អន្តរជាតិ
​អាម៉េរិក ​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ UN ​ស្តីពី​កូរ៉េ​ខាង​ជើង
10, May 2022 , 7:29 pm        
រូបភាព
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
អ្នកការទូតអាម៉េរិក នៅថ្ងៃទី​៩ ខែឧសភា បានលើកឡើងថា អាម៉េរិកបានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)ឱ្យបើកកិច្ចប្រជុំមួយនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីបញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើង។ ក្រៅពីស្នើកិច្ចប្រជុំ រដ្ឋាភិបាលវ៉ាស៊ីនតោនក៏ជំរុញឱ្យសមាជិកក្រុម​ប្រឹក្សា​សន្តិសុខពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ។

 
ទីក្រុងវ៉ាស៊ីនតោន កំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភានេះ ហើយបានពិចារណាស្នើឱ្យបើកកិច្ចប្រជុំមួយពាក់ព័ន្ធនឹងកូរ៉េខាងជើងចាប់តាំងពីចុងសប្តាហ៍មុនមក។ ការស្នើឱ្យរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើក ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ 
 
ការសាកល្បងមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង គឺនៅថ្ងៃទី​៧ ខែឧសភា នៅពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹក។ ការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនេះ ធ្វើឡើងនៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន សុកយ៉ល  ត្រូវស្បថចូលកាន់តំណែង។ 
 
ខណៈកូរ៉េខាងជើងបានបន្តសាកល្បងអាវុធឥតឈប់ឈរ អាម៉េរិក​ កូរ៉េខាងត្បូង និងជប៉ុនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បាននិយាយថា អាម៉េរិកចង់ឱ្យក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតក្នុងខែឧសភា ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។ ប៉ុន្តែទាំង​ចិន និង​រុស្ស៊ី ដែល​​មានសិទ្ធិ​វេតូ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ បាន​បង្ហាញ​សញ្ញា​មិនគាំទ្រ​ ការដាក់ទណ្ឌកម្ម​បន្ថែម​លើកូរ៉េខាងជើង។
 
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជុំវិញកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែឧសភា នាវេលាម៉ោង ៣រសៀល (ម៉ោងនៅអាម៉េរិក)។
 
ក្រោយការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានប្រាប់អ្នកកាសែតកាលពីសប្តាហ៍មុនថា នេះគឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា នេះជារឿងសំខាន់ដែលសហគមន៍អន្តរជាតិ សម្ព័ន្ធមិត្តរបស់អាម៉េរិក និងដៃគូជុំវិញពិភពលោក បញ្ជាក់យ៉ាងច្បាស់លាស់ប្រាប់ទីក្រុងព្យុងយ៉ាងថា សកម្មភាពទាំងនេះជារឿងដែលមិនអាចទទួលយកបាន។ 
 
លើសពីនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន ក៏បានជំរុញឱ្យ UN ប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលនាពេលថ្មីៗនេះ រួមទាំងការសាកល្បងមីស៊ីលអន្តរទ្វីប (ICBM) ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៧មក។ 
 
ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យទីក្រុងព្យុងយ៉ាង វិលត្រឡប់ទៅរកកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលត្រូវបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្រោយទីក្រុងព្យុងយ៉ាងទាមទារឱ្យរបន្ធូរបន្ថយទណ្ឌកម្មលើខ្លួនជាមុន។​
 
គួរបញ្ជាក់ថា កូរ៉េខាងជើងបានទទួលរងនូវទណ្ឌកម្មរបស់ UN ចាប់តាំងពីឆ្នាំ ២០០៦ មក ខណៈក្រុមប្រឹក្សាសន្តិសុខព្យាយាមបង្កើនទណ្ឌកម្មបន្ថែមដើម្បីកាត់ផ្តាច់ចំណូលដែលគាំទ្រកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ក្រុងព្យុងយ៉ាង។ ខណៈភាពតានតឹងបានបន្តកើនឡើង លោកប្រធានាធិបតី បៃឌិន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែឧសភា ខាងមុខ៕
 

Tag:
 អាម៉េរិក
 ​ កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com