រថយន្ត
អន្តរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្យាយាមទាក់ទាញ Tesla ឲ្យ​វិនិយោគរោងចក្ររថយន្តអគ្គិសនីក្នុងប្រទេសខ្លួន
16, May 2022 , 8:19 pm        
រូបភាព
ដោយ: ធីតា
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ចង់​ឲ្យក្រុមហ៊ុន Tesla បើ​កដំណើរ​ការ​រោង​ចក្រ​របស់ខ្លួននៅ​ម៉ាឡេស៊ី។ លោក​បាន​ស្នើយ៉ាងដូច្នេះ នាអំឡុងពេល​ដែល​លោកបានអញ្ជើញ​ក្រុមហ៊ុន​ធំៗមួយចំនួន​ចំណោម​ក្រុមហ៊ុនអាម៉េរិកក្នុងបញ្ជី Fortune 500 ទៅទស្សនា​ប្រទេស​របស់​លោក។

  
បន្ទាប់ពីជំនួប​ជាមួយ​លោក Ted Osious អគ្គនាយក​ និងជាប្រធាន​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្មអាម៉េរិក-អាស៊ាន (US-ABC) ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ស្នើ​ទៅ​ក្រុមហ៊ុន Tesla ឲ្យ​ផលិត​រថយន្តអគ្គិសនី EVs នៅទឹក​ដី​របស់លោក។
 
«ខ្ញុំ​បានស្នើ​ទៅ​ក្រុមហ៊ុន Tesla ឲ្យមក​វិនិយោគ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លើ​ការ​ផលិត​រថយន្តអគ្គិសនី»។ លោក Ismail បានអះអាងយ៉ាង​ដូច្នេះ​ទៅ​កាន់​សារព័ត៌មាន​ក្នុង​ស្រុក ដោយគូស​បញ្ជាក់ថា US-ABC ដើរតួនាទីយ៉ាងសំខាន់​ក្នុងការទាក់ទាញ​វិនិយោគិន​អាម៉េរិកមក​ក្នុងតំបន់អាស៊ាន ជាពិសេសម៉ាឡេស៊ី។
 
យោង​តាមការ​ចុះផ្សាយ​របស់ Malay Mail លោក Shahrol Halmi ប្រធាន​​ក្លិប​អ្នក​ប្រើ​ប្រាស់​រថយន្តអគ្គិសនី​ម៉ាឡេស៊ី (MYEVOC) បាន​បញ្ជាក់ថា អ្នក​ប្រើ​ប្រាស់រថយន្តអគ្គិសនីលើ​ផ្លូវថ្នល់​ម៉ាឡេស៊ី មាន​ប្រមាណ​៥០០គ្រឿង ហើយ​មនុស្ស​ជាច្រើន​បង្ហាញពី​ឆន្ទះ​ចង់ទិញនាពេល​អនាគត។
 
លោក Halmi បាន​លើកឡើងថា៖ «ការ​ប្រើ​ប្រាស់រថយន្តអគ្គិសនីនៅ​ម៉ាឡេស៊ី នឹង​មានអនាគត​ដ៏ភ្លឺស្វាង ពីព្រោះ​មនុស្ស​ជាច្រើន បង្ហាញចំណាប់អារម្មណ៍ទិ​ញឲ្យបាន១គ្រឿង ដោយសារ​វារលូន​ និង​ស្ងប់ស្ងាត់​ជាង​រថយន្ត​ធម្មតា»។
 
លោកបាន​បន្ថែមថា នាពេល​បច្ចុប្បន្ន ម៉ាឡេស៊ី ប្រើ​ប្រាស់​រថយន្ត EVs របស់​ Porsche, BMW, Hyundai, Volvo និង Mercedes-Benz ហើយ Tesla, MG និង Audi ក៏កំពុង​ចូល​ក្នុងទីផ្សារផងដែរ ដែលនឹងផ្តល់ជម្រើស​កាន់តែច្រើន​សម្រាប់អ្នកទិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com