ជាតិ
អ្នក​ជំនាញលើកឡើងពីជោគជ័យ និង​ឧបសគ្គ​លើ​ ការជួសជុសរួត​បាកាណ​ផ្នែក​ខាងលិចនៃប្រាសាទ​អង្គរវត្ត
13, May 2022 , 5:14 pm        
រូបភាព
សកម្មភាពរំកិលថ្មរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា។ រូបភាពពី អាជ្ញាធរជាតិអប្សរា
សកម្មភាពរំកិលថ្មរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា។ រូបភាពពី អាជ្ញាធរជាតិអប្សរា
សៀមរាប៖ រួតបាកាណផ្នែកខាងលិច ត្រូវបានជួសជុលជាង១០ខែ ដោយបានជួបឧបសគ្គជាច្រើន។ ការដំឡើងថ្ម ឱ្យត្រូវតាមទីតាំង មិនមែនជារឿងងាយស្រួលនោះឡើយ។ អ្នកជំនាញជួសជុលប្រាសាទជនជាតិខ្មែរ មានមោទកភាពចំពោះការងារជាអ្នកជួសជុលរួតបាកាណ ដែលជាផ្នែកមួយជួយថែរក្សាកេរបុព្វបុរសរបស់ខ្មែរ ដល់មនុស្សជាតិជំនាន់ក្រោយ។​

 
ខឿនរួតបាកាណ ជាផ្នែកដ៏សំខាន់នៃប្រាសាទអង្គរវត្ត។ នៅពេលទេសចរ ធ្វើដំណើរចូលក្នុងបរិវេណប្រាសាទអង្គរវត្ត គេនឹងឃើញកំពូលប្រាសាទអង្គរវត្តទាំង៥ឈរយ៉ាងស្កឹមស្កៃ។ កំពូលទាំង៥នេះ ជារួតបាកាណ ដែលទេសចរ អាចឡើងទៅតាមជណ្តើរខាងកើត។
 
ទេសចរ មិនដែលរំលងទីខ្ពស់នេះឡើយ ព្រោះវាជាកន្លែងដែលអាចគយគន់ទេសភាពព្រៃឈើដ៏ស្រស់ត្រកាលនៅជុំវិញប្រាសាទអង្គរវត្ត។ រួតបាកាណ ក៏ជាទីសក្ការៈស័ក្ដិសិទ្ធិ ដែលមានជាព្រះពុទ្ធបដិមា ចំនួន៤អង្គ។ នៅរួតបាកាណនេះ អ្នកមានជំនឿ ឡើងទៅបន់ស្រន់សុំសេចក្តីសុខសប្បាយពីព្រះពុទ្ធបដិមា ពេលទស្សនាអង្គរវត្ត។


 ឃាម មុនី ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវ លើការដ្ឋានជួសជុលរួតបាកាណ

គួរឱ្យសោកស្តាយ កត្តាអាយុកាល និងកត្តាធម្មជាតិ បានធ្វើឱ្យភាពរឹងមាំនៃរួតបាកាណទាំងអស់ មានភាពអន់ថយ និងមានចន្លោះប្រហោងច្រើនតាមជ្រុងនីមួយៗ។ កន្លងមក បារាំងធ្លាប់ជួសជុលម្តងហើយ ប៉ុន្តែ រយៈពេល៧០ឆ្នាំជាង បាយអ និងស៊ីម៉ងដ៍ បានចាប់ផ្តើមប្រេះ ដែលនាំឱ្យទឹកចូល និងបង្កឱ្យថ្មខូច។
 
ក្រោយសង្កេតឃើញបែបនេះ ស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា បានចុះសិក្សាស្រាវជ្រាវ និងបានស្នើសុំការជួសជុលនៅឆ្នាំ ២០១៧។ ក្រោយទទួលបានការអនុញ្ញាត ក្រុមអ្នកជំនាញក៏បានសិក្សាបន្ថែម និងបានចាប់ផ្តើមជួសជុលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រុមការងារសារព័ត៌មានថ្មីៗ២៥ បានជួបជាមួយលោក លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅផ្នែកខាងលិចនៃរួតបាកាណនាម៉ោង ២រសៀល។ លោក គឹម សុធិន បានពន្យល់ប្រាប់អ្នកសារព័ត៌មាន មុននឹងផ្ដល់បទសម្ភាសលម្អិត។
 
លោក គឹម សុធិន បានប្រាប់សារព័ត៌មានថ្មីៗ២៥ ដូច្នេះ៖«កិច្ចការដំបូងដែលយើងត្រូវធ្វើ គឺយើងត្រូវរកថ្មសិន។ ក្នុងការជួសជុលរបស់យើង បើសិនមិនមានថ្មខាងលើទេ យើងពិបាក ព្រោះអ្នកជំនាញ គេមិនឱ្យយើងថែមថ្មទេ។ បើថែមថ្មថ្មី លុះត្រាយើងយកទៅទ្រថ្មចាស់ៗ»។
 

