កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ៖​ ខ្ញុំមិនធ្លាប់មានកីឡាករល្អៗដូច Liverpool ពេលនេះឡើយ
18, May 2022 , 5:29 pm        
រូបភាព
លោក Jurgen Klopp ថ្ងៃទី១៨ ខែឧសភា និយាយថាលោកមិនធ្លាប់មានកីឡាករល្អៗក្នុងក្រុម ដូចក្លិប Liverpool ពេលនេះឡើយ ។ លោកថ្លែងបែបនេះ បន្ទាប់ពីកូនក្រុមទទួលជ័យជម្នះលើក្រុម Southampton លទ្ធផល ២-១។

 
Liverpool បន្តដាក់សម្ពាធលើក្រុមកំពូលតារាង Manchester City ក្រោយរកបាន៣ពិន្ទុបន្ថែមពីជំនួបសប្តាហ៍ទី៣៧ នៃ Premier League របស់ខ្លួន និងមាន៨៩ពិន្ទុ ក្រោមមេឃខៀវ១ពិន្ទុ។ ២គ្រាប់ឈ្នះលើ Southampton ធ្វើបានដោយកីឡាករ Takumi Minamino និង Joe Matip ខណៈដែល Liverpool បានប្តូរកីឡាករបម្រុងឱ្យចូលប្រកួតរហូតដល់ទៅ៩រូប។ ចំណែកក្រុមម្ចាស់ផ្ទះស៊ុតដោយកីឡាករ Nathan Redmond។
 
សម្រាប់ជំនួបសប្តាហន៍ទី៣៨ ដែលធ្វើឡើងនាថ្ងៃទី២២ ខែឧសភា គឺជាប្រកួតចុងក្រោយរបស់ក្រុមទាំងអស់នៅ Premier league ហើយជាប្រកួតដែលកំណត់វាសនារវាងក្រុម Man City និង Liverpool ក្លាយជាម្ចាស់ពានរង្វាន់កំពូលអង់គ្លេសមួយនេះ។
 
យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះលទ្ធផល ហើយនិយាយថា ជោគជ័យដែលក្រុមធ្វើបាន EFL Cup, FA ហើយឈ្នះជំនួបសប្តាហ៍ទី៣៧ ជាការបន្តសង្ឃឹមប្រជែងពាន ព្រមទាំងភាពខ្លាំងរបស់ក្រុមរដូវកាលនេះ។
 
«ខ្ញុំសប្បាយចិត្តខ្លាំងចំពោះលទ្ធផល និងការបង្ហាញខ្លួនរបស់ក្រុមថ្ងៃនេះ ក្រុមកីឡាករទាំងនេះប្រៀបដូចជាឡានទំនើប Ferraris ដែលទុកក្នុងឃ្លាំងអ៊ីចឹងទោះមិនសូវបានលេង តែគុណភាពនៅខ្លាំងរហូត។ ខ្ញុំមិនធ្លាប់មានកីឡាករល្អៗបែបនេះពីមុនមកឡើយ ពួកគេបន្តស្វែងរកជ័យជម្នះ ហើយធ្វើបានល្អបំផុតសម្រាប់ក្រុមសឹងគ្រប់ការប្រកួត។»។ លោក Klopp និយាយប្រាប់ទូរទស្សន៍ Sky Sports ក្រោយចប់ការប្រកួតបែបនេះ។
 
Liverpool តាមពីក្រោយ Man City ១ពិន្ទុ នឹងត្រូវទទួលក្រុម Wolverhampton Wanderers សម្រាប់ជំនួបចុងក្រោយ ហើយហង្សក្រហមគឺត្រូវការឈ្នះជាចាំបាច់ដើម្បីអាចមានឱកាសលើកពាន Premier League។ ឯ Man City ក៏ត្រូវការឈ្នះជាចាំបាច់ពេលប្រកួតទល់ក្រុម Aston Villa ផងដែរ៕
 
 
 
 

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com