អន្តរជាតិ
ចិន ជំទាស់សេចក្តីថ្លែងការណ៍ក្រុមប្រទេសG7 ជុំវិញការបោះឆ្នោតរើសប្រមុខហុងកុង
10, May 2022 , 8:29 pm        
រូបភាព
លោក ចន លី និងភរិយា បន្ទាប់ពីជាប់ឆ្នោតជាប្រមុខហុងកុង។ រូបភាព៖ AFP
លោក ចន លី និងភរិយា បន្ទាប់ពីជាប់ឆ្នោតជាប្រមុខហុងកុង។ រូបភាព៖ AFP
ចិន នៅថ្ងៃទី៩ ខែឧសភា បានបដិសេធសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) ជុំវិញការបោះឆ្នោតរើសប្រធានប្រតិបត្តិនៅហុងកុង។ បើតាមចិន ហុងកុង ជារបស់ចិន​ ហើយហុងកុងជាកិច្ចការផ្ទៃក្នុងចិនទាំងស្រុង។



រដ្ឋមន្រ្តីក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) និងប្រមុខការទូតសហភាពអឺរ៉ុប នៅថ្ងៃទី៩ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជុំវិញក្តីបារម្ភចំពោះដំណើរការបោះឆ្នោតរើសប្រមុខដឹកនាំហុងកុង រួមទាំងការវាយប្រហារលើសេរីភាពមូលដ្ឋាន និងប្រព័ន្ធនយោបាយពហុបក្សហុងកុង។ មិនតែប៉ុណ្ណោះ ប្រមុខការទូតG7 បានរិះគន់ហុងកុង ដែលលុបបំបាត់ប្រព័ន្ធបោះឆ្នោតសកល និងការតែងតាំងសមាជិកមិនកើតចេញពីការបោះឆ្នោតទៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត។ 
 
ប៉ុន្មានម៉ោងបន្ទាប់ ចិនបានជំទាស់សេចក្តីថ្លែងការណ៍នោះយ៉ាងខ្លាំង ដោយចាត់ទុកថាគ្មានមូលដ្ឋាន និងមិនមានការពិត។ តាមការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអង់គ្លេស ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ និងសហភាពអឺរ៉ុប បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនយ៉ាងធ្ងន់ធ្ងរ និងមិនគោរពបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ 
 
«ហុងកុងជារបស់ចិន ហើយហុងកុងជាកិច្ចការផ្ទៃក្នុងចិនសុទ្ធសាធ»។ អ្នកនាំពាក្យស្ថានទូតចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋានហុងកុង បានបង្ហាញយ៉ាងច្បាស់ថា ចិនមានអភិបាលកិច្ចលើហុងកុង ប៉ុន្តែមិនមែនសេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេសឡើយ។ ក្នុងន័យនេះ ស្ថានទូតចិនប្រចាំនៅអង់គ្លេស បានព្រមានថា ចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនដាច់ខាត។
 
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអង់គ្លេស ក៏បានអំពាវនាវឱ្យក្រុមប្រទេស G7 និងសហភាពអឺរ៉ុប គោរពបទដ្ឋានទំនាក់ទំនងអន្តរជាតិ, បញ្ឈប់ការជ្រែកជ្រៀតកិច្ចការផ្ទៃក្នុងហុងកុង រួមទាំងចិនផង។ 
 
ក្នុងថ្ងៃដដែល ការិយាល័យស្នងការពិសេសរបស់ក្រសួងការបរទេសចិនប្រចាំនៅហុងកុង ក៏បានច្រានចោលសេចក្តីថ្លែងការណ៍ G7 ដែរ។ ការិយាល័យចិនប្រចាំនៅហុងកុង បានអះអាងថា សេចក្តីថ្លែងការណ៍ G7 បង្ខូចការបោះឆ្នោតរើសប្រធានប្រតិបត្តិហុងកុងសម្រាប់អាណត្តិទី៦, រដ្ឋាភិបាលចិន និងប្រព័ន្ធបោះឆ្នោតហុងកុង។ តាមការបញ្ជាក់របស់អ្នកនាំពាក្យការិយាល័យចិន ការជាប់ឆ្នោតរបស់លោក ចន លី ជាប្រមុខហុងកុង កើតចេញពីការបោះឆ្នោតដោយសំឡេងភាគច្រើនលើសលុប និងការគាំទ្រដោយសង្គមហុងកុង។ 
 
គួររម្លឹកថា លោក ចន លី នៅថ្ងៃទី៨ ខែឧសភា បានជាប់ឆ្នោតជាប្រធានប្រតិបត្តិហុងកុង សម្រាប់អាណត្តិទី៦ ដោយមានសំឡេងគាំទ្រ លើសលុប។ ការបោះឆ្នោតរើសប្រធានប្រតិបត្តិថ្មីនេះ ត្រូវបានលោកស្រី ការី ឡាំ ប្រមុខហុងកុងបច្ចុប្បន្ន ចាត់ទុកថាមានដំណើរការយ៉ាងរលូន។ អតីតមន្រ្តីសន្តិសុខហុងកុងរូបនេះ ត្រូវបានសមាជិកគណៈកម្មាធិការបោះឆ្នោត គាំទ្រក្នុងសំឡេង ១៤១៦៕
 

Tag:
 ចិន
  ហុងកុង
  G7
© រក្សាសិទ្ធិដោយ thmeythmey.com