កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag មិនចូលរួមព្រឹត្តិការណ៍ក្រោយចប់រដូវកាលរបស់ Ajax ដោយផ្តោតអារម្មណ៍លើ Man United
17, May 2022 , 9:29 am        
រូបភាព
លោក Erik ten Hag ថ្ងៃទី១៥ ខែឧសភា បាននិយាយថា លោកមិនធ្វើដំណើរជាមួយក្រុម Ajax Amsterdam សម្រាប់ការប្រកួតមិត្តភាពបិទរដូវកាលឡើយ។​ លោក Ten Hag អះអាងថា លោកយកពេលវេលានោះទៅផ្តោតអារម្មណ៍លើការកសាង Manchester United ក្នុងនាមជាអ្នកចាត់ការថ្មី។


លោក Ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមបិសាចក្រហមកាលពីខែមេសាកន្លងទៅដោយជំនួសលោក Ralf Rangnick ពីរដូវកាលថ្មីចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ។ 
ក្រោយដឹកនាំការប្រកួត Ajax ស្មើក្រុម Vitesse លទ្ធផល ២-២ លោក Ten Hag បាននិយាយក្នុងសន្និសិទកាសែតថា លោកនឹងមិនធ្វើដំណើរទៅប្រកួតមិត្តភាពក្រោយចប់រដូវកាលជាមួយ Ajax ឡើយ ដោយយកពេលវេលាផ្តោតអារម្មណ៍លើកសាងក្រុមបិសាចក្រហម។
 
«ពិតណាស់ នឹងមានពិធីជប់លៀងជាមួយក្រុមកីឡាករនឹងបុគ្គលិករបស់ Ajax ទាំងអស់ ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរជាមួយក្រុមទៅកាន់កោះគូរ៉ាកាវឡើយ។ ខ្ញុំគិតថាអ្នកគ្រប់គ្នាគួរតែយល់ពីរឿងនេះ វាមានការងារច្រើនណាស់ដែលត្រូវធ្វើនៅ United ក្នុងនាមជាអ្នកចាត់ការគឺត្រូវផ្តោតអារម្មណ៍ក្នុងការរៀបចំក្រុមនៅរដូវកាលបន្ទាប់។»។លោក Ten Hag និយាយបែបនេះ។
មិនត្រឹមតែប៉ុណ្ណោះលោក Ten Hag ក៏អះអាងបន្ថែមថា បញ្ហាបុគ្គលិកនៅក្លិបបិសាចក្រហមត្រូវមានការរៀបចំឡើងវិញ។
 
ពេលចច្ចុប្បន្ន Man United ជាក្រុមស្ថិតនៅលំដាប់លេខរៀងទី៦ នៅតារាង Premier League ដោយថ្ងៃទី២២ ខែឧសភា នឹងធ្វើដំណើរទៅតទល់ក្រុម Crystal Palace សម្រាប់ជំនួបបញ្ចប់រដូវកាល។ 
 
ចំណែក Ajax ក៏ទើបតែប្រកាសតែងតាំងគ្រូថ្មីគឺលោក Alfred Schreuder ជំនួសលោក​ Ten Hag នៅរដូវកាលថ្មីផងដែរ៕
 

Tag:
 Erik ten Hag
  Ajax
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com