អន្តរជាតិ
ចិន ព្រមាននាវាចម្បាំងអាម៉េរិក ដែលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
11, May 2022 , 1:59 pm        
រូបភាព
រូបភាព៖ USS PORT ROYAL
រូបភាព៖ USS PORT ROYAL
ក្រោយចិនបានធ្វើសមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ កងនាវាទី៧ នៃកងទ័ពជើងទឹក អាម៉េរិកបានអះអាងថានាវាចម្បាំងអាម៉េរិកមួយគ្រឿងនៅថ្ងៃទី១០ ខែឧសភា បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ដូចសព្វដង អាម៉េរិកបានអះអាងថា នាវារបស់ខ្លួនបានឆ្លងកាត់តំបន់មួយនេះ ដោយស្របនឹងច្បាប់អន្តរជាតិ។ វត្តមានរបស់នាវាយោធាអាម៉េរិកបែបនេះ បានធ្វើឱ្យកងទ័ពចិន តាមដានយ៉ាងដិតដល់ រួមទាំងព្រមាននាវាចម្បាំងនោះផង។

 
ភាពតានតឹងរវាងក្រុងតៃប៉ិ និងក្រុងប៉េកាំង បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ខណៈត្រឹមតែពីរសប្ដាហ៍ប៉ុណ្ណោះ ចិនបានធ្វើសមយុទ្ធរហូតដល់ពីរលើកនៅក្បែរកោះតៃវ៉ាន់។ ក្នុងនោះនៅថ្ងៃទី៦ដល់ថ្ងៃទី៨ខែឧសភា ចិនបានបញ្ជូនយន្តហោះចម្បាំងទៅក្បែរភាគខាងត្បូង និងនិរតីនៃតំបន់ការពារដែនអាកាសតៃវ៉ាន់ (ADIZ)ផង។ 
 
បន្ទាប់ពីសមយុទ្ធយោធារបស់ចិន អាម៉េរិកបានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលប្រដេញ USS Port Royal ទៅច្រកសមុទ្រតៃវ៉ាន់។​​ កងនាវាទី៧របស់កងទ័ពជើងទឹកអាម៉េរិក បានលើកឡើងក្នុង សេចក្ដីថ្លែងការណ៍មួយថា នាវាចម្បាំង  USS Port Royal នៅថ្ងៃទី១០ ខែឧសភាបាន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដូចទម្លាប់ឆ្លងកាត់រាល់ដង ដោយស្របតាមច្បាប់អន្តរជាតិ។ កងទ័ពជើងទឹកអាម៉េរិកបានបន្តថា ការឆ្លងកាត់មួយនេះបង្ហាញពី ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។
 
សេចក្ដីថ្លែងដដែលនោះ ​បានសង្កត់ធ្ងន់ថា យោធាអាម៉េរិក ហោះហើរ នាវាចរ និងធ្វើ ប្រតិបត្តិការនៅទីណា ដែលច្បាប់អន្តរជាតិអនុញ្ញាតតែប៉ុណ្ណោះ។ ជុំវិញការឆ្លងកាត់របស់ នាវាចម្បាំងអាម៉េរិកខាងលើនេះ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថានាវាអាម៉េរិកបានធ្វើដំណើរតាមភាគខាងជើងឆ្លងកាត់ច្រកសមុទ្រតាមធម្មតា។
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ បញ្ជាការយោធាភូមិភាគខាងកើតនៃយោធាចិន បានថ្កោលទោស និងព្រមានសកម្មភាពរបស់យោធាអាម៉េរិក។ 
 
«អាម៉េរិក ជាញយៗធ្វើសកម្មភាពបង្ករឿង បញ្ជូនសញ្ញាខុសទៅកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងមានចេតនាធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់»។ យោធាចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ខ្លួនរក្សាការប្រុងប្រយ័ត្នគ្រប់ពេល និងប្រឆាំងរាល់ការគំរាមកំហែង រួមទាំងសកម្មភាពបង្ករឿង។ មិនតែប៉ុណ្ណោះ យោធាចិន ប្តេជ្ញាការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន។ 
 
គួររម្លឹកថា យោធាអាម៉េរិក តែងបញ្ជូននាវាចម្បាំងមកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាញយៗ ដែលបង្កឱ្យចិនប្រតិបត្តិកម្មយ៉ាងខ្លាំង និងចាត់ទុកបំពានអធិបតេយ្យរបស់ខ្លួន៕ 
 

Tag:
 ចិន
  អាម៉េរិក
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com