ជាតិ
ពីនេះ ពីនោះ
ច្រូង, ជ្រង និង ជ្រោង មានន័យ​ខុសគ្នា​យ៉ាងណាខ្លះ?
20, Oct 2022 , 7:29 am        
រូបភាព
ច្រូង, ជ្រង និង ជ្រោង មានសូរដូចគ្នា ដូច្នេះមនុស្សមួយចំនួន​អាចមាន​ការភាន់ច្រឡំនៅពេល​សរសេរឃ្លាទាក់ទង​នឹង​សទិសសព្ទទាំងនេះ។ សារព័ត៌មានថ្មីៗ សូម​លើកយកពាក្យនីមួយៗ​មកពន្យល់ ដោយ​ផ្អែកតាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ច្រូង» ជាកិរិយាវិសេសន៍ និង​ជាគុណសព្ទ ដែលមានន័យថា ដែលឈររកឹងដូចជាចម្រូង។ ឈរច្រូង, លើកម្រាមដៃច្រូង ។ ពាក្យនេះ ច្រើន​ប្រើ​ជាមួយពាក្យ «ច្រាង»។ ច្រូងច្រាង គឺច្រូងក្រញាងមិនរៀបរយ។
 
ចម្រូង គឺ​ឈើ, ឫស្សី ឬអ្វីដែលស្រួចដែលបោះឬដាំនៅដីច្រូងឡើង ។
 
«ជ្រង» ជាកិរិយាសព្ទ គឺ លើកកើចសក់ឲ្យឈរ, ឲ្យត្រង់ឡើង។ យកដៃជ្រងសក់ ។ រីឯជានាមវិញ គឺ បែបភាពសក់ដែលកាត់ឈរដោយគេនិយម​ហៅថា សក់ជ្រង។ ក្នុងសម័យពីដើម ពួកស្រ្តីខ្មែរកាត់សក់ជ្រងទាំងអស់គ្នា តាមសម័យនិយម ។ 
 
ក្រៅពីនេះ «ជ្រង» ក៏ជាឈ្មោះ​បទភ្លងមួយ​ប្រភេទផងដែរ។ ភ្លេងជ្រង ។
 
ចំណែក «ជ្រោង» វិញ មានន័យថា ទ្រស្ទួយឡើង។ ហែលទឹកជ្រោងបង្វេចឆ្លងទៅត្រើយម្ខាង ។ លើកបញ្ឈរអ្វីៗ មានដើមឫស្សី និងឧសជាដើម តាំងអំពី៣ដើមឡើងទៅ ធ្វើគល់ឲ្យកន្ធែក ខាងចុងឲ្យរួមចូលទល់គ្នាឬខ្វែងទប់គ្នា។ ជ្រោងឫស្សី, ជ្រោងឧស, ជ្រោងកាំភ្លើង ។
 
ជានាមសព្ទ «ជ្រោង» សំដៅលើ​ចំនួន​ចំនួនអ្វីៗដែលដាក់ជ្រោង។ ឧស ១ ជ្រោង ។ ឈើឬឫស្សីដែលគេដាក់ខ្វែងឲ្យកន្ធែកខាងគល់រួមចុងចងភ្ជាប់គ្នា ( ហៅថា ចងជ្រោង )។ ជ្រោងស្នាច ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com