អន្តរជាតិ
លោក ម៉ាក្រុងស្នើបង្កើតប្លុកនយោបាយថ្មី ដើម្បីឱ្យប្រទេសមិនមែនសមាជិក EU ចូលរួម
10, May 2022 , 5:58 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅថ្ងៃទី៩ ខែឧសភា ថ្លែងពីទីក្រុង Strasbourg ដោយស្នើឱ្យបង្កើតអង្គការនយោបាយថ្មីមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប (EU) ចូលរួម។ នៅថ្ងៃដដែលលោក ម៉ាក្រុងក៏បានធ្វើដំណើរទៅអាល្លឺម៉ង់ដើម្បីពិភាក្សាពីវិបត្តិអ៊ុយក្រែន និងអធិបតេយ្យភាព EUផងដែរ។

 
ក្រោយស្បថចូលតំណែងជាប្រធានាធិបតីបារាំងអាណត្តិទី២ លោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅថ្ងៃទី៩ ខែឧសភា បានទៅទីក្រុង Strasbourg ដើម្បីប្រារព្ធទិវាអឺរ៉ុប រួចចេញដំណើរទស្សនកិច្ចជាលើកដំបូងទៅអាល្លឺម៉ង់ ដើម្បីជួបពិភាក្សាជាមួយអធិការបតី លោក អូឡាហ្វ ស្ហូល។
 
ថ្លែងសុន្ទរកថាអំឡុងពេលប្រារព្ធទិវាអឺរ៉ុប ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង បានលើកឡើងពីការដាក់ចូលជាសមាជិកភាពសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែន។ រដ្ឋសមាជិក EU ស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីពន្លឿនដំណើរការចូលជាសមាជិករបស់អ៊ុយក្រែន។​ ប៉ុន្តែ មន្រ្តី EU បានសង្កត់ធ្ងន់ថា ដំណើរការនេះអាចចំណាយពេលច្រើនឆ្នាំ ដោយសារមានកំណែទម្រង់ជាច្រើនត្រូវការសម្រេចមុននឹងអ៊ុយក្រែនដែលហែកហួរដោយសង្គ្រាមបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ EU។
 
ពាក់ព័ន្ធនឹងរឿងនេះ លោកម៉ាក្រុងបានព្រមានថា អ្នករាល់គ្នាដឹងយ៉ាងច្បាស់ហើយថា ដំណើរការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកជាការពិតណាស់នឹងប្រើពេលជាច្រើនឆ្នាំ។​ ជំនួសមកវិញ មេដឹកនាំបារាំងរូបនេះបានស្នើឱ្យបង្កើតអង្គការនយោបាយថ្មីមួយដែលលោកហៅថា សហគមន៍នយោបាយអឺរ៉ុប ដែលនឹងបើកចំហឱ្យប្រទេសដែលមិនមែនសមាជិកសហភាពអឺរ៉ុប រួមទាំងអង់គ្លេសដែលបានចាកចេញពីប្លុក ចូលរួម។ 
 
«អង្គការអឺរ៉ុបថ្មីនេះនឹងអនុញ្ញាតរដ្ឋប្រជាធិបតេយ្យអឺរ៉ុបដែលប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់យើងស្វែងរកកន្លែងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការថាមពល ការដឹកជញ្ជូន វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ទីតាំងរបស់ប្រជាជន»។ មេដឹកនាំបារាំងបានសង្កត់ធ្ងន់ បែបនេះនៅសភាអឺរ៉ុប​ ដោយបន្ថែមថាការចូលរួមអង្គការថ្មីនេះ នឹងមិនធានាសមាជិកភាពសហភាពអឺរ៉ុបនៅថ្ងៃអនាគតទេ។ 
 
បន្ទាប់ពីប្រារព្ធទិវាអឺរ៉ុប លោក ម៉ាក្រុងបានទៅអាល្លឺម៉ង់ ដើម្បីជួបពិភាក្សាជាមួយលោកស្ហូល ដែលជាដំណើរទស្សនកិច្ចដំបូង បន្ទាប់ពីលោកស្បថចូលតំណែង។ នេះគឺជាទំនៀមទម្លាប់ប្រពៃណីរវាងក្រុងប៉ារីស និងក្រុងបែរឡាំងដែលលោក ស្ហូលក៏យកបារាំងជាទិសដៅដំណើរទស្សនកិច្ចទីមួយដែរ បន្ទាប់ពីលោកស្បថចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០២១។
 
មកដល់ទីក្រុងបែរឡាំងនៅថ្ងៃទី៩ ខែឧសភា ប្រធានាធិបតីបារាំងត្រូវបានទទួលស្វាគមន៍អមដោយយោធានៅឯការិយាល័យអធិការបតីអាល្លឺម៉ង់ មុនចាប់ផ្តើមកិច្ចប្រជុំបិទទ្វារ និងកិច្ចពិភាក្សាអំឡុងអាហារពេលល្ងាច។ វិបត្តិនៅអ៊ុយក្រែន និងអធិបតេយ្យភាពសហភាពអឺរ៉ុប (EU) គឺជារបៀបវាៈសំខាន់នៃកិច្ចជំនួបនេះ។ 
 
មេដឹកនាំបារាំង បានប្រាប់មេដឹកនាំអាល្លឺម៉ង់យ៉ាងច្បាស់ថា សហភាពអឺរ៉ុប គួរតែប្រាប់អ៊ុយក្រែនពីរយៈពេលនៃការចូលជាសមាជិក ហើយអឺរ៉ុបមិនត្រូវបញ្ឈប់នីតិវិធីចូលជាសមាជិកថ្មីឡើយ។ ជាការឆ្លើយតប អធិការបតី បានសាទរគំនិតរបស់លោកម៉ាក្រុង ដោយសារតែអឺរ៉ុបកំពុងជួបបញ្ហាប្រឈមដ៏ធំ។​ មិនតែប៉ុណ្ណោះ ប្រធានាធិបតីបារាំង បានទទួលស្គាល់ថា សង្រ្គាមនៅអ៊ុយក្រែន បានជះឥទ្ធិពលដល់អឺរ៉ុប និងប្រជាជនខ្លួនយ៉ាងខ្លាំង ហើយអឺរ៉ុបត្រូវតែការពារអ៊ុយក្រែន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com