កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ បាល់ទាត់បុរសថៃឈ្នះមេដាយមាសច្រើនជាងគេ ឯស្ត្រីបានទៅវៀតណាម
13, May 2022 , 8:29 am        
រូបភាព
គិតចាប់តាំងពីកកើតព្រឹត្តិការណ៍កីឡាតំបន់អាស៊ាន ស៊ីហ្គេម (Sea Games) នៅឆ្នាំ១៩៥៩មក ថៃបានគ្រងតំណែងជើងឯកមេដាយមាសវិញ្ញាសាបាល់ទាត់បុរសច្រើនដាច់គេរហូតដល់១៦សម័យ។ ដោយឡែកក្រុមបាល់ទាត់ស្រ្តីវៀតណាមឈរកំពូលតារាង ក្នុងនាមប្រទេសឈ្នះមេដាយមាសច្រើនលើសគេចំនួន៦ដង។


៣០ព្រឹត្តិការណ៍កន្លងមក គិតចាប់ពីឆ្នាំ១៩៥៩ ដល់២០១៩ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ផ្នែកបុរស មានលទ្ធភាពប្រមូលមេដាយមាសច្រើនជាងគេ ពីកីឡាតំបន់អាស៊ាននេះចំនួន១៦សម័យកាល។ ក្រៅពីនេះថៃ ទទួលបានមេដាយប្រាក់៤ និងសំរឹទ្ធិ៥ ក្នុងចំណោមប្រទេសចូលរួមចំនួន១១។ 
 
ម៉ាឡេស៊ីស្ថិតនៅចំណាត់ថ្នាក់ទី២ ដោយគ្រងជើងឯក៦លើក ខណៈមីយ៉ាន់ម៉ានៅលេខ៣ ធ្លាប់ឈ្នះ៥លើក។ ក្រុមការពារតំណែងជើងឯកវៀតណាម ធ្លាប់ឈ្នះតែពីរលើកប៉ុណ្ណោះ ដូចឥណ្ឌូណេស៊ីដែរ។ 
 
ចំណោមប្រទេសចូលរួម១១ មាន៤ប្រទេសមិនធ្លាប់ស្គាល់រសជាតិមេដាយពីកីឡា Sea Games ដែលក្នុងនោះរួមមាន កម្ពុជា ព្រុយណេ ហ្វីលីពីន និងទីម័រខាងកើត។ ដោយឡែកសិង្ហបុរីទោះមិនធ្លាប់បានមាស តែពួកគេទទួលបានមេដាយប្រាក់៣លើក និងសំរឹទ្ធិ៧លើក។ ឡាវធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធឹម្តងដែរនៅឆ្នាំ២០០៩កាលពួកគេធ្វើម្ចាស់ផ្ទះ។
 
សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកនារីវិញ ចាប់តាំងពីបញ្ចូលវិញ្ញាសានេះ ក្នុងកីឡាប្រចាំតំបន់អាស៊ាននេះនៅឆ្នាំ១៩៨៥ ក្រុមស្ត្រីវៀតណាមគ្រងមេដាយមាសច្រើនជាងគេ ចំនួន៦សម័យកាល ក្នុងចំណោម១១ព្រឹត្តិការណចុងក្រោយ តាមពីក្រោយដោយថៃដែលធ្លាប់ឈ្នះ៥លើក។ ក្រៅពីវៀតណាម និងថៃ វិញ្ញាសាបាល់ទាត់ស្រ្តី គ្មានប្រទេសណាឈ្នះមេដាយមាសឡើយ។
 
មីយ៉ាន់ម៉ា ទទួលបានត្រឹមរងជើងឯកមេដាយប្រាក់៣លើក និងសំរឹទ្ធិ៧លើក។ ម៉ាឡេស៊ី និងសិង្ហបុរីធ្លាប់ទទួលបានប្រាក់មួយលើកដូចគ្នា ហើយហ្វីលីពីនធ្លាប់ដណ្តើមបានសំរឹទ្ធមួយលើក។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានឈានដល់ការរៀបចំលើកទី៣១ ឆ្នាំ២០២១ នៅលើទឹកដីប្រទេសវៀតណាម ចាប់ពីថ្ងៃទី៦ ដល់២២ ខែឧសភា ឆ្នាំ២០២២។
 
វិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស់ និងនារី​ ស្ថិតក្នុងការប្រកួតជម្រុះតាមពូលនៅឡើយ។ ផ្នែករសពូល A មានម្ចាស់ផ្ទះវៀតណាម ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត រួមជាមួយពូល B មានថៃ កម្ពុជា ម៉ឡេស៊ី សិង្ហបុរី និងឡាវ។ ព្រុយណេ មិនបញ្ជូនអត្តពលិកដើម្បីប្រជែងមេដាយវិញ្ញាបាល់ទាត់ឡើយ។
 
សម្រាប់វិញ្ញាសាបាល់ទាត់ស្រ្តីដែលកម្ពុជាបានបញ្ជូនអត្តពលិកទៅដណ្តើមមេដាយលើកដំបូងនៅប្រទេសវៀតណាមនេះ មានការចូលរួមតែ៧ប្រទេសប៉ុណ្ណោះ។ កម្ពុជាស្ថិតនៅជាមួយម្ចាស់ផ្ទះ និងជាម្ចាស់ការពារជើងឯកវៀតណាម និងហ្វីលីពីនក្នុងពូល A ឯពូល B មាន ថៃ សិង្ហបុរី ឡាវ និងមីយ៉ាន់ម៉ា៕
 

Tag:
 Sea Games
© រក្សាសិទ្ធិដោយ thmeythmey.com