កីឡាអន្តរជាតិ
អន្តរជាតិ
Forbes៖ Messi ក្លាយជាអត្តពលិករកចំណូលលើសគេលើលោក ឯ Ronaldo រក្សាលេខ៣ដដែល
14, May 2022 , 10:29 pm        
រូបភាព
Lionel Messi ឡើងឈរលើគេក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងនាមអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ២០២២ ចំនួន ១៣០លានដុល្លារអាម៉េរិក (មុនបង់ពន្ធ)។ កីឡាករបាល់បោះ LeBron James ឡើងទៅឈរចំណាត់ថ្នាក់ទី២ ជាមួយចំណូល ១២១,២លានដុល្លារ ខណៈ Cristiano Ronaldo រក្សាចំណាត់ថ្នាក់លេខ៣ដដែល ដោយរកបាន ១១៥លានដុល្លារ។
 
ប្រាក់ចំណូលសរុបមុនបង់ពន្ធចំនួន ១៣០លានដុល្លារ ត្រូវបានខ្សែប្រយុទ្ធក្រុម Paris Saint-Germain រកបានក្នុងរយៈពេល១២ខែចុងក្រោយ តាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ។ សម្រាប់ Messi នេះជាការដណ្តើមបានតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes សារជាថ្មីក្នុងនាមអត្តពលិកមានប្រាក់ចំណូលខ្ពស់បំផុតលើលោក ខណៈរូបគេធ្លាប់កាន់តំណែងនេះម្តងរួចមកហើយកាលពីឆ្នាំ ២០១៩។
 
ទោះមានចំណូលខ្ពស់ហើយក្តី ប៉ុន្តែ Forbes ប៉ាន់ប្រមាណថា ប្រាក់ខែរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ធ្លាក់ចុះប្រហែល២២លានដុល្លារ នាឆ្នាំចុងក្រោយ ជាមួយ Barcelona មុនផ្លាស់ទៅ PSG ដែលទទួលបានប្រាក់ពលកម្ម៧៥លានដុល្លារក្នុងមួយឆ្នាំ។
 
ក្នុងចំណោមអត្តពលិកមានចំណូលខ្ពស់បំផុតទាំង១០លើលោក មាន៣រូបជាកីឡាករបាល់ទាត់ និង៤រូបជាកីឡាករបាល់បោះនៅលីគកំពូលអាម៉េរិក NBA។ កំពូលតារាគុនចម្រុះ Conor McGregor ដែលជាប់ជាអត្តពលិករកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ ២០២១ មិនស្ថិតក្នុងបញ្ជី១០រូបរបស់ Forbes ឆ្នាំ២០២២នេះឡើយ។
 
កីឡាករបាល់បោះ LeBron James របស់ក្រុម Los Angeles Lakers ឈរនៅចំណាត់ថ្នាក់ទី២បន្ទាប់ពី Messi ដោយរកបានចំណូលសរុបប្រចាំឆ្នាំចំនួន ១២១,២លានដុល្លារ តាមពីក្រោយដោយ Ronaldo ខ្សែប្រយុទ្ធក្រុម Manchester United ដែលរកបាន ១១៥លានដុល្លារ។ Neymar របស់ PSG នៅចំណាត់ថ្នាក់ទី៤ពិភពលោកក្នុងចំណូល ៩៥លានដុល្លារ។ 
 
ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតរួមមាន៖
- ទី៥ Stephen Curry កីឡាករបាល់បោះរបស់ក្រុម Golden State Warriors បានចំណូល ៩២,៨លានដុល្លារ។ 
- ទី៦ Kevin Durant កីឡាករបាល់បោះរបស់ក្រុម Brooklyn Nets មានចំណូល ៩២,១លានដុល្លារ។ 
- ចំណាត់ថ្នាក់ទី៧ កីឡាករវាយកូនបាល់ Roger Federer បានចំណូល ៩០,៧លានដុល្លារ។
- ទី៨ Canelo Alvarez អ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក រកចំណូលបាន៩០លានដុល្លារ។
- ទី៩ Tom Brady កីឡាករបាល់ឱបអាមេរិក រកបានចំណូល  ៨៣,៩លានដុល្លារ។
- ទី១០ Giannis Antetokounmpo កីឡាករបាល់បោះសញ្ជាតិក្រិករបស់ក្រុម Milwaukee Bucks ទទួលបានចំណូល ៨០,៩លានដុល្លារ៕
 

Tag:
 Forbes
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com