ជាតិ
យុវជនសកម្ម សេវាល្អ
ការសិក្សារបស់សិស្ស​បឋមសិក្សាវត្តចាស់ ​នៃឃុំអន្លង់ត្នោត ​ប្រសើរឡើងក្រោយចូលរៀនក្នុងថ្នាក់ផ្ទាល់
12, May 2022 , 1:59 pm        
រូបភាព
ដោយ៖ ព្រំ វិសាល យុវជនឃុំអន្លង់ត្នោត
 
ក្រគរ, ពោធិ៍សាត់៖ រាជរដ្ឋាភិបាល បានប្រកាសបើកសាលារៀនឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងកូវីដ-១៩ បានថមថយចុះ និងស្របពេលដែលសិស្សានុសិស្សទាំងអស់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​។ ជុំវិញការត្រឡប់ទៅសិក្សាដោយផ្ទាល់ជាមួយគ្រូនៅក្នុងថ្នាក់នេះ គេសង្កេតឃើញថាគុណភាពនៃការសិក្សារបស់សិស្ស មានភាពល្អប្រសើរច្រើន។

 
 
លោក​ សុខ មីនា គឺជាគ្រូបង្រៀននៅសាលាបឋមសិក្សាវត្តចាស់ ដែលស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក មីនា បានកត់សម្គាល់ឃើញថា ចាប់តាំងពីបើកសាលាឡើងវិញ ការសិក្សារបស់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាវត្តចាស់ ​មានភាពប្រសើរជាងការសិក្សាតាមប្រព័ន្ធអនឡាញ។ ​បើតាមគ្រូបង្រៀនរូបនេះ ​ ការរៀននៅក្នុងថ្នាក់ផ្ទាល់ សិស្សបានអនុវត្តការធ្វើលំហាត់ និងអាន និងសរសេរអក្សរច្រើន ជាងការរៀនពីចម្ងាយ ​​និងការចែកសន្លឹកកិច្ចការក្នុងអំឡុងកូវីដ-១៩។ 
 
លោកគ្រូ សុខ មីនា ក៏បន្ថែមដែរថា ដោយសារតែអំឡុងកូវីដ-១៩ សិស្សទទួលបានការសិក្សាមិនពេញលេញ ដូច្នេះក្នុងអំឡុងពេលបើកសាលារៀនឡើងវិញ ក្រសួងអប់រំ បានណែនាំឱ្យលោកគ្រូ អ្នកគ្រូ ពង្រឹងការបង្ហាត់មុខវិជ្ជាគណិតវិទ្យាសម្រាប់សិស្សថ្នាក់បឋម ដោយផ្តោតទៅលើការធ្វើប្រមាណវិធី មានការបូក ដក គុណ ចែក។ ចំណែកការពង្រឹងមុខវិជ្ជាភាសាខ្មែរ គឺផ្តោតលើអំណាន និងសំណេរ។
 

លោក សុខ មីនា គ្រូបង្រៀនសិស្សថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តចាស់ ក្នុងឃុំអន្លង់ត្នោត​

លោកគ្រូ សុខ មីនា បញ្ជាក់ដូច្នេះ៖ «ការរៀនផ្ទាល់ សិស្សគាត់បានធ្វើលំហាត់បានច្រើន គាត់ចាប់ច្រើន ហើយគាត់បានអាន បានសរសេរច្រើនជាងនៅផ្ទះ។ អ៊ីចឹងចំណេះដឹងគាត់ សមត្ថភាពគាត់គឺមានការផ្លាស់ប្តូរ គឺល្អជាងពេលដែលគាត់រៀនតាមអនឡាញ។ រៀនអនឡាញ គាត់មានពេលតិច ហើយមានសិស្សភាគតិចណាស់ដែលបានចូលរៀនជាមួយនឹងការបង្រៀនតាមអនឡាញ»។ 
 
បើតាមលោកគ្រូ សុខ មីនា កត្តារាំងស្ទះដល់ការ​សិក្សារបស់សិស្សតាមប្រព័ន្ធអនឡាញនាអំឡុងបិទសាលាកន្លងទៅនោះ គឺមកពីកត្តាជីវភាពរបស់អាណាព្យាបាលសិស្ស បញ្ហាសេវាអ៊ីនធឺណិត និង​កង្វះខាតទូរសព្ទស្មាតហ្វូន​សម្រាប់សម្រួលដល់ការសិក្សាពីចម្ងាយ​។
 
បើទោះបីជាបច្ចុប្បន្ន សិស្សទាំងអស់ បានចាក់វ៉ាក់សាំងគ្រប់ៗគ្នាហើយពិតមែន ប៉ុន្តែលោកគ្រូក៏នៅមានការព្រួយបារម្ភចំពោះកូវីដ-១៩ ខ្លាចវាអាចនិងប្រឡូកចូលមកម្តងទៀត ដែលធ្វើឱ្យមានហានិភ័យសម្រាប់ការចូលរៀនរបស់សិស្ស។ 
 

 សិស្សអនុវត្តការសរសេរ នៅក្តារខៀន អំឡុងពេលសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់។

ក្នុងនាមជាគ្រូបង្រៀនម្នាក់ និងតំណាងឱ្យគ្រូបង្រៀនផ្សេងទៀតនៅសាលាបឋមសិក្សាវត្តចាស់ លោកគ្រូ សុខ មីនា បានតាំងចិត្ត​ប្រឹងប្រែងពន្យល់ និងណែនាំសិស្សឱ្យខិតខំរៀនសូត្រ ក្លាយជាសិស្សពូកែ និងក្លាយជាទំពាំងស្នងឫស្សី ប្រកបដោយសីលធម៌ សុជីវធម៌ក្នុងសង្គម​។ ទន្ទឹមនឹងនេះ លោកគ្រូ មីនា ក៏សំណូមពរទៅដល់អាណាព្យាបាលសិស្សឱ្យបញ្ជូនកូនតូចៗមករៀនគ្រប់ៗគ្នា ក៏ដូចជាតាមដាន និងបង្ហាត់បង្រៀនកូននៅផ្ទះបន្ថែមផងដែរ។
 
អ្នកស្រី តេង អ៊ីម ជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្កូលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មានកូនចំនួន ៣នាក់ រៀននៅថ្ងៃទី២ ថ្នាក់ទី៣ និងថ្នាក់ទី៥ នៅសលាបឋមសិក្សាវត្តចាស់ អ្នកស្រី តេង អ៊ីម ត្រេកអរណាស់ដែលកូនៗរបស់ខ្លួន បានចាក់វ៉ាក់សាំងគ្រប់គ្នា ហើយក៏បានចូលរៀនវិញនាពេលនេះ។ អ្នកស្រី តេង អ៊ីម មានប្រសាសន៍ដូច្នេះ ៖«សប្បាយក្នុងចិត្ត ដែលកូនបានចូលរៀនវិញ មានអារម្មណ៍ត្រេកអរ»។  
អ្នកម្តាយរូបនេះ ក៏បានសង្កេតឃើញពីភាពខុសគ្នាពីចំណេះដឹងរបស់ខ្លួន ក្នុងអំឡុងពេលបិទសាលារៀន និងក្រោយពីបានចូលរៀនក្នុងថ្នាក់ដោយផ្ទាល់វិញ។ អ្នកស្រី អ៊ីម គូសបញ្ជាក់ថា អំឡុងកូវីដ-១៩ កូនរបស់ខ្លួនមានការភ្លេចភ្លាំងច្រើន ប៉ុន្តែបច្ចុប្បន្ន ចំណេះដឹងមានភាពប្រសើរឡើងវិញច្រើន។ 
 
ទន្ទឹមនឹងការត្រេកអរចំពោះការចូលរៀនក្នុងថ្នាក់ដោយផ្ទាល់របស់កូនវិញ ​អ្នកស្រី អ៊ីម ក៏នៅតែព្រួយបារម្ភពីការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ដែរ។ ជុំវិញកង្វល់នេះ គាត់បាន​សំណូមពរឱ្យលោកគ្រូអ្នកគ្រូបង្កើនវិធានការការពារ និងអនាម័យបន្ថែមទៀត ដើម្បីទប់ស្កាត់ករណីឆ្លងកូវីដ-១៩៕
 
 
(​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 
 

Tag:
 អប់រំ
  អន្លង់ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com