កីឡាអន្តរជាតិ
អន្តរជាតិ
ពាន Premier League និង Serie A ឈានដល់ប្រកួតចុងក្រោយ ដើម្បីរកជើងឯក
19, May 2022 , 8:29 am        
រូបភាព
ការប្រជែងពានរង្វាន់ Premier League និង Serie A រដូវកាល ២០២១-២២ ត្រូវឈានដល់ការប្រកួតចុងក្រោយដូចគ្នាដើម្បីរកម្ចាស់ជើងឯក។ ម្ចាស់ការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Manchester City ត្រូវប្រជែងជាមួយក្រុម Liverpool ខណៈ AC Milan និងម្ចាស់ការពារជើងឯក Inter Milan ត្រូវដណ្តើមគ្នាដើម្បីយកតំណែងជើងឯកលីគកំពូលអ៊ីតាលី។


ក្នុងចំណោមការប្រជែងពាននៅលីគកំពូលទាំង៥នៅអឺរ៉ុប មានតែលីគ៣ទេដែលបានរកឃើញជើងឯករួចហើយ តាំងពីប៉ុន្មានសប្តាហ៍មុនម្លេះ។ Bayern Munich បានក្លាយជាម្ចាស់ជើងឯកអាល្លឺម៉ង់ Bundesliga មុនគេនៅរដូវកាលនេះ បន្ទាប់មក Paris Saint-Germain ក្លាយជាជើងឯក Ligue 1 របស់បារាំង និង Real Madrid គ្រងឈើងឯកលីគកំពូលអេស្ប៉ាញ La Liga។
 
Bayern Munich, Paris Saint-Germain និង Real Madrid សុទ្ធតែមានពិន្ទុដាច់ឆ្ងាយពីគូប្រជែងរៀងៗខ្លួន។
 
ផ្ទុយទៅវិញ ក្រុមនៅលីគកំពូលអង់គ្លេស និងអ៊ីតាលីនៅមិនទាន់រកឃើញម្ចាស់ពាននៅឡើយ ហើយត្រូវបន្តរកក្រុមជើងឯងរហូតដល់ការប្រកួតចុងក្រោយបិតរដូវកាលឯណោះ។
 
ក្រុមការពារតំណែងជើងឯក Man City កំពុងឈរកំពូលតារាង Premier League ដោយរកបាន៩០ពិន្ទុ នាំមុខ Liverpool តែមួយពិន្ទុប៉ុណ្ណោះក្រោយឆ្លងកាត់ការប្រកួត៣៧លើកដូចគ្នា។
Man City និង Liverpool ត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយក្នុងសប្តាហ៍ទី៣៨ ដើម្បីដឹងថាក្រុមណាជាម្ចាស់ជើងឯករដូវកាល ២០២១-២២នេះ។ ក្រុមមេឃខៀវត្រូវជួប Aston Villa ខណៈហង្សក្រហមប៉ះ Wolverhampton Wanderers។ ជំនួបចុងក្រោយរវាងក្រុមទាំងពីរគូខាងលើ និង៨គូផ្សេងទៀតក្នុងក្របខណ្ឌអង់គ្លេស នឹងធ្វើឡើងនៅវេលាម៉ោង១០:០០នាទីយប់ [ម៉ោងនៅកម្ពុជា] ថ្ងៃទី២២ ខែឧសភាទាំងអស់។
 
សម្រាប់លីគ Serie A វិញក្រុម AC Milan ត្រូវប្រជែងពិន្ទុគ្នាជាមួយម្ចាស់ការពារតំណែងជើងឯក Inter Milan រហូតដល់ជំនួបចុងក្រោយផងដែរ។ AC Milan ឈរកំពូលតារាងលីគកំពូលអ៊ីតាលីដោយរកបាន៨៣ពិន្ទុ នាំមុខ Inter Milan ចំនួន២ពិន្ទុ ក្រោយឆ្លងកាត់៣៧ប្រកួត។ ក្រុមទាំងពីរត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយបិទរដូវកាលដើម្បីដណ្តើមពាន Serie A  ដោយ AC Milan ត្រូវប៉ះជាមួយ Sassuolo ឯ Inter Milan ជួប Samdoria នៅយប់ថ្ងៃទី២២ ខែឧសភា វេលាម៉ោង ១១:០០នាទី [ម៉ោងនៅកម្ពុជា] ដូចគ្នា៕
 

Tag:
 Premier League
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com