COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ រដ្ឋនឹងចេញមុខបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ បើ​ឯកជនយឺ​​ត​យ៉ា​វ
17, May 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងចេញមុខធ្វើជាដៃគូបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដោយផ្ទាល់ ប្រសិនក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិផលិតយឺតយ៉ាវ ឬមិនហ៊ានវិនិយោគ។ សម្តេច ហ៊ុន សែន គូសបញ្ជាក់ដូច្នេះ បន្ទាប់ពីគម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា គ្មានវឌ្ឍនភាពសោះ។

 
សម្តេច ហ៊ុន សែន ប្រាប់ឱ្យក្រសួងសុខាភិបាល ពិនិត្យ និងពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ទាប់ពីប្រមុខរដ្ឋាភិបាល ​​ទទួលព័ត៌មាន​ថា ក្រុមហ៊ុន​ខ្មែរ ដែលទទួលបា​នសិទ្ធិផលិតវ៉ាក់សាំង ​ឆ្លើយតបយឺតយ៉ាវទៅភាគីចិន។ សម្តេច ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យធីតា ប្រឆាំងកូវីដ-១៩ ​នៅសាលពិព័រណ៍ជ្រោយចង្វារ នៅថ្ងៃទី១៧ ឧសភានេះ។ 
 
ជុំវិញភាពយឺតយ៉ាវនេះ ប្រមុខរដ្ឋាភិបាល បានប្រាប់ឱ្យក្រសួងសុខាភិបាល ពិចារណាដកហូតអាជ្ញាបណ្ណពីក្រុមហ៊ុនឯកជននោះវិញ ​ ​បើការងារសាងសង់រោងចក្រនេះ គ្មាន​វឌ្ឍនភាព​។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះថា៖ «វិស័យឯកជនកម្ពុជា ដែលបានទទួលបានសិទ្ធិ ធ្វើ ឬធ្វើ? បើមិនធ្វើ ត្រូវប្រគល់ឱ្យអ្នកផ្សេងធ្វើ។ អត់មានទុកអ៊ីចឹងទេ។  ខាងចិនគេលើកមកវិញថា ខាងខ្មែរយឺត។ ឥឡូវ(ក្រសួងសុខាភិបាល)ត្រូវមើល! បើមិនធ្វើទេ ដក​ License (អាជ្ញាបណ្ណ) ប្រគល់ឱ្យក្រុមហ៊ុនណាហ៊ានធ្វើ។ អត់មាន ឱ្យក្រុមហ៊ុនមួយមកវ៉ាងទីទេ​។ អត់ទេ! សូមទុកឱ្យអ្នកឯង​(ក្រុមហ៊ុន) រយៈពេលប៉ុន្មាន? ខ្ញុំត្រូវការមានរោងចក្រមួយផលិតវ៉ាក់សាំង(កូវីដ-១៩)»។
 
​ទន្ទឹមនឹង​សម្តែងការមិនពេញចំពោះភាពយឺតយ៉ាវនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងថា  បើ​ក្រុមហ៊ុនឯកជននៅតែយឺតយ៉ាវ ឬមិន​ហ៊ានវិនិយោគ​នោះទេ រដ្ឋាភិបាលនឹងចេញមុខធ្វើការនេះផ្ទាល់ជាមួយភាគីចិនតែម្តង។ ​«ទុនមាន អត់បញ្ហា!  ខ្ញុំបញ្ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ឱ្យរដ្ឋផលិតតែម្តង​។ ធ្វើជាដៃគូជាមួយនឹងខាងចិន»។  នេះជាការបញ្ជាក់បន្ថែមរបស់    សម្តេច ហ៊ុន សែន មុននឹងបញ្ជាឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រាយការណ៍ពី​វឌ្ឍនភាពនៃការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ រៀងរាល់សប្តាហ៍ផងដែរ​។ 
 
សូមជម្រាបថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម នៅក្នុងឆ្នាំ២០២២២នេះ ក្រោយទទួួលបានការគាំទ្រពីភាគីចិន។
 
គិតមកទល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដល់ពលរដ្ឋបានប្រមាណ១៥លាននាក់ហើយ។ ក្នុងចំណោមនោះ មានជាង៩លាននាក់ បានចាក់នូវដូសទី៣ និងមានជាង ២,២លាននាក់​ បានចាក់នូវដូសទី៤៕
 

Tag:
 រោងចក្រ
  វ៉ាក់សាំងកូវីដ-១៩
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com