ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថា លោក សម រង្ស៊ី មិនចេះគ្រប់គ្រងឱកាស
11, May 2022 , 4:59 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី និយាយទៅកាន់អ្នកកាសែត កាលពីលោក សម រង្ស៊ី ស្ថិតនៅក្នុងស្រុក។
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី និយាយទៅកាន់អ្នកកាសែត កាលពីលោក សម រង្ស៊ី ស្ថិតនៅក្នុងស្រុក។
ដោយ៖ ទេពញាណ

លោក សម រង្ស៊ី មិនបានចូលរួមរំលែកទុក្ខជាមួយសម្តេច ហ៊ុន សែន ដែលបាត់បង់បងប្រុសបង្កើត គឺសម្តេច ហ៊ុន ណេង។ សម្តេច ហ៊ុន សែន ចាត់ទុកថា លោក សម រង្ស៊ី មិនចេះគ្រប់គ្រងឱកាស។

 
ចាប់តាំងពីសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលមរណភាព នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មកដល់ពេលនេះ គេ ពុំបានឃើញលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស សរសេរលិខិតចូលរួមរំលែកទុក្ខ ជូនទៅសម្តេច​ ហ៊ុន សែន ឡើយ។ សូម្បីនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ក៏គេ ពុំឃើញលោក សរសេរសារចូលរួមរំលែកទុក្ខដែរ។ ពេលទៅដល់សហរដ្ឋអាម៉េរិក សម្តេចនាយករដ្ឋមន្រ្តី បាននិយាយពីរឿង ដែលលោក សម រង្សី មិនបានចូលរួមរំលែកទុក្ខនេះ ជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅលើទឹកដីអាម៉េរិក។
 
ប្រធានគណបក្សកាន់អំណាច មានប្រសាសន៍ដូច្នេះថា៖«រង្ស៊ី ភ្លាត់ស្នៀត អ្នកនយោបាយ [ជា] អ្នកឱកាស។ បងខ្ញុំ គាត់ស្លាប់ បើសិនរង្ស៊ី ធ្វើលិខិតចូលរួមមរណទុក្ខ រុញខ្ញុំឲ្យចូលកៀនជញ្ជាំងតែម្តង។ គាត់ អត់ចេះគ្រប់គ្រងឱកាស ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ ធ្វើលិខិតបន្តិច រុញខ្ញុំចូលក្នុងស្ថានភាពដ៏លំបាក។ ឥឡូវ ខ្ញុំ គួរតែអរគុណរង្ស៊ី ព្រោះបើមិនទទួល ក៏មិនកើត ដល់ទទួល ខ្ញុំ ត្រូវតែជំពាក់ឆ្លើយ ដល់ឆ្លើយទៅ អ្នកនៅក្នុងស្រុក សង្ឃឹមថា អ៎! មេអញ នឹងត្រឡប់ចូលស្រុកវិញ ព្រោះនាយករដ្ឋមន្រ្តីឆ្លើយហើយ»។ 

ក្នុងចំណោមអ្នកចូលរួមជួបសម្តេចនាយករដ្ឋមន្រ្តី មានអ្នកខ្លះ ជាអ្នកធ្វើអត្ថាធិប្បាយពីបញ្ហាសង្គម-នយោបាយនៅកម្ពុជា តាមបណ្តាញសង្គម ដូចជាលោក ម៉ក់ ហឺន ជាដើម។ វីដេអូរយៈពេលជិត៣នាទី អំពីជំនួបនៅក្នុងបន្ទប់ រវាងសម្តេចជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ១០នាក់ ជាអ្នករស់នៅលើទឹកដីអាម៉េរិក ត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍បាយ័ន (BTV) នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូ បានទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេច នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា។ 
 
ថ្វីដ្បិតលោក សម រង្ស៊ី មិនបានធ្វើលិខិតចូលរួមរំលែកទុក្ខ ឬមិនបានសរសេរសារចូលរួមរំលែកទុក្ខលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន តែទំព័រហ្វេសប៊ុកឈ្មោះ «និមិត្តរូបនៃការផ្លាស់ប្តូរ» បានសរសេរសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ទំព័រហ្វេសប៊ុកនេះ សរសេរដូច្នេះថា៖«ក្រុមការងារនិមិត្តរូប​នៃការ​ផ្លាស់ប្ដូរ​ សូមចូលរួមរំលែកទុក្ខ​ដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព​ និងសូម​ឧទ្ទិសបួងសួង​ សូមដួងវិញ្ញាណក្ខន្ធ​លោកព្រឹទ្ធាចារ្យ ឆាប់បានទៅកាន់សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ»​។
 
គេ មិនដឹងច្បាស់ថា អ្នកណា ឬក្រុមណា ជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក «និមិត្តរូបនៃការផ្លាស់ប្តូរ» នោះទេ តែទំព័រហ្វេសប៊ុកនេះ តែងបង្ហោះពីសកម្មភាពរបស់លោក សម រង្ស៊ី។ បើគេ តាមដាន គេ នឹងសង្កេតឃើញថា ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បង្ហោះអ្វី ទំព័រហ្វេសប៊ុក «និមិត្តរូបនៃការផ្លាស់ប្តូរ» ក៏បង្ហោះអ្វីដូចគ្នានោះដែរ ហើយទំព័រហ្វេសប៊ុក «និមិត្តរូបនៃការផ្លាស់ប្តូរ» តែងចែករំលែកអ្វី ដែលទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហោះ។ 
 
រីឯលោក កឹម សុខា មេដឹកនាំក្រុមប្រឆាំង ដែលកំពុងមានវត្តមានក្នុងស្រុក តែពុំអាចធ្វើសកម្មភាពនយោបាយបាន មិនត្រឹមតែផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់សម្តេច ហ៊ុន សែន ដោយផ្ទាល់នោះទេ លោក ថែមទាំងបានដឹកនាំសហការីពីរាជធានីភ្នំពេញ ទៅគោរពវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅឯខេត្តកំពង់ចាមថែមទៀត។ ក្នុងឱកាសនោះ លោក និង សម្តេច ហ៊ុន សែន បានអង្គុយពិសាអាហារ និងជជែកគ្នាដល់ទៅ៤ម៉ោង។ 
 
លោក កឹម សុខា បានសរសេរសារខ្លីលើទំព័រហ្វេសប៊ុកថា លោក និង សម្តេចនាយករដ្ឋមន្រ្តី បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រទេសជាតិ៕ 
 

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com