កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ កីឡាករកាយសម្ព័ន្ធហ្វីលីពីន Yulo ឈ្នះមេដាយមាស៥ម្នាក់ឯង
17, May 2022 , 7:29 pm        
រូបភាព
Carlos Yulo កីឡាករកាយសម្ព័ន្ធហ្វីលីពីន បានបញ្ចប់យុទ្ធនាការកីឡាស៊ីហ្គមេ (SEA Games) ដ៏អស្ចារ្យនៅប្រទេសវៀតណាម ដោយឈ្នះមេដាយ៥ និងប្រាក់២ សរុបចំនួន៧ តែម្នាក់ឯង។



មិនមែនជារឿងសាមញ្ញឡើយសម្រាប់អត្តពលិកដែលចូលរួមប្រកួតកីឡាប្រចាំតំបន់អាស៊ាន ដែលអាចដណ្តើមបានមេដាយដល់ទៅ៧តែម្នាក់ឯង។​ ប៉ុន្តែកីឡាករហ្វីលីពីន Yulo អាចធ្វើបាន​ ដោយដណ្តើមបានមេដាយមាស៥ និងប្រាក់២។
 
Yulo វ័យ២២ឆ្នាំ ដណ្តើម​បាន​មេដាយ​មាស​ទី​៥​របស់​ខ្លួនលើប្រភេទកីឡាកាយសម្ព័ន្ធវិញ្ញាសា​សម្តែងលើរបារ​ផ្ដេកផ្នែក​បុរស​នៅទី១៦ ខែ​ឧសភា។ Yulo ទទួល​បាន ១៣,៨៦៧ពិន្ទុ ស្មើពិន្ទុកីឡាករម្ចាស់ផ្ទះវៀតណាម Dinh Phuong Thanh ​ដោយទទួលមេដាយមាសស្ទួន។ កីឡាករវៀតណាម​ម្នាក់​ទៀត Le Thanh Tung ធ្វើបាន ១៣,៤៣៣ពិន្ទុ បានមេដាយសំរឹទ្ធ។
សរុបទៅ Yulo ដណ្តើមបានមេដាយចំនួន៧ មាស៥ និងប្រាក់២នេះ ក្នុងចំណោមការប្រកួត៨វិញ្ញាសាដែលរូបគេចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១។ 


 
កាលពីស៊ីហ្គេមលើកទី៣០ ក្នុងឆ្នាំ២០១៩ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះ Yulo ឈ្នះមេដាយមាស២ និងប្រាក់៥។ កាលនោះ Yulo ជាប់ជាអត្តពលិកឈ្នះមេដាយច្រើនជាងគេរបស់ហ្វីលីពីនផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ហ្វីលីពីនស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងតារាងពិន្ទុស៊ីហ្គេមឆ្នាំ២០២១ ដោយរកបានមេដាយមាស៣០ ប្រាក់៣៤ និងសំរឹទ្ធ៤៤ សរុប១០៨មេដាយ។ ម្ចាស់ផ្ទះវៀតណាមឈរកំពូលតារាងដោយរកបានមេដាយមាសច្រើនដាច់គេ៨៦ ប្រាក់៥៣ និងសំរឹទ្ធ៥៥ សរុប ១៩៤មេដាយ តាមពីក្រោយដោយថៃដែលដណ្តើមបានមេដាយមាស៣៦ ប្រាក់៣៨ និងសំរឹទ្ធ៥២ សរុប១២៦មេដាយ។ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី៨ ចំណោមប្រទេសចូលរួមទាំង១១ បន្ទាប់ពីដណ្តើមបានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ១០ សរុប១៥មេដាយ៕
 

Tag:
 Carlos Yulo
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com