អន្តរជាតិ
មន្ត្រីសិទ្ធិមនុស្សUN៖ ចំនួនអ្នកស្លាប់នៅអ៊ុយក្រែន អាចមានច្រើនជាងក្នុងរបាយការណ៍រាប់ពាន់នាក់
11, May 2022 , 10:05 am        
រូបភាព
ទីក្រុង Mariupol។ រូបភាព៖ AFP
ទីក្រុង Mariupol។ រូបភាព៖ AFP
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) ប្រចាំអ៊ុយក្រែន លោកស្រី Matilda Bogner នៅថ្ងៃទី១០ ខែឧសភា បានថ្លែងថា ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមនៅអ៊ុយក្រែនជាង១១សប្ដាហ៍មកនេះ អាចមានច្រើនជាងចំនួន នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិរាប់ពាន់នាក់ឯណោះ ដោយសារនៅតំបន់ខ្លះដូចជា  Mariupol ពិបាកនឹងយកទិន្នន័យជាក់លាក់។

 
តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង រដ្ឋាភិបាលក្រុងមូស្គូ តែងបដិសេធការ វាយប្រហារលើជនស៊ីវិល ហើយបានហៅការឈ្លានពានរបស់ខ្លួនជា ប្រតិបត្តិការយោធា ពិសេស ដើម្បីរំសាយអាវុធអ៊ុយក្រែន និងកម្ចាត់ចោលរបបណាហ្ស៊ីប្រឆាំងជនជាតិរុស្ស៊ី។ ក្នុងរបាយការណ៍របស់ការិយាល័យស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វាមានប្រជាជនស៊ីវិលស្លាប់យ៉ាងហោចណាស់ ៣ពាន់នាក់ និងរបួសជាង ៣ពានាក់។  
 
អំឡុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១០ ខែឧសភា ប្រមុខសិទ្ធិមនុស្សUN ប្រចាំអ៊ុយក្រែនលោកស្រី Matilda Bogner បានអះអាងថា​ ជនស៊ីវិលរាប់សិបពាន់នាក់ ឯណោះ បានស្លាប់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយចំនួននេះបន្ថែមពីលើរបាយការណ៍ផ្លូវ​ការរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ជាក់ថាប្រជាជនស៊ីវិលបានស្លាប់ក្នុងចំនួន ៣,៣៨១ នាក់។
 
«ពួកយើងបានប៉ាន់ប្រមាណ(ពីចំនួនអ្នកស្លាប់) ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ គឺចំនួនអ្នកស្លាប់ខ្ពស់ជាងចំនួនរាប់ពាន់នាក់ដែលពួកយើងបានផ្តល់ឱ្យអ្នក នាពេលនេះ»។ លោកស្រី Bogner បានលើកឡើងបែបនេះ រួចបន្តថា​ មូលហេតុដែលមិនអាចបញ្ជាក់ពី តួលេខអ្នកស្លាប់ជាក់លាក់ គឺដោយសារតែនៅតំបន់ដែលមានការប៉ះទង្កិចគ្នាខ្លាំង ជាពិសេសទីក្រុង Mariupol ជាទីកន្លែងដែលពិបាកនឹងទៅយកទិន្នន័យពិតប្រាកដ។
 
ប្រមុខសិទ្ធិមនុស្សUNប្រចាំអ៊ុយក្រែនរូបនេះ ក៏បាននិយាយថាក្រុម​អង្គការសហប្រជាជាតិ ដែល​រួម​មាន​អ្នក​ឃ្លាំ​មើល​ចំនួន ៥៥ នាក់​នៅ​អ៊ុយក្រែន បានបញ្ជាក់ពីការស្លាប់របស់ជនស៊ីវិលភាគច្រើន ដោយសារតែមីស៊ីល និងការវាយប្រហារតាមផ្លូវអាកាស។​​ ក្រៅពីនេះ លោកស្រី ក៏បានសង្កត់ធ្ងន់ថា ក្រុមការងាររបស់លោកស្រីក៏បានស៊ើអង្កេត ជុំវិញការចោទប្រកាន់ពីការធ្វើទារុណកម្ម និងការសម្លាប់កងកម្លាំងយោធារុស្ស៊ី និងក្រុមប្រដាប់អាវុធពាក់ព័ន្ធដោយទាហានអ៊ុយក្រែនផងដែរ៕
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com