្ន។ 
 
តាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៩ ខែឧសភា ការិយាល័យរបស់នាយករដ្ឋមន្រ្តី បានជូនដំណឹងថា លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា បានសម្រេចលាលែងពីតំណែង ដើម្បីអនុញ្ញាតឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។ ចំណែកអ្នកនាំពាក្យនាយករដ្ឋមន្រ្តីស្រីលង្កា លោក Rohan Weliwita បានអះអាងថា ប្រមុខរដ្ឋាភិបាលវ័យ ៧៦ឆ្នាំរូបនេះ បានដាក់លិខិតលាលែងពីតំណែងទៅប្រធានាធិបតី លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដែលជាប្អូនប្រុសរួចហើយ។ 
 
ការលាលែងនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នកគាំទ្របក្សរបស់លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ារដ្ឋាភិបាល និងកម្លាំងប៉ូលិសស្រីលង្កា។ មនុស្សយ៉ាងហោចណាស់ ៣នាក់ ដោយក្នុងនោះរួមទាំងសមាជិកសភាស្រីលង្កាម្នាក់ បានបាត់បង់ជីវិត ខណៈមនុស្សចំនួន ១៥០នាក់ផ្សេងទៀត បានរងរបួស។ ការប៉ះទង្គិចនេះ បានធ្វើឱ្យស្រីលង្កាប្រកាសអនុវត្តបម្រាមគោចរ ដើម្បីទប់ស្កាត់ហិង្សា។ 
 
គួររម្លឹកថា នៅថ្ងៃទី៦ ខែឧសភា កន្លងទៅ ប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាលើកទី២។ រដ្ឋាភិបាលផ្តល់អំណាចដល់កងកម្លាំងសន្តិសុខត្រួតពិនិត្យមើល និងចាប់ខ្លួនជនណាដែលបំពានគោលការណ៍ ខណៈកូដកម្មប្រឆាំងរដ្ឋាភិបាលបានធ្វើឡើងនៅទូទាំងប្រទេស។ ចាប់តាំងពីថ្ងៃទី៣១ ខែមីនា មក បាតុករស្រីលង្កា បានជួបគ្នា ដើម្បីតវ៉ានឹងរដ្ឋាភិបាល។ ការជួបជុំនោះ បានធ្វើឱ្យមានការបាញ់ទឹក និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ពីសំណាក់ប៉ូលិស៕ 
 

Tag:
 ស្រីលង្កា
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com