កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះលីគបេស្បល MLB ឆ្នាំ ២០២៣ ២០២៤ និង ២០២៦
11, May 2022 , 8:29 am        
រូបភាព
ទីក្រុងឡុដ៍ប្រទេសអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Major Baseball League ដែលជាលីគប្រកួតវាយកូនបាល់បេស្បល (Baseball) ដ៏ធំក្នុងពិភពលោកក្នុងឆ្នាំ ២០២៣ ២០២៤ និង ២០២៦ ខាងមុខ។ នេះបើតាមការប្រកាសរបស់គណកម្មាធិការលីគលោក Rob Manfred នាថ្ងៃទី៩ ខែឧសភា។


កាលពីឆ្នាំ ២០១៩ ក្រុមបេស្បល The New York Yankee និងក្រុម ​Boston Red Sox ធ្លាប់ធ្វើដំណើរទៅប្រកួតលីគ MLB ក្នុងតំបន់អឺរ៉ុបបាន២ប្រកួត ដោយធ្វើឡើងនៅទីក្រុងឡុដ៍នាកីឡដ្ឋាន London Stadium។ ឈានចូលឆ្នាំ ២០២០ ដោយសារតែបញ្ហាជំងឺរាតត្បាតសកលកូវីដ-១៩ ការប្រកួតវាយកូនបាល់បេស្បលនេះ​ ត្រូវបានលុបចោលវិញនៅប្រទេសអង់គ្លេស។
 
ទោះជាយ៉ាងនេះ ការប្រកួតកីឡាវាយកូនបាល់បេស្បលនេះ នឹងវិលត្រលប់ទៅកាន់ទីក្រុងឡុដ៍ជាថ្មីម្តងទៀតនៅឆ្នាំ ២០២៣ ខាងមុខ អមជាមួយគម្រោងនៃការប្រកួតបន្ថែមទៀតក្នុងឆ្នាំ ២០២៤ និង ២០២៦។
 
«ការប្រកួត MLB ទាំងអស់នៅទីក្រុងឡុដ៍ គ្រប់ទិដ្ឋភាពទទួលបានជោគជ័យដ៏ល្អណាស់ ហើយប្រជាជនអង់គ្លេសជាច្រើននៅទីក្រុងឡុដ៍ស្រលាញ់ចូលចិត្តកីឡាបេស្បលនេះ។ យើងពិតជាមានទំនុកចិត្តនឹងសម្លឹងមើលការនាំយកកីឡានេះត្រលប់ទៅកាន់ទីក្រុងឡុដ៍ជាថ្មីម្តងហើយដោយរយៈពេលវែងថែមទៀត ហើយជាមួយការប្រកួត MLB ជាច្រើន។»។ លោក Rob Manfred គណៈកម្មាធិកាលីគ MLB និយាយបែបនេះ។
 
លើសពីនេះទៅទៀត អភិបាលទីក្រុងឡុដ៍លោក Sadiq Aman Khan ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការធ្វើជាម្ចាស់ផ្ទះនេះ ដោយនិយាយថា៖«វាជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ទីក្រុងឡុដ៍និងបេស្បល វានឹងមានភាពទាក់ទាញចំពោះកីឡាករលំដាប់ពិភពលោកមួយនេះ បានក្លាយជាផ្នែកដែលជួយឱ្យទីក្រុងមួយនេះ ក្លាយជាទីក្រុងកីឡាដ៏ធំក្នុងពិភពលោក។»។
 
យ៉ាងណាមិញ កីឡដ្ឋាន London Stadium របស់ក្លិបញញ្ញូរយក្ស West Ham United បានទទួលឱកាសធ្វើជាម្ចាស់ផ្ទះ និងជាទីតាំងសម្រាប់ការប្រកួតវាយកូនបាល់បេស្បល របស់លីគ MLB នេះ៕
 

Tag:
 Major league Baseball
  London
© រក្សាសិទ្ធិដោយ thmeythmey.com