ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្សី ទទួលបានពានរង្វាន់«អគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២» ពីស្ថាប័ន Korea Consumer Global Council។ អ្នកស្រី ទទួលបានពានរង្វាន់នេះ បន្ទាប់ពីបំពេញបេសកកម្មជាមន្ត្រីកាទូត បានរយៈពេល៧ខែ។
ស្ថាប័នKorea Consumer Global Council ទទួលស្គាល់នូវសកម្មរបស់លោកស្រី ជ្រឹង បុទុមរង្សី លើវិស័យការទូតដែលផ្តោតលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង។ ស្ថាប័ននេះ សម្រចផ្តល់ពានរង្វាន់«អគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២» ដល់លោកស្រី បុទុមរង្សី នាថ្ងៃទី១០ឧសភា ឆ្នាំ២០២២។
សហប្រធានស្ថាប័ន Korea Consumer Global Council លោកស្រី Yoon Jeong-Yeon និងលោកស្រី Cho Eun-Young បានលើកឡើងក្នុងលិខិតនៃពានរង្វាន់«ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២» ថា លោកស្រី ជ្រឹង បុទុមរង្សី ខិតខំលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកូរ៉េ-កម្ពុជា បានយ៉ាងល្អប្រសើរ។ លើសពីនេះ លោកស្រី បុទុមរង្សី ត្រូវបានគេរំពឹងថា នឹងនាំមកនូវសមិទ្ធផលការទូតដ៏ច្រើនបន្ថែមទៀត ក្រៅតែពីទំនាក់ទំនងកាទូត ដូចជា វិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរវាងកូរ៉េ និងកម្ពុជាក្នុង នារយៈពេលប៉ុន្មានឆ្នាំទៀត។
សហប្រធានទាំងពីរខាងលើបានបញ្ជាក់ថា៖ «ការទទួលស្គាល់ ការរួមចំណែក ខាងការទូតដ៏ល្អឥតខ្ចោះរបស់លោកជំទាវ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ Korea Consumer Global Council សូមប្រគល់ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំ២០២២ ជូនលោកជំទាវ»។
បន្ទាប់ពីទទួលបានពានរង្វាន់នេះ លោកស្រី ជ្រឹង បុទុមរង្សី បានសរសេរលើហ្វេសប៊ុក នាថ្ងៃទី ១២ឧសភា ថា៖ «នេះជាការលើកទឹកចិត្តមួយដ៏មានតម្លៃដែលសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់នាងខ្ញុំក្នុងការបំពេញតួនាទី និងភារកិច្ចបម្រើជាតិ មាតុភូមិ និងបម្រើដល់ផលប្រយោជន៍បងប្អូនខ្មែរយើង ពិតជាមានការគាំទ្រពីភាគីកូរ៉េ ដែលជាម្ចាស់ផ្ទះពិតប្រាកដណាស់»។
ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា អ្នកស្រីពុំអាចបំពេញកិច្ចការងារទាំងនេះបានទេ បើគ្មានការចូលរួមគាំទ្រនិងលើកទឹកចិត្តពីមន្រ្តីរាជការ បុគ្គលិកនៃស្ថានទូត ក្រុមគ្រួសារ រួមទាំងក្តីអាណិតស្រលាញ់ពីពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការ នៅប្រទេសកូរ៉េនេះ។
លោកស្រី បុទុមរង្សី បន្តសរសេររៀបរាប់យ៉ាងដូច្នេះ៖ «នាងខ្ញុំនឹងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បន្តអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងនាមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបម្រើជាផលប្រយោជន៍ និងបុព្វហេតុ ដល់ប្រទេសជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើរ»។
បើតាមលោកស្រី បុទុមរង្សី កិច្ចការដែលត្រូវធ្វើបន្តទៀត គឺសំដៅលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-កូរ៉េ លើវិស័យការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។
លោកស្រី ជ្រឹង បុទុមរង្សី ជាអតីតរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មកកាន់តួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំនួស លោក ឡុង ឌីម៉ង់ កាលថ្ងៃទី១០កញ្ញា ឆ្នាំ២០២១។
សម្រាប់លោក ឡុង ឌីម៉ង់ ដែលជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងបច្ចុប្បន្នជាអភិបាលរងខេត្តព្រះសីហនុ ក៏ធ្លាប់ទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១ ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ (Korea Ambassador Culture Friendship Association) ពីការរួមចំណែកដល់ការពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងកូរ៉េខាងត្បូង ផងដែរ៕