អន្តរជាតិ
លោកហ្សេលេនស្គី៖ អ៊ុយក្រែន នឹងដណ្តើមយកក្រុងដែលរុស្ស៊ីគ្រប់គ្រងត្រលប់មកវិញ
19, May 2022 , 5:09 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៨ ខែឧសភា បានលើកឡើងថា អ៊ុយក្រែន នឹងដណ្តើមយកក្រុង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រលប់មកវិញ។ កន្លងមក រុស្ស៊ីបានគ្រប់គ្រងក្រុង Mariupol,​ ក្រុង Enerhodar, ក្រុង Berdyansk, ក្រុង Melitopol និងក្រុង Kherson ។

 
បន្ទាប់ពីប្រតិបត្តិការយោធាពិសេសជិត ៣ខែ រុស្ស៊ីបានគ្រប់គ្រងទីក្រុងរបស់អ៊ុយក្រែនជាច្រើន ក្នុងនោះមានដូចជាក្រុង Mariupol, ក្រុង Enerhodar, ក្រុង Berdyansk, ក្រុង Melitopol និងក្រុង Kherson ជាដើម។ ទីក្រុងទាំងនេះ សុទ្ធតែស្ថិតនៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។ ដោយក្រុងជាច្រើន ធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាដណ្តើមយកក្រុងទាំងនោះត្រលប់មកវិញ នៅក្នុងវីដេអូ ដែលបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៨ ខែឧសភា។ 
 
«ក្រុង Mariupol, ក្រុង Enerhodar, ក្រុង Berdyansk, ក្រុង Melitopol, ក្រុង Kherson និងក្រុងផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី...គួរដឹងថា អ៊ុយក្រែននឹងត្រលប់យកទៅវិញ»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ។ យ៉ាងណាមិញ មេដឹកនាំអ៊ុយក្រែនរូបនេះ មិនបានបញ្ជាក់ពីពេលវេលា ច្បាស់លាស់ ដែលត្រូវដណ្តើមយកក្រុងទាំងនោះ ដោយលោកគ្រាន់តែអះអាងថា លក្ខខណ្ឌនៃការប្រយុទ្ធ នឹងកំណត់ពីពេលវេលាយកក្រុងទាំងនោះមកវិញ។ 
 
ទន្ទឹមនេះ លោក ហ្សេលេនស្គី បានបន្តថា រដ្ឋាភិបាលក្រុងកៀវ នឹងព្យាយាម យកក្រុងខាងលើឱ្យបានលឿនបំផុត ហើយយោធាអ៊ុយក្រែន នឹងប្តេជ្ញាបណ្តេញជនឈ្លានពាន រួមទាំងធានាសន្តិសុខអ៊ុយក្រែនឱ្យបានពិតប្រាកដ។ ប្រមុខរដ្ឋអ៊ុយក្រែន បានបន្ថែមរយៈពេលអនុវត្តច្បាប់អាជ្ញាសឹក ចំនួន ៩០ថ្ងៃទៀត ដោយបន្តរហូតដល់ថ្ងៃទី២៣ ខែសីហាខាងមុខ។ 
 
ក្នុងវីដេអូដដែល ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញពីទិន្នន័យនៃការវាយប្រហារមីស៊ីលរបស់រុស្ស៊ីផង។ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ី បានបាញ់មីស៊ីលច្រើនជាង ២ពាន់គ្រាប់ មកលើអ៊ុយក្រែន។ បើតាមលោក ហ្សេលេនស្គី មីស៊ីលភាគច្រើនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយគ្មានទទួលបានផលប្រយោជន៍ជាយុទ្ធសាស្រ្តអ្វីឡើយ។ 
 
តាមបណ្តាញសង្គមFacebook នៅថ្ងៃទី១៩ ខែឧសភា យោធាអ៊ុយក្រែន បានបង្ហាញថា ទាហានរុស្ស៊ីចំនួន​ ២៨៥០០ បានបាត់បង់ជីវិត ខណៈយន្តហោះចម្បាំង ២០៣គ្រឿង, រថក្រោះចំនួន ១២៥៤គ្រឿង, រថពាសដែកចំនួន ៣០៦៣គ្រឿង និងកាំភ្លើងធំចំនួន ៥៩៥ គ្រឿងត្រូវបានបំផ្លាញក្នុងសង្រ្គាមរយៈពេល ៨៥ថ្ងៃ។​ មកទល់ពេលនេះ ក្រសួងការពារជាតិរុស្ស៊ី មិនទាន់បញ្ចេញតួលេខថ្មី ទាក់ទិននឹងការបាត់បង់ទាហានរបស់ខ្លួនឡើយ។ នៅក្នុងខែមីនាកន្លងទៅ រុស្ស៊ីបានអះអាងថា យោធាខ្លួន បានបាត់បង់ជីវិតចំនួន ១៣៥១នាក់៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com