ជាតិ
សេដ្ឋកិច្ច
រដ្ឋ ត្រៀមបោះលក់មូលបត្របំណុល ៣០០លានដុល្លារ នាឆ្នាំនេះ​
18, May 2022 , 8:59 pm        
រូបភាព
លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ រដ្ឋាភិបាល ត្រៀមបោះផ្សាយលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ចំនួន១,២ទ្រីលានរៀល(៣០០លានដុល្លារ) នៅក្នុងឆ្នាំ២០២២។ បើតាមលោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋសម្រេចបោះផ្សាយសញ្ញាបណ្ណ ឬ បណ្ណបំណុលនេះ គឺដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រ​មកអភិវឌ្ឍសេដ្ឋកិច្ច។

 
រដ្ឋគ្រោងខ្ចីលុយប្រមាណ៣០០លានដុល្លារ ពីវិនិយោគិនក្នុងស្រុក តាមរយៈការបោះផ្សាយលក់មូលត្របំណុលនៅលើទីផ្សារមូលបត្រកម្ពុជា(CSX) នៅឆ្នាំ២០២២ ដែលមានធនាគារជាតិនៃកម្ពុជា(NBC) ជាភ្នាក់ងារបោះផ្សាយមូលបត្រនេះ។ នេះជាការលើកឡើងរបស់លោក ប៉ែន ធីរុង្គ។ 
 
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា តាមពិតកម្ពុជាមានលទ្ធភាពបោះលក់មូលបត្របំណុលបានចន្លោះពី ២ទ្រីលាន ដល់​ ៤ទ្រីលានរៀន(៥០០ទៅ១០០០លានដុល្លារអាម៉េរិក)។​ 
 
«សមត្ថភាពយើង អាចដល់ប៉ុណ្ណឹងប៉ុន្តែនៅក្នុងច្បាប់យើងដាក់ត្រឹម៣០០លានដុល្លារសិន ព្រោះយើងទុកចន្លោះក្នុងករណីដែលមានតម្រូវការបន្ទាន់ដែលយើងត្រូវការ គឺអាចបោះលក់[ក្នុងទំហំ៥០០ទៅ១០០០លានដុល្លារបាន]»។ លោក ប៉ែន ធីរុង្គ និយាយបែបនេះក្នុងសន្និសីទជាតិស្ដីពីទីផ្សារមូលបត្រកម្ពុជាក្រោមប្រធានបទ៖មួយទស្សវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ នាព្រឹកថ្ងៃទី១៨ឧសភា។ 
 
បើតាមលោក ប៉ែន ធីរុង្គ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។ លើសនេះ​ ការបោះផ្សាយមូលបត្របំណុលនេះ  ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ខណៈផ្សារមូលបត្រកម្ពុជាបានដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ។ 


ផែនការនៃការបោះផ្សាយមូលបត្ររដ្ឋក្នុងទំហំ៣០០លានដុល្លារ ដោយប័ណ្ណបំណុលមួយសន្លឹកមានតម្លៃចារឹត២៥០ដុល្លារដែលមានរយៈពេលចាប់ពី៣ឆ្នាំឡើងជាមួយនឹងអត្រាការថេរ។ រដ្ឋនឹងទូទាត់ការប្រាក់ឱ្យវិនិយោគក្នុងរយៈពេល៦ខែម្តង។ 

លោកបន្តនិយាយដូច្នេះ​៖«ចំណូលបានពីការបោះផ្សាយមូលបត្របំណុលហ្នឹង! យើងគ្រោងចាយ[ផ្តល់ហិរញ្ញប្បទាន]ទៅលើឱ្យធនាគាSME, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងគ្រោងផ្តល់ហិរញ្ញប្បទានក្នុងវិស័យសេដ្ឋកិច្ចឌីជីថល...ជាដើម»។
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន  ក្រៅពីបោះផ្សាយមូលបត្រដើម្បីកៀរគរប្រភពទុនវិនិយោគពីទីផ្សារមូលបត្រហើយនោះ ក៏ដើម្បី​បង្កើត​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី ​សម្រាប់​វិនិយោគិន​នៅក្នុង​ទីផ្សារ​មូលបត្រ ជាពិសេសស្ថាប័នរកស៊ីនៅកម្ពុជា​​ រួមមាន ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង​, មូលនិធិ​សោធន​និវត្តន៍​,​មូលនិធិ​សន្តិសុខ​សង្គម ​ជាដើម​។
 
សម្រាប់ឧបករណ៍ហិរញ្ញវត្ថុថ្មីនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ក្តីរំពឹងថា៖ «នឹងទទួលបានការពេញនិយមសម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា ​និងផ្តល់នូវទិន្នន័យ Benchmark សម្រាប់​ការជួញដូរ​មូលបត្រ​សាជីវកម្ម និង​ការវិភាគ​ហិរញ្ញវត្ថុ​នានា ​ដូច​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ដែលមាន​វិស័យ​មូលបត្រ​រីកចម្រើន​»​។

ជុំវិញនៃការបោះផ្សាយលក់មូលបត្ររដ្ឋនេះ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) លើកឡើងថា ក្រសួងសេដ្ឋកិច្ចអាចនឹងប្រកាសជាផ្លូវការ នាអំឡុងខែមិថុនា ឬខែកក្កដា។ លោកបាននិយាយដូច្នេះ៖« ខ្ញុំគិតថា​ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អាចនឹងចេញសេចក្តីប្រកាសព័ត៌មានឆាប់ៗនេះ នាខែមិថុនា​។ បើមិនអ៊ីចឹងទេ!​ យ៉ាងយូរនៅខែកក្កដា នឹងមានសេចក្តីជូនដំណឹងជាផ្លូវការ អំពីការបោះផ្សាយមូលបត្រនេះ»។ 

ជាមួយគ្នានេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទថា ពេលវេលាជាក់លាក់នៃការបោះផ្សាយមូលបត្ររដ្ឋនេះ លោកពុំទាន់ទទួលបានព័ត៌មានទេ។ ប៉ុន្តែលោកបញ្ជាក់ថា ការបោះលក់មូលបត្របំណុលនេះ រដ្ឋគឺមិនបោះលើសពីទំហំ៣០០លានដុល្លារនេះឡើយ។    អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បាននិយាយដូច្នេះ៖ «យើងអាចបោះមូលបត្រនេះ​នៅក្រោម៣០០លានដុល្លារ ឬនៅត្រឹម៣០០លានដុល្លារ តែយើងមិនអាចបោះលើសពីនេះទេ។ បើបោះលើស គឺខុសច្បាប់ [ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២]»។​
 
សូមជម្រាបថា​ ផ្សារមូលបត្រ​កម្ពុជា​(CSX) ត្រូវបានបើក​ឱ្យដំណើរការ​ជួញដូរ​មូលបត្រ​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​២០១២។ រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជានេះ គឺមានក្រុមហ៊ុនចំនួន១៦បានចុះបញ្ជី។ ក្នុងនោះមាន៩ក្រុមហ៊ុន ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ ដែលមានកៀរគរទុនវិនិយោគពីទីផ្សារនេះ​បានប្រមាណ ២៨១លានដុល្លារ៕ 
 
 
 

Tag:
 មូលបត្រ
  សញ្ញបណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com