កីឡាអន្តរជាតិ
អន្តរជាតិ
Frankfurt ឈ្នះ Rangers គ្រងជើងឯក Europa League លើកដំបូងក្នុងរយៈពេល៤២ឆ្នាំ
19, May 2022 , 9:17 am        
រូបភាព
Eintracht Frankfurt ក្លាយជាម្ចាស់ជើងឯក UEFA រដូវកាល ២០២១-២២ និងជាលើកដំបូងក្នុងរយៈពេល៤២ឆ្នាំ ក្រោយយកឈ្នះ Rangers ដោយបាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៥-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ។



ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី១៨ ខែឧសភា នាកីឡដ្ឋាន Estadio R. Sanchez Pizjuan ក្នុងប្រទេសអេស្ប៉ាញ Joe Aribo ជាអ្នករកគ្រាប់បាល់នាំមុខឱ្យក្រុម Rangers របស់ស្កុតឡែននៅនាទី៥៧ បន្ទាប់ពីបញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។
 
ខណៈការប្រកួតបានបន្តរហូតដល់នាទី៦៩ ខ្សែប្រយុទ្ធ Rafael Santos Borre បានសម្រេចទីតាមស្មើឱ្យក្រុមអាល្លឺម៉ង់ Eintracht Frankfurt វិញ។ ក្រុមទាំងពីរបានបញ្ចប់ការប្រកួត៩០នាទីក្នុងលទ្ធផល ១-១ និងត្រូវបន្តទៅម៉ោងបន្ថែម១៥នាទីពីដង។
 
ក្នុងម៉ោងបន្ថែមទាំងពីរលើក Frankfurt និង Rangers នៅតែមិនរកគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាដដែល ដោយតម្រូវឱ្យពួកគេត្រូវកាត់សេចក្តីឈ្នះចាញ់ដោយទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ។ ទីបំផុត Frankfurt បានយកឈ្នះ Rangers ដោយទល្ធផល ៥-៤។
 
នេះជាការឈ្នះពានកម្រិតទី២អឺរ៉ុបលើកដំបូងរបស់ Frankfurt ក្នុងរយៈពេល៤២ឆ្នាំ និងជាលើកទី២គិតចាប់តាំងពីពួកគេទទួលបានលើកដំបូង គ្រាដែលពាននេះនៅមានឈ្មោះ UEFA Super Cup នៅឆ្នាំ១៩៨០។
 
ដោយឡែក Rangers ដែលទទួលបានត្រឹមរងជើងឯកម្តងរួចមកហើយនៅឆ្នាំ២០០៨ បានសល់ត្រឹមខកចិត្តជាលើកទី២នៅឆ្នាំ២០២២នេះ។
 
គិតមកដល់ពេលនេះ Sevilla ជាក្រុមកាន់តំណែងឈ្នះជើងឯក Europa League ច្រើនជាងគេចំនួន៦សម័យកាល តាមពីក្រោយដោយ Inter Milan, Liverpool, Juventus និង Atlético Madrid ដែលឈ្នះ៣លើកដូចគ្នា។
 
ក្រុមដែលឈ្នះពីរលើកមាន Borussia Mönchengladbach, Tottenham Hotspur, Feyenoord, IFK Göteborg, Real Madrid, Parma, FC Porto, Chelsea និង Eintracht Frankfurt៕
 

Tag:
 Europa League
  Eintracht Frankfurt
© រក្សាសិទ្ធិដោយ thmeythmey.com