ទិដ្ឋភាពកម្មករកំពុងជួសជុលរួតបានកាណ 

អស់រយៈពេល១០ខែមកហើយ ដែលផ្នែកខាងលិចនៃខឿនរួតបាកាណ ត្រូវបានជួសជុល។ ក្រុមអ្នកជំនាញ បន្តជួសជុលខឿនរួតបាកាណ យ៉ាងសស្រាក់សស្រាំ ឱ្យរួចរាល់តាមផែនការ។ «​ជាង១០ខែនេះ ពួកគាត់[កម្មករ]ធ្វើការអត់មានឈប់ទេ ធ្វើការអត់មានសៅរ៍ ឬអាទិត្យទេ លើកលែងតែបុណ្យចូលឆ្នាំទេ ព្រោះមនុស្សច្រើន»។ នេះជាការលើកឡើងរបស់លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។
 
ការជួសជុលខឿនរួតបាកាណ ក្រុមអ្នកជំនាញត្រូវធ្វើការច្រើនជាមួយការដោះដូរថ្ម។ ថ្ម ដែលប្រើសម្រាប់ជួសជុលនេះ គឺជាប្រភេទថ្មបាយក្រៀម និងថ្មភក់។ អ្នកជំនាញប្រើថ្មបាយក្រៀមដាក់ខាងក្នុង និងប្រើថ្មភក់បិទខាងក្រៅ។ ថ្វីបើខឿនរួតបាកាណ ទ្រុឌទ្រោមខ្លាំងបន្តិចក្តី អ្នកជំនាញនៅតែបន្តប្រើថ្មចាស់ជាងការជំនួសថ្មថ្មី។
 
គោលការជួសជុល នៃក្រុមការងារអាជ្ញាធរជាតិអប្សរា ត្រូវរកថ្មចាស់ដែលជ្រុះឱ្យលទ្ធភាព ទើបអាចជំនួសថ្មីបាន។ លោក គឹម សុធិន បានលើកឡើងថា៖«ទោះការជួសជុលត្រូវជំនួសថ្មថ្មី ក៏មិនមែនចេះតែដាក់ដែរ។ ម្យ៉ាង ពេលចាប់ផ្តើមការងារភ្លាម ក្រុមការងារដើម្បីយកថ្មពីមកដល់លើ គឺត្រូវការរយៈពេល ៣ថ្ងៃ ដើម្បីយកថ្ម ១ដុំ។ ប៉ុន្តែ ក្រោយយើងរកវិធីសាស្រ្តមក យើងអាចយកបាន ៧ ទៅ ៨ដុំក្នុងមួយថ្ងៃ»។
 

លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា

ទន្ទឹមនោះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏ជួបបញ្ហាមួយចំនួន អំឡុងពេលដាក់ថ្មថ្មីបញ្ចូលចូលទីតាំងឱ្យត្រូវ ដើម្បីឱ្យថ្មផ្អឹបជាប់គ្នាល្អ។ ក្រុមការងារត្រូវស្វែងយល់ និងមានជំនាញខ្ពស់ ក្នុងការស្ទង់ទឹក និងស្ទង់ខ្សែ ដើម្បឱ្យថ្មចូលទីតាំងល្អ មិនរំកិលចេញពីទីតាំង និងងាយស្រួលក្នុងការដាប់ឆ្លាក់ក្បាច់។
 
ក្រៅពីនេះ ក្រុមការងារក៏មានហានិភ័យមួយចំនួនក្នុងការជួសជុលផងដែរដូចជា កត្តាអាកាសធាតុ និងការលើកដាក់ថ្មទៅទីខ្ពស់ជាដើម។ «ឆ្នាំនេះយើងឃើញថា មានភ្លៀងធំធ្លាក់ ២, ៣មេ ដែរ។ យើងរើថ្មច្រើនពេលខ្លះយើងរើពីលើមកដល់ក្រោម។ អ៊ីចឹងខ្ពស់ ហើយពេលភ្លៀងមកយើងភ័យដែរ»។ នេះជាការលើកឡើងរបស់លោក គឹម សុធិន។
 
ការជួសជុលខឿនរួតបាកាណនេះ ប្រើកម្លាំងមនុស្សប្រមាណ៦៥នាក់។ ពួកគេត្រូវបានបែងចែកជាក្រុម ដោយមួយក្រុមៗមានសមាជិក ៨នាក់ តាមផ្នែកនៃជ្រុងនីមួយៗ។ ក្រៅពីការងារប្រើកម្លាំងពលកម្មច្រើន ក្រុមអ្នកជំនាញក៏ត្រូវការចំណាយលើការទិញថ្ម ការទិញសម្ភារៈ និងជួលរថយន្តស្ទូចផងដែរ។
 
ការចូលរួមរបស់កម្មករទាំងអស់ ពិតជាមានតម្លៃណាស់សម្រាប់ដំណើរជួសជុលទាំងមូលនេះ។ ជាពិសេស ការឡើងចុះពីទីខ្ពស់មកក្រោម ដែលប្រឈមគ្រោះថ្នាក់ច្រើន។ «កិច្ចការងារមួយទៀតលំបាកដែរ ក្រោយជួសជុលរួចរាល់ គឺការប្រមូលកម្ទេចថ្ម ដែលត្រូវប្រមូលម្តងមួយឡាំង អ៊ីចឹងវាយូរ។ ការងារនេះ វាចំណាយពេលដែរ គាត់ឡើងចុះៗ ហើយត្រឹមតែ ២ ឬ ៣ជើង គាត់ហត់ហើយ»។ លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងដូច្នេះ។
 
ទោះបីការងារនេះ លំបាកយ៉ាងណាក្តី ប៉ុន្តែវាក៏ជាចំណែកមួយក្នុងការរួមចំណែកបណ្តុះបណ្តាលអ្នកជំនាញខ្មែរឱ្យកាន់តែមានសមត្ថភាពច្រើនផងដែរ។ ក្រៅពីនេះ វាក៏បានជួយសម្រួលដល់ជីវភាពរបស់កម្មករ ក្នុងបរិបទកូវីដ-១៩ កន្លងទៅ។
 
«ជារឿងមួយល្អដែរ យើងឆ្លៀតមកធ្វើនេះ បានបង្រៀនឱ្យអ្នកជំនាញខ្មែរនេះបានស្គាល់ពីប្រភេទដុំថ្ម។ ពីមុនគាត់អត់ស្គាល់ទេ តែឥឡូវគាត់ចេះវាស់ គាត់ស្គាល់ថា ដុំថ្មណាវានៅលើ ដុំថ្មណានៅក្រោម។ បើយើងអត់ស្គាល់ទេ ផ្កាប់វាម៉េច ផ្អៀងវាម៉េច យើងអត់ដឹងទេ។ នៅពេលយើងប្រាប់គាត់ គាតចាប់ផ្តើមយល់»។ នេះជាការលើកឡើងរបស់លោក គឹម សុធិន ដោយបន្ថែមថា ការងារដែលលំបាកជាងគេ គឺស្គាល់ដុំថ្ម។
 

លោកលោក ង៉ិម សី អ្នកគូរប្លង់ប្រាសាទមុនពេលជួសជុល  ង៉ិម សី អ្នកគូរប្លង់ប្រាសាទមុនពេលជួសជុល 

ការរួមសហការនៃក្រុមអ្នកជំនាញ និងកម្មករ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួសជុលមរតកដូនតាខ្មែរ ដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ លោក ឃាម មុនី ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវ លើការដ្ឋានជួសជុលរួតបាកាណ បានលើកឡើងពីមោទកភាពដូច្នេះ៖«ខ្ញុំពេញចិត្ត និងរីករាយធំបំផុត ដែលខ្ញុំ រួមទាំងកម្មករទាំងអស់ បានបំពេញការងារជូនទឹកដី ជូនសាសនា។ កន្លែងនេះ គេចាត់ទុកជាទង់ព្រលឹងជាតិ អ៊ីចឹងក៏ដូចជាថែរក្សាមរតក ព្រលឹងជាតិ»។
 
លោក មុនី បញ្ជាក់យ៉ាងមុតមាំថា មិនមែនការខំប្រឹងទាំងនេះ ដើម្បីតែប្រាក់ខែនោះឡើយ។ ក្រុមការងារ គិតថាខ្លួនបានចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌជាតិដ៏ពិសិដ្ធគ្មានពីរ។ ក្រុមការងារ ព្យាយាមបំពេញការងារ ដើម្បីរក្សាប្រាសាទនេះឱ្យនៅ គង់វង្ស យូរអង្វែង។
 
គួរបញ្ជាក់ផងដែរថា ផ្នែកខាងកើតនៃរួតបាកាណ នឹងដំណើរការដ្ឋានជួសជុល បន្ទាប់ពីក្រុមការងារអាជ្ញាធរជាតិអប្សរាទទួលបានការអនុញ្ញាត។ លោក គឹម សុធិន រំពឹងថា ការជួសជុលនឹងអាចដំណើរនៅឆ្នាំ២០២៣ ឆាប់ៗ ព្រោះផ្នែកខាងកើតហាក់ទ្រុឌទ្រោមខ្លាំង។ បើតាមការសន្និដ្ឋាន ការជួសជុលនេះអាចរើថ្មចេញទាំងស្រុង ហើយរៀបចំថ្មដាក់សារជាថ្មី ដើម្បីចំណេញពេល និងងាយស្រួលជាងមុន៕
 

Tag:
 ICC Angkor
  ជួសជុលរួតបាកាន
  ប្រាសាទអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